ភ្នំពេញៈ ប្រធាន​ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ លោក Akihiro Kato និង​កីឡាករ​ជប៉ុន​មួយ​ចំនួន​ទៀត​ដែល​កំពុង​ប្រកប​អាជីព​នៅ​លីក​កំពូល​កម្ពុជា​បាន​រួម​គ្នា​រៃអង្គាស​ថវិកា​បាន​ ៤០០០ ​ដុល្លារ​យក​ទៅ​ប្រគល់​ជូន​ដល់​ប្រពន្ធ និង​កូន​ ៤ ​នាក់​របស់​ជនរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី​ដែល​ត្រូវ​បាន​ជនជាតិ​ជប៉ុន​ ២ ​នាក់ អារក​សម្លាប់​ប្លន់​យក​ឡាន​នៅ​សៀមរាប​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ក៏​បាន​ចេញ​សារ​ចូលរួម​រំលែក​ទុក​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​ដែរ​។

ហេតុការណ៍​ដ៏រន្ធត់​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ករណី​កម្រ​លើក​ដំបូង​ដែល​ជនជាតិ​ជប៉ុន​បាន​ប្លន់ និង​អារក​សម្លាប់​អ្នករត់​តាក់ស៊ី​ដែល​ជា​ជនជាតិ​កម្ពុជា ហើយ​លោក Akihiro Kato ដែល​ជា​ជនជាតិ​ជប៉ុន​ដែរ​នោះ​មាន​ការអាណិត​ជា​ពន់ពេក​ទៅ​ដល់​គ្រួសារ​ជនរងគ្រោះ ពិសេស​កូន​ទាំង​ ៤ ​នាក់​ដែល​ត្រូវ​កំព្រា​ឪពុក និង​គ្មាន​អ្នក​ទីពឹង​ដូច​ពេល​កន្លង​មក​។

ជាមួយ​អារម្មណ៍​ដ៏ក្តុកក្កួល​លោក Akihiro Kato បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​៖ «​ខ្ញុំ​បាន​ឃើញ​ការចុះផ្សាយ​រឿង​នេះ ខ្ញុំ​ពិត​ជា​មាន​ក្ដី​រន្ធត់ និង​អាណិត​ដល់​ជនរងគ្រោះ​យ៉ាង​ខ្លាំង​ព្រោះ​គាត់​ត្រូវ​ចាកចោល​ប្រពន្ធ និង​កូន​ដល់​ទៅ​ ៤ ​នាក់​»​។

លោក Akihiro Kato បាន​ចាត់ទុក​ករណី​ប្លន់​សម្លាប់​របស់​ជនជាតិ​ជប៉ុន​ទាំង​ ២ ​នាក់​នេះ​ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន​។ លោក​បញ្ជាក់​ថា​៖ «​ប្រជាជន​កម្ពុជា​គួរ​ឲ្យ​ស្រឡាញ់ រួសរាយ​រាក់ទាក់​ហើយ​ជួយ​យក​អាសា​ខ្លាំង​ណាស់ ចំណែក​ប្រជាជន​ជប៉ុន​ក៏​មាន​បេះដូង​បរិសុទ្ធ​ដែរ ប៉ុន្តែ​នេះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ដែល​ពួកគេ​ទាំង​ ២ ​នាក់​ធ្វើ​បែប​នេះ​។ ខ្ញុំ​សូម​សម្ដែង​ការសុំ​ទោស​ជំនួស​ពួកគេ​»​។

ជាមួយ​គ្នា​នេះ​លោក Akihiro Kato ក៏​បាន​នាំយក​ថវិកា​ដែល​រៃ​គ្នា​បាន​ចំនួន​ ៤០០០ ​ដុល្លារ​ទៅ​ប្រគល់​ជូន​ដល់​ប្រពន្ធ​គ្រួសារ​ជនរងគ្រោះ​ដោយ​ផ្ទាល់​កាលពី​ម្សិលមិញ​ផង​ដែរ ហើយ​បាន​សរសេរ​បង្ហោះ​នៅលើ​ផេកហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា​៖ «​យើង​បាន​ឧបត្ថម្ភ​ថវិកា​ ៤០០០ ​ដុល្លារ​សម្រាប់​គ្រួសារ​ជនរងគ្រោះ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​មិត្តភក្តិ និង​កីឡាករ​ជប៉ុន​ជាច្រើន​ទៀត ដែល​លេង​នៅ​លីក​កំពូល​កម្ពុជា សម្រាប់​ការចូលរួម​ឧបត្ថម្ភ​ជាមួយ​គ្នា​។ ខ្ញុំ​សុំទោស​ចំពោះ​ករណី​នេះ ហើយ​ខ្ញុំ​សូម​បួងសួង​ឲ្យ​មាន​សុខសន្តិភាព​សម្រាប់​សង្គម​មួយ​នេះ​»​។

គួរ​បញ្ជាក់​ថា​អ្នករត់​តាក់ស៊ី​ដែល​ត្រូវ​បាន​ជនជាតិ​ជប៉ុន​អារក​សម្លាប់​នៅ​ក្នុង​ការករណី​ប្លន់​កាលពី​ថ្ងៃ​ទី​ ១៧ ខែ​មីនា​កន្លង​មក​នេះ​មាន​ឈ្មោះ​ថា ហ៊ឹម ចាន់ មាន​អាយុ​ប្រមាណ​ ៤០ ​ឆ្នាំ​រស់នៅ​ខេត្ត​កំពង់ធំ រីឯ​ជន​ដៃដល់​ទាំង​ ២ ​នាក់​មាន​ឈ្មោះ Sihida Reimon អាយុ​ ២៤ ​ឆ្នាំ និង Naka Kuki Ryuji អាយុ​ ២៤ ​ឆ្នាំ​ដូចគ្នា​។

ជុំវិញ​ករណី​ប្លន់​សម្លាប់​នេះ​លោក ដួង សុខា នាយក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​អំពើ​ឃាតកម្ម​គិត​ទុក​ជាមុន​»​។

កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ដែរ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សារ​ចូលរួម​រំលែក​ទុក្ខ​មួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែរ​ថា​៖ «​ខ្ញុំ​ពិតជា​ក្រៀមក្រំ​នៅពេល​បាន​ឮ​ដំណឹង​ថា អ្នកបើកបរ​រថយន្ត​ឈ្នួល​លោក ហ៊ឹម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ ២ ​រូប​សម្លាប់​កាលពី​ថ្ងៃទី​ ១៧ ខែ​មីនា ឆ្នាំ​ ២០១៩​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​ក្រុមគ្រួសារ​របស់​លោក និង​សូម​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព​»៕