ភ្នំពេញ៖ បន្ទាប់ពីការប្រកួតប្រចាំសប្តាហ៍ នៅសង្វៀនទូរទស្សន៍ភ្នំពេញ ត្រូវបានផ្អាកដោយគ្មានកាលកំណត់នោះ កីឡាករ និងគ្រូបង្វឹកមួយចំនួនធំ ដែលធ្លាប់ទទួលបានប្រាក់ទ្រទ្រង់ជីវភាព ពីការចូលរួមប្រកួតនោះ ត្រូវបង្ខំចិត្តទៅស្រុកកំណើតភាគច្រើន គឺមានកីឡាករតិចតួចណាស់ស្វែងរកការងារលក់កម្លាំងពលកម្មបាននៅភ្នំពេញ។
ជាមួយគ្នានេះ មានកីឡាករខ្លះ កម្សត់រហូតដល់គ្មានលុយហូបបាយ ស្របពេលដែលក្លិបរបស់ពួកគេ ត្រូវបានរំសាយ ឬបិទជាស្ថាពរ មិនអាចផ្ញើខ្លួនបានទៀតនោះ ព្រោះជាទូទៅក្លិបប្រដាល់នីមួយៗ ដែលមានទីតាំងហ្វឹកហាត់ប្រមូលផ្តុំកីឡាករភាគច្រើនបានជួលទីតាំងគេ ហើយកីឡាករល្បីៗភាគច្រើនមកពីខេត្ត សុំស្នាក់នៅហ្វឹកហាត់ជាបណ្តោះអាសន្ន ដើម្បីទទួលបានប្រាក់ក្រោយពីការប្រកួតរួចទើបជួយបង់សេវាតាមនោះ។
ជុំវិញបញ្ហានេះ លោក គង់ ចាន់ធីណា ប្រធានគ្រប់គ្រងក្លិបចំនួន ២ គឺមកុដរាជសីហ៍ និងក្លិបមិត្តប៉ូលិស បានសម្រេចបិទកាលពីព្រឹកថ្ងៃចន្ទ ដោយសារអត់មានការប្រកួត ហើយការហ្វឹកហាត់ត្រូវបានបញ្ចប់ដូចគ្នា ដោយឲ្យកីឡាករដោះស្រាយជីវភាព ឬរកការងារធ្វើផ្សេងៗទៅតាមលទ្ធភាព។
លោក គង់ ចាន់ធីណា បាននិយាយថា៖ «ខ្ញុំពុំមានលទ្ធភាពផ្តល់ការហូបចុកស្នាក់នៅទៀតបាន ព្រោះគ្មានប្រាក់ចំណូលពីការប្រកួតទេ ដោយសារអាហារ និងការហូបចុកទាំងនេះ កន្លងមកបានពីការជួយរបស់កីឡាករខ្លះៗ គឺកាត់ប្រហែល ៥ ភាគរយ ក្នុងការប្រកួត ១ លើករបស់កីឡាករ។ បន្ថែមពីនេះ យើងមានតម្លៃក្លិប ដោយ ១ ប្រកួតរបស់កីឡាករម្នាក់បាន ១៥ ដុល្លារ ចំណែកការប្រកួតជាលក្ខណៈអន្តរជាតិ គឺក្លិបទទួលបាន ៣០ ដុល្លារ ដែលធ្វើឲ្យការទ្រទ្រង់លើការចំណាយបានក្នុងលក្ខណៈជីវភាពសន្សំសំចៃ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែក្រោយផ្អាកការប្រកួតចំណូលទាំងនោះ ត្រូវបាត់ គឺប្រាក់ឧបត្ថម្ភគ្រូបង្វឹកក៏គ្មាន អ៊ីចឹងយើងត្រូវបង្ខំចិត្តបិទតែម្តងទៅ ដើម្បីចូលរួមកាត់បន្ថយបញ្ហាជំងឺផង។ ទោះយ៉ាងណា កីឡាករលំដាប់ជួរមុខរបស់យើងមួយចំនួន ដែលមានក្របខ័ណ្ឌជាមន្ត្រីនគរបាលរួចហើយ ឬមានមុខរបរការងារនោះ ជួបការលំបាកតិចតួចទេ ប៉ុន្តែកីឡាករណាមានកម្រិតមធ្យម ឬក្រោមមធ្យម ដែលមិនសូវល្បី គឺប្រឈមលំបាកខ្លាំងទៅនឹងជីវភាព»។
ចំណែកលោក ម៉ៃ សុភា ប្រធានក្លិបយុវច្បារអំពៅបានប្រាប់ថា៖ «ការបិទការប្រកួតនេះនាំឲ្យខ្ញុំបិទក្លិបដែរ ប៉ុន្តែវាគ្មានប៉ះពាល់អ្វីធំដុំនោះទេ ព្រោះក្លិបរបស់ខ្ញុំនេះ ក្នុង ១ សប្តាហ៍ចាប់គូបានត្រឹមម្នាក់ ឬ ២ នាក់ប៉ុណ្ណោះ ហើយប្រាក់ចំណូលសម្រាប់តម្លៃក្លិបបានត្រឹម ១៥ ទៅ ៣០ ដុល្លារ ក្នុង ១ សប្តាហ៍ គឺគ្រាន់តែទិញតែម្ហូបឲ្យកីឡាករហូបមិនគ្រាន់ផង អ៊ីចឹងអ្វីដែលសំខាន់ ខ្ញុំចង់ឲ្យមានការផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារជំងឺឆ្លងកូវីដ ១៩ ព្រោះការប្រកួត មិនដឹងថា កីឡាករណាមានផ្ទុកមេរោគនោះទេ»។
លោកបន្ថែមថា៖ «អ្វីគួរឲ្យស្តាយ គឺសម្រាប់ក្លិបធំៗ មានកីឡាករល្អៗ ប្រកួតអន្តរជាតិក្នុង ១ សប្តាហ៍ ពី ៥ នាក់ ទៅ១០ នាក់ឯនោះទេ ដែលបាត់ផលប្រយោជន៍ធំ ព្រោះពួកគាត់បានលុយពីដាក់ឈ្មោះធ្វើជាគណៈកម្មការរៀបចំប្រកួតផងបានលុយពីជាប់គូ (ផ្គូផ្គង) ផង ដែលអ្នកធំខ្លះ និងអ្នកមានខ្សែ គឺមានឈ្មោះសឹងគ្រប់សង្វៀន ក្នុង ១ សប្តាហ៍ ដោយបានខ្ទង់ពី ២០០ ដល់ ៣០០ ដុល្លារ។ ចំណែកខ្ញុំ មានកីឡាករខ្ទង់ ១០ នាក់ គឺបានរំសាយឲ្យពួកគេ ទៅរកការងារធ្វើ ឬទៅស្រុកកំណើតអស់ហើយ ដោយរំពឹងថា ស្ងប់ស្ងាត់ការឆ្លងជំងឺនេះ នឹងបានត្រឡប់មកហ្វឹកហាត់វិញ»។
ជាមួយគ្នានេះដែរ លោកស្រី សុខា អ្នកគ្រប់គ្រងកីឡាករនៅក្នុងក្លិបឃ្លាំងមឿង បាននិយាយថា៖ «ខ្ញុំជួលទីតាំងហ្វឹកហាត់ក្នុង ១ ខែជាង ២០០ ដុល្លារ ហើយការប្រកួតកន្លងមក បានឲ្យកីឡាករហូបចុកស្នាក់នៅ ទឹកភ្លើងសមល្មម ប៉ុន្តែនៅពេលគេបិទការប្រកួតអ៊ីចឹង ខ្ញុំជំរុញឲ្យពួកគេទៅរកការងារធ្វើ ព្រោះពួកគេភាគច្រើន គ្មានផ្ទះ និងជាកូនកំព្រា ហេតុនេះនៅតែបន្តរស់នៅក្នុងក្លិបជាធម្មតាសិន។ ខ្ញុំមានកីឡាករប្រហែល ១០ នាក់ ប៉ុន្តែឥឡូវពួកគេ រកបានការងារសំណង់ខ្លះ និងការងារជាពលកម្មជាជាងដំឡើងសូឡាបានខ្លះហើយ ដូច្នោះទំនងអាចបន្តការស្នាក់នៅ ជាបណ្តោះអាសន្នបាន»។
ចំណែកលោក ធន់ សុភា គ្រូបង្វឹកប្រដាល់របស់សមាគមកីឡាកងយោធពលខេមរភូមិន្ទ និយាយថា៖ «ទោះអត់មានការប្រកួត ហើយកូនសិស្សខ្ញុំខ្លះទៅស្រុក ខ្លះគ្មានលុយទៅស្រុក ខ្លះនៅហូបរួម និងស្នាក់នៅរួមក្នុងក្លិប ប៉ុន្តែមានគ្នាតិច គឺមិនអនុញ្ញាតឲ្យហាត់រួមគ្នាទេ ដោយពួកគេរត់ និងហាត់ខ្លះៗតាមរៀងៗខ្លួន ដើម្បីការពាររោគឆ្លងនេះ»។
ចំណែកក្លិបប្រដាល់ប៉ែនកាត់គុនខ្មែរ ដែលគ្រប់គ្រងមើលការខុសត្រូវ ដោយ លោក ស៊ន អេលីត នោះ បានប្រកាសរំសាយអស់ហើយ តាំងពីមានសេចក្តីជូនដំណឹងពីការផ្អាកបណ្តោះអាសន្នរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែររួចមក។ ជុំវិញរឿងនេះ លោក ស៊ន អេលីត បាននិយាយថា៖ «យើងមានលទ្ធភាពឲ្យស្នាក់នៅហូបបាន ប៉ុន្តែការប្រមូលផ្តុំ យើងខ្លាចឆ្លងពីម្នាក់ទៅម្នាក់ ហេតុនេះយើងបានប្រកាសរំសាយសិន»។
គួរបញ្ជាក់ថា សម្រាប់ជីវភាពកីឡាករ និងគ្រូបង្វឹកកីឡាប្រដាល់នេះ គឺភាគច្រើនគ្មានមុខរបរអ្វីធំដុំ ក្រៅពីប្រដាល់នោះទេ ហើយប្រាក់ចំណូលបានមក គឺត្រឹមតែបានហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។ ក្រៅពីនេះពួកគាត់រត់កង់ ៣ និងម៉ូតូឌុប ប៉ុន្តែតាមកំណត់ត្រា និងការអង្កេតជាក់ស្តែង គឺមានតែមន្ត្រីធំៗមួយចំនួនទេ ដែលមានប្រាក់ចំណូលច្រើន ដោយសារមានឈ្មោះធ្វើគណៈកម្មការប្រកួតផង និងមានឈ្មោះជាគណៈកម្មការផ្គូផ្គងច្រើននៅតាមសង្វៀនផងដែរ៕