ភ្នំពេញៈ កីឡាការិនី​ខ្មែរ-អាមេរិក ឯម សុ​វណ្ណា​រី ដែល​បាន​បាក់​ទឹកចិត្ត ក្រោយ​ចាញ់​ដោយ​សន្លប់លើកដំបូងនៅលើ​សង្វៀន ONE Championships (ONE) កាលពី​ឆ្នាំ ២០១៩ នោះ គឺ​នៅពេលនេះ​ចាប់ផ្តើម​មានការជឿជាក់​លើ​ខ្លួនឯង​ជាថ្មី ហើយ​រំពឹងថា នាង​នឹង​អាច​យកឈ្នះ​លើ​កីឡាការិនី​របស់​កូរ៉េខាងត្បូង Choi Jeong Yun សម្រាប់​ការប្រកួត ONE: UNBREAKABLE II នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី នា​រាត្រី​ថ្ងៃ​សុក្រ​នេះ។

ដោយមាន​ឱ​ពុក​ម្តាយ​ជា​ជនជាតិខ្មែរ មាន​ដើមកំណើត​នៅ​ភ្នំពេញ ឯម សុ​វណ្ណា​រី ដែល​កំពុង​រស់នៅ​ក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក គឺជា​អ្នក​ប្រយុទ្ធ​ដ៏​ស្រួចស្រាល់​ម្នាក់ និង​មានបំណង​ចង់​ក្លាយជា​អ្នក​ប្រដាល់​ស្ត្រី ដ៏​ល្បីឈ្មោះ​ម្នាក់ នៅក្នុង​ការប្រកួត​គុន​ចម្រុះ MMA នេះ ដោយ​នាង​បាន​ចូលប្រឡូក​លើ​វិថី​នេះ​បាន​រយៈពេល ៣ ឆ្នាំ​មកហើយ បន្ទាប់ពី​បាន​ឆ្លងកាត់​ការហ្វឹកហាត់​ប្រដាល់​អស់​រយៈពេល ៥ ឆ្នាំ។

សុ​វណ្ណា​រី ធ្លាប់​ប្រកួត​វាយ​ដាក់​ទ្រុង​បាន ៤ ដង ហើយ​ក្នុង​ប្រវត្តិ​នេះ កញ្ញាធ្លាប់​ប្រកួត​នៅលើ​សង្វៀន ONE បាន​ត្រឹម ២ លើក​ទេ គឺ​លើក​ទី១ សុ​វណ្ណា​រី បាន​ផ្តួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឱ្យ​សន្លប់ ក្នុង​ទឹក​ទី១ នៅ ONE: Destiny of Champions កាល​ឆ្នាំ ២០១៨ ប៉ុន្តែ​ការបង្ហាញ​ខ្លួន​លើក​ទី២ សុ​វណ្ណា​រី បាន​សន្លប់​ក្រោម​ក្បាច់​ក្លេ​របស់​កីឡាការិនី​ប្រេ​ស៊ី​ល Rayane Marques Bastos ទឹក​ទី។

ការ​សន្លប់នៅក្នុង​ព្រឹត្តិការណ៍ ONE: Mark of Greatness កាលពី​ឆ្នាំ ២០១៩ នោះ បានធ្វើឱ្យ​អ្នក​ប្រយុទ្ធ​មាន​វ័យ ២៨ ឆ្នាំ សុ​វណ្ណា​រី មាន​ការបាក់​ទឹកចិត្ត ចំពោះ​អាជីព​ប្រដាល់​គុន​ចម្រុះ​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ខាក​ខានមិនបាន​ឡើង​ប្រកួត ជាង ១ ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ជា​លក្ខណៈ​សកលលោក​នេះ បាន​ជួយ​ឱ្យ សុ​វណ្ណា​រី អាច​ជម្នះ​បាន​នូវ​ភាព​ទន់ជ្រាយ​នេះ និង​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ជាថ្មី ហើយ​សង្ឃឹមថា រូបនាង អាច​នឹង​យកឈ្នះ​លើ​កីឡាការិនី Choi Jeong Yun នៅ​យប់​នេះ​បាន។

អ្នក​ប្រដាល់បានបញ្ចប់​បរិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា ឯម សុ​វណ្ណា​រី បាន​ប្រាប់ថា៖ «ក្រោយពេល​ចាញ់​ចុងក្រោយ​នៅ ONE ខ្ញុំ​អត់​សូវ​មាន​ទំនុកចិត្ត និង​មាន​អារម្មណ៍​ច្របូកច្របល់ ចំពោះ​អាជីពប្រដាល់​គុន​ចម្រុះ​នេះ ប៉ុន្តែ​នៅក្នុង​រយៈពេល ១ ឆ្នាំ ដែល​មិនបាន​ឡើង​ប្រកួត ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ ខ្ញុំ​បាន​បង្កើន​ការ​ហ្វឹកហាត់​ខ្លាំង​ទ្វេដង និង​បាន​សម្រក​ទម្ងន់​បានល្អ អ៊ីចឹង​សម្រាប់​ការប្រកួត​លើក​នេះ ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា នឹង​ឈ្នះ ១០០ ភាគរយ​តែម្តង»។

ឯម សុ​វណ្ណា​រី ដែលមាន​បំណង​ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​របស់​កម្ពុជានាពេល​អនាគត​នោះ បាន​បន្ថែមថា៖ «ឥឡូវនេះ ខ្ញុំ​ស្គាល់​ខ្លួនឯង គឺ​ពិតជា​ស័ក្តិសម ជា​អ្នក​ប្រដាល់​ម្នាក់ ព្រោះ​ទាំង​ក្បាច់​វ៉ៃ​ឈរ និង​ក្បាច់​ក្រោម ខ្ញុំ​ល្អ​ច្រើន ដែល​អាច​វ៉ៃ​បាន​គ្រប់ទឹក​ទាំងអស់។ ខ្ញុំ​គ្មាន​ញញើត​ឬ​ខ្លាច​អ្វី​ឡើយ ហើយ​ខ្ញុំ​ចង់​ប្រកួត​តំណាង​ប្រទេស​កម្ពុជា»។

ចំណែក Choi Jeong Yun ទើបតែ​បរាជ័យក្រោម​កណ្តាប់ដៃកីឡាការិនី​ប្រេ​ស៊ី​ល Maira Mazar នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុង​ទឹក​ទី៣ កាលពី​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែ​សម្រាប់​ការប្រកួត​ក្នុងស្រុក កីឡាការិនី​របស់​កូរ៉េខាងត្បូង​រូបនេះ បាន​ប្រើ​កណ្តាប់ដៃ​ផ្តួល​មិត្ត​រួម​ជាតិ Jiyeon Lee ក្នុង​ទឹក​ទី១ ហើយ​លើក​ទី២ នាង​បាន​ប្រើ​ក្បាច់​ក្លេ បង្ខំ​ឱ្យ​មិត្ត​រួម​ជាតិ Young Joo Lee សុំ​ចុះចាញ់​ក្នុង​ទឹក​ទី១ ហេតុនេះ Choi Jeong Yun ក៏មាន​ជំនាញ​វាយ​ក្បាច់​ឈរ និង​ក្បាច់​ក្រោម (ក្លេ) ដូច ឯម សុ​វណ្ណា​រី ដែរ ដែល​មិនអាច​មើលស្រាល​បាន​នោះទេ៕