ក្រុងម៉ា្រឌីដ៖ ខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូង Lee Kang-in ស៊ុតបញ្ចូលទីមុនសំឡេងកញ្ចែចុងក្រោយបន្លឺឡើង ២ នាទី ជួយឲ្យក្រុម Valencia ឈ្នះក្រុម Real Valladolid ២-១ នៅផ្ទះខ្លួនឯង កាលពីថ្ងៃអង្គារ ដោយជ័យជម្នះនេះ ជួយក្រុមម្ចាស់ផ្ទះតាម ១ ពិន្ទុ ពីក្រោយក្រុមដែលមានសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Europa League របស់អឺរ៉ុបរដូវកាលក្រោយ។
កីឡាករ Lee វ័យ ១៩ ឆ្នាំ ធានានូវការឈ្នះជាលើកដំបូងសម្រាប់ក្រុមខ្លួន ចាប់តាំងពីលោក Albert Celades ត្រូវបណ្តេញចេញ នៅដើមខែនេះ ហើយបានជួយឲ្យក្រុមឡើងដល់លេខ ៨ នៅក្រោមក្រុម Real Sociedad ដែលឈរនៅចំណាត់ថ្នាក់បានទាត់វគ្គជម្រុះ សម្រាប់ការប្រកួតប្រចាំទ្វីប។
ការប្រកួតរបស់ក្របខ័ណ្ឌ La Liga អេស្ប៉ាញ នាសប្ដាហ៍ទី ៣៥ នេះ ឃើញថា ក្រុម Valencia បើកការនាំមុខ ១-០ នៅនាទីទី ៣០ ដោយកីឡាករ Maxi Gomez ហើយលទ្ធផលនេះ បន្តដល់ចប់វគ្គទី១។
តង់ទី២ ការប្រកួតដំណើរការបានតែ ២ នាទី កីឡាករ Victor Garcia ដែលលេងនៅតំបន់កណ្ដាល ក៏ជួយឲ្យក្រុម Valladolid ស្មើ ១-១ វិញ បន្ទាប់ពីមិត្តរួមក្រុមរបស់គេ ព្យាយាមស៊ុតពីខាងក្រៅប្រអប់គ្រោះថ្នាក់ ហើយបាល់ខ្ទាតទៅចំខ្លួន ក៏ឆក់ឱកាស ដោយការបង្វិលខ្លួនស៊ុតបញ្ចូលទីបានយ៉ាងល្អ។
ក្រោយពីបានស្មើហើយ ក្រុមភ្ញៀវ ហាក់មានឱកាសជាច្រើនលើកដែរ ក្នុងការស៊ុតបញ្ចូលទី តែគួរឲ្យស្ដាយមិនអាចគេចពីដៃអ្នកចាំទី Jaume របស់ក្រុម Valencia បានឡើយ ហើយស្របពេល ការប្រកួតដែលគ្រប់គ្នាគិតថា នឹងមានភាគរយខ្ពស់ចែកពិន្ទុគ្នា ព្រោះនៅសល់តែ ២ នាទីទៀតប៉ុណ្ណោះ សម្រាប់ម៉ោងធម្មតា ស្រាប់តែកីឡាករ Lee បានបណ្ដើរបាល់ពីស្លាបខាងស្ដាំ ហើយក៏សាកស៊ុតជើងឆ្វេងពីមុខខ្សែនៃតំបន់គ្រោះថ្នាក់ ចូលទីបានយ៉ាងស្អាត ជួយឲ្យក្រុមខ្លួនដណ្ដើមបាន ៣ ពិន្ទុដ៏សំខាន់នេះ៕ AFP/VN