ក្រុងប៊ុយការ៉េស៖ ការស៊ុតបកក្រោយយ៉ាងអស្ចារ្យរបស់ Olivier Giroud មិនត្រឹមតែបំបែកភាពរឹងមាំរបស់ក្រុម Atletico Madrid ថែមទាំងជួយឱ្យក្រុមតោខៀវ Chelsea បាននូវគ្រាប់បាល់ក្រៅទឹកដីដ៏សំខាន់ទៀតផង ក្រោយវាជាគ្រាប់បាល់ ដែលផ្ដល់ជ័យជម្នះ ១-០ សម្រាប់ក្រុមរបស់លោក Thomas Tuchel ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី២។
ការស៊ុតបាល់បែបអត្តពលិកកាយសម្ព័ន្ធរបស់ Giroud នេះ ដំបូងឡើយ ត្រូវបានបដិសេធ ដោយសារគិតថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង ស្ថិតក្នុងជំហរអកហ្សឺ តែចុងក្រោយ ក៏ផ្ដល់ឱ្យជាផ្លូវការ បន្ទាប់ពីការពិនិត្យវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) បានបង្ហាញថា Mario Hermoso របស់ Atletico ប៉ះបាល់មុន ទើបមានការស៊ុតបញ្ចូលទីជាក្រោយ។
ក្រោយការប្រកួតបញ្ចប់ទៅ Giroud និយាយថា៖ «ខ្ញុំមិនដឹងថា ត្រូវគិតពីការស៊ុតបញ្ចូលទីអ្វីនោះទេ ពោលគឺខ្ញុំត្រឹមតែផ្ដោតលើការទាត់ឱ្យចំបាល់ប៉ុណ្ណោះ។ ខ្ញុំចូលចិត្តការទាត់បកក្រោយ ហើយខ្ញុំសប្បាយចិត្ត ពេលឃើញបាល់ក្នុងសំណាញ់ទី។ ខ្ញុំមិនមានសញ្ញាដឹងថា ខ្លួនឯងអកហ្សឺ ឬអត់ទេ?»។
ក្រុមរបស់លោក Diego Simeone បង្ហាញពីទម្រង់នៃការការពារយ៉ាងល្អរហូតដល់មានគ្រាប់បាល់នោះ តែការឆក់ឱកាសដ៏វៃឆ្លាតរបស់ Giroud បានន័យថា ក្រុមលំដាប់កំពូលរបស់អេស្ប៉ាញ នឹងត្រូវតែរកគ្រាប់ឱ្យបាន ពេលប្រកួតជើងទី ២ នៅក្រុងឡុងដ៍ នាថ្ងៃទី ១៧ ខែមីនា បើមិនចង់ធ្លាក់ពីក្របខ័ណ្ឌអឺរ៉ុបយ៉ាងឆាប់ទេនោះ។
ការធ្លាក់ទម្រង់លេងដ៏គួរឱ្យបារម្ភ ក៏នៅតែមានបន្តសម្រាប់ Atletico ដែលការមានពិន្ទុនាំមុខ នៅ La Liga កំពុងរងការគំរាមកំហែងផងដែរ ក្រោយពីឈ្នះតែម្ដងគត់ ក្នុងចំណោមការប្រកួត ៤ លើកចុងក្រោយ។
គ្រូបង្វឹករបស់ក្រុម Atletico លោក Simeone ថ្លែងថា៖ «បើអ្នកនិយាយជាមួយខ្ញុំ ក្នុងខែកញ្ញា យើងបានចាញ់ ១-០ ក្នុងប្រកួតជើងទី១ ហើយឈរទីកំពូលតារាងពិន្ទុរបស់លីគ ច្បាស់ណាស់ខ្ញុំយល់ស្របជាមួយ។ លទ្ធផលនេះ មិនបានធ្វើឱ្យយើងពេញចិត្តទេ ដូច្នេះយើងត្រូវប្រឹងប្រែងប្រឹងប្រែង ប្រឹងប្រែង និងប្រឹងប្រែង»។
Chelsea ឆ្លងផុតការធ្វើតេស្តដ៏ធំបំផុត តាំងពីលោក Tuchel ត្រូវបានតែងតាំងនៅចុងខែមករា ដោយការគាំទ្រឱ្យមានដំណើរផ្លូវរឹងមាំ ដែលពួកគេមិនសូវលេចធ្លោ នៅ Premier League ជាមួយនឹងការបង្ហាញទម្រង់លេងគួរឱ្យទាក់ទាញ ទល់នឹងក្រុមដ៏ល្បី ១ របស់អឺរ៉ុប។
កីឡាករ Giroud វ័យ ៣៤ ឆ្នាំ បានបន្ថែមថា៖ «យើងដឹងច្បាស់ពីកម្លាំងរបស់ពួកគេ ហើយដឹងពីវិធីដោះស្រាយ ដើម្បីទប់ទល់ជាមួយពួកគេ»។
គ្រាប់បាល់នាទីទី៦៨ របស់ Giroud គឺគ្រាប់ទី៣ ដែល Atletico របូត ក្នុងចំណោមការប្រកួតនៅផ្ទះ ១៤ ដង ក្នុងវគ្គចាញ់ធ្លាក់នៅ Champions League ក្រោមការដឹកនាំរបស់លោក Simeone ទោះប្រកួតនេះ ត្រូវធ្វើនៅទឹកដីខ្លួនឯងត្រឹមតែឈ្មោះក៏ដោយ។
ការរឹតបន្តឹងរបស់រដ្ឋាភិបាលអេស្ប៉ាញមានន័យថា ហ្គេមនៅក្រុងម៉ាឌ្រីដ ត្រូវលើកទៅក្រុងប៊ុយការ៉េស ខណៈជើងទី២ នៅតែធ្វើក្នុងកីឡដ្ឋាន Stamford Bridge ដដែល៕ AFP/VN