ភ្នំពេញៈ ប្រភេទ​កីឡា​ចំនួន៥ ត្រូវបាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ដាក់​ឲ្យ​ប្រកួត​ប្រជែង​គ្នា ក្នុង​ព្រឹត្តិការណ៍​ថ្មី​មួយ​គឺ «ការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ​ដណ្តើម​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង» លើក​ទី ១ ឆ្នាំ ២០១៨ ហើយ​មហាផ្ទៃ ក៏​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ១ ទៀត ចុង​សប្តាហ៍​នេះ​ដែរ។

ទាក់ទង​ការប្រកួត​នេះ លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «យើង​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ ដណ្តើម​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ដែល​មាន ៥ ប្រភេទ​កីឡា​ចូលរួម ក្នុង​នោះ​មាន​កីឡា​ការ៉ាតេដូ យូដូ វ៉ូវីណាម តេក្វាន់ដូ និង​កីឡា​ហាប់គីដូ»។

តាម​លោក ប៊ុនហេង គឺ​សហព័ន្ធ​ទាំង ៥ ប្រភេទ​កីឡា​ខាងលើ ជា​អ្នករៀបចំ​ការប្រកួត​នេះ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​តាម​ប្រភេទ​កីឡា​ទាំង ៥ មក​ប្រកួត​ផ្តាច់​ព្រ័ត្រ​តាម​ជំនាញ​រៀង​ខ្លួន ត្រឹម ១ ថ្ងៃ នៅ​មជ្ឈមណ្ឌល​កីឡា​ក្រសួង​មហាផ្ទៃ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង បញ្ជាក់ថា៖ «ការរៀបចំ​ការប្រកួត​កីឡា​យុទ្ធសិល្ប៍​ចម្រុះ ក្នុង​ពេល​តែ​មួយ​នេះ ធ្វើ​ឲ្យ​យើង​ចំណេញ ពិសេស​យើង​ចាប់​ផ្តើម​ឲ្យ​ពួកគេ ធ្វើការ​ហ្វឹក​ហាត់ និង​ប្រកួត ដើម្បី​ប្រមូល​កម្លាំង​សរុប​ទាំង​អស់ ឲ្យ​ក្លាយ​ទៅ​ជា​គ្រូបង្វឹក និង​ថ្នាក់​ដឹកនាំ ពី​ព្រោះ​កីឡា​យុទ្ធ​សិល្ប៍​នេះ យើង​ត្រៀម​បង្កើត​ទៅ​ជា​សហព័ន្ធ​កីឡា​យុទ្ធ​សិល្ប៍​នគរបាល​អន្តរជាតិ នា​ពេល​ខាង​មុខ ហើយ​យើង​នឹង​បញ្ជូន​គ្រូបង្វឹក​ឲ្យ​ចុះ​ទៅ​បង្វឹក​ដល់​គ្រប់​ប៉ូលិស នៅ​តាម​ស្នងការ​រាជ​ធានី​ខេត្ត​ទាំង ២៥ ដើម្បី​ឲ្យ​កងកម្លាំង​នគរបាល​របស់​យើង​នៅ​ទូទាំង​ប្រទេស សុទ្ធ​តែ​មាន​ជំនាញ​កីឡា​ប្រយុទ្ធ និង​ស្នៀត​ការពារ​ខ្លួន»។

ជាមួយគ្នានេះ អង្គភាព​ក្រសួងមហាផ្ទៃ ក៏​នឹងត្រូវ​រៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡាវាយ​កូន​ឃ្លី​លើ​តុ ដណ្តើម​ពាន​រង្វាន់​សម្តេច ស ខេង លើក​ទី ២ ឆ្នាំ ២០១៨ មួយ​ទៀត​ផង​ដែរ ហើយ​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​សាល​ដំបូល​ទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ ពី​ថ្ងៃ​ទី ២២ និង​បញ្ចប់ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មិថុនា ខាង​មុខ​នេះ។

នៅ​ក្រោយ​បញ្ចប់​ការប្រកួត​នេះ ទាំង​អ្នក​ដណ្តើមបាន​ជយលាភី ក្នុងការ​ប្រកួត​វាយ​កូនឃ្លី​លើ​តុ​និង​អ្នក​ទទួល​បាន​ជ័យ​ជម្នះ ក្នុង​ការ​ប្រកួត​កីឡា​យុទ្ធ​សិល្ប៍​ចម្រុះ ទាំង​លើ​ប្រភេទ​កីឡា​ការ៉ាតេដូ យូដូ ហាក់គីដូ វ៉ូវីណាម និង​តេក្វាន់ដូ ត្រូវ​មក​ជួប​គ្នា​នៅ​មជ្ឈមណ្ឌល​កីឡា​ក្រសួង​មហាផ្ទៃ នា​ល្ងាច​ថ្ងៃ​អាទិត្យ​ទាំង​អស់​គ្នា ដើម្បី​បំពាក់​មេដាយ និង​យក​ប្រាក់​រង្វាន់។

បន្ថែម​លើ​នេះ ក្រុម​អត្ត​ព​លិ​ក​តំណាង​ឲ្យ​ប្រភេទ​កីឡា​ចំនួន២២ ដែល​ដណ្តើមបាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ដើម្បី​ជួយ​ឲ្យ​ក្រសួង​មហាផ្ទៃ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ តាមរយៈ​ការ​ឈ្នះ​បាន​មេដាយ​មាស ៨៣ ប្រាក់ ៤៣ និង​សំរឹទ្ធ ២៣ នោះ ក៏​នឹង​មក​ទទួល​ប្រាក់​រង្វាន់​បន្ថែម​ពី​ពី​ក្រសួង​មហាផ្ទៃ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ នោះ​ដែរ។

ទាក់ទង​នឹង​ប្រាក់រង្វាន់​ដល់​អ្នកឈ្នះ​មេដាយ​ពី​កីឡា​ជាតិ លើក​ទីនេះ លោក ជា ប៊ុនហេង បាន​ថ្លែង​ថា៖ «អ្នក​ឈ្នះ​បាន​មេដាយ ឲ្យ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ កន្លង​មក​នេះ នឹង​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​បន្ថែម​ពី​សម្តេច​ក្រឡា​ហោម ក្នុង​នោះ​អ្នក​ឈ្នះ​បាន​មេដាយ​មាស នឹង​បាន ៣០០ ដុល្លារ ប្រាក់​បាន ២០០ ដុល្លារ និង​សំរឹទ្ធ​បាន ១០០ ដុល្លារ។ ប៉ុន្តែ​ចំពោះ​អត្តពលិក មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​របស់​ក្រសួង​មហាផ្ទៃ​ស្រាប់ គឺ​យើង​សម្រេច​ប្រគល់​ជូន​ប្រាក់​រង្វាន់​បន្ថែម ដូច​គ្នា​ទៅ​នឹង​ប្រាក់​រង្វាន់​របស់​ក្រសួង​អប់រំ ដែរ គឺ​មេដាយ​មាស បាន ២០០ ដុល្លារ ប្រាក់​បាន ១៥០ ដុល្លារ និង​សំរឹទ្ធ ទទួល​បាន ១០០ ដុល្លារ»៕