ភ្នំពេញ៖ កិច្ចសន្យាឡើងប្រកួតចំនួន ៦ លើករបស់ ចាន់ រតនា ជាមួយអង្គភាពក្បាច់គុនចម្រុះ ONE Championship ត្រូវបានពន្យារពេល ដោយសារបញ្ហាកូវីដ ១៩ ដោយរូបគេប្រកួតបានត្រឹម ២ លើក និងរង់ចាំការប្រកួត ៤ លើកទៀត ដោយគ្មានកាលកំណត់។
បន្ថែមលើនេះ ចាន់ រតនា កំពុងមានកង្វល់ និងការលំបាក ដោយលោកឪពុក ចាន់ ប៊ុនធឿន ធ្លាក់ខ្លួនឈឺធ្ងន់ ហើយភរិយាជាជនជាតិបារាំង និងកូនស្រី ២ នាក់ នឹងចាកចេញទៅរស់នៅប្រទេសបារាំងវិញ នៅក្នុងអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ ២០២១ នេះ។
ចំណងដៃកូនស្រី ២ នាក់ និងភរិយារយៈពេល ១៨ ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងបែកគ្នាបណ្តោះអាសន្នសិន ខណៈដែល ចាន់ រតនា កំពុងជាប់អនុវត្តកិច្ចសន្យាប្រកួត ៤ លើកទៀតឱ្យស្ថាប័ន ONE Championship ដែលពន្យារពេលគ្មានកាលកំណត់ក្នុងអន្តរកាលអូសបន្លាយ ដោយជំងឺកូវីដ ១៩។
ចាន់ រតនា បាននិយាយថា៖ «តាមពិតកិច្ចសន្យារបស់ខ្ញុំជាមួយ ONE Championship គឺ ១ ឆ្នាំ ប្រកួតចំនួន ៦ លើក ដែលបានព្រមព្រៀងគ្នាតាំងពីមុនឆ្នាំ ២០២០ ដែលកូវីដ ១៩ ផ្ទុះឡើងទៅទៀត ក្នុងនោះខ្ញុំនៅតែហ្វឹកហាត់ត្រៀមខ្លួនប្រកួតជានិច្ច ប៉ុន្តែការពន្យារពេល ព្រោះកូវីដ គឺឆ្លងចូលដល់ឆ្នាំ ២០២១»។
កីឡាករជើងខ្លាំងរូបនេះ បានបន្ថែមថា៖ «ប្រពន្ធ និងកូនស្រីរបស់ខ្ញុំទាំង ២ នាក់ នឹងចាកចេញទៅរស់នៅប្រទេសបារាំង ជាផ្លូវការហើយ ដោយរូបខ្ញុំផ្ទាល់ ក៏នឹងទៅរស់នៅជាមួយគ្នាផងដែរ ប៉ុន្តែអាចទៅតាមក្រោយ ព្រោះជាប់កិច្ចសន្យាជាមួយ ONE ហើយខ្ញុំក៏កំពុងសិក្សាភាសាបារាំង គឺខ្ញុំចាកចេញទៅពេលដំណាច់ឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។ នេះជាគំនិតផ្តួចផ្តើមមកយូរហើយ រវាងខ្ញុំ និងភរិយា ព្រោះខ្ញុំបានចូលសញ្ជាតិបារាំងរួចហើយ ហើយក៏អាចប្រើប្រាស់ភាសាបារាំងបានហើយដែរ»។
អ្នកប្រយុទ្ធគុនចម្រុះ ចាន់ រតនា បានប្រាប់ទៀតថា៖ «ជាមួយនឹងគម្រោង ត្រូវទៅរស់នៅប្រទេសបារាំង ជាមួយគ្រួសារនេះ ខ្ញុំក៏បានប្រកាសថា នឹងស្វះស្វែងរកឱកាសបើកក្លិបប្រដាល់មួយនៅទីនោះ។ បើទោះជាត្រូវរស់នៅប្រទេសបារាំង តែសម្រាប់ការប្រកួតប្រដាល់ ONE Championship ខ្ញុំនឹងទទួលផងដែរ ហើយការប្រកួតតាមកិច្ចសន្យានោះ ខ្ញុំចាត់ទុកថា ជាកីឡាករខ្មែរ ដែលមានសកម្មភាពខ្លាំងម្នាក់ នៅលើទឹកដីបារាំង គឺតំណាងឱ្យកីឡាករសញ្ជាតិខ្មែរជាមួយកីឡាករបរទេស»។
ចាន់ រតនា ជាកីឡាករ ដែលឆ្លងកាត់ប្រភេទកីឡាប្រយុទ្ធជាច្រើន មានហាប់គីដូ យូដូ វ៉ូវីណាម ប្រដាល់គុនខ្មែរ និង MMA។ ចាន់ រតនា បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំ ហើយកំពុងសិក្សាភាសាបារាំងពីគ្រូនៅមជ្ឈមណ្ឌលភាសាបារាំងក្បែរវត្តកោះ។ រតនា បញ្ជាក់ថា៖ «ខ្ញុំរៀនភាសាបារាំង ព្រោះប្រពន្ធខ្ញុំជាជនជាតិបារាំង។ ខ្ញុំមិនធ្លាប់រៀនបារាំងពីមុនទេ ប៉ុន្តែពេលនេះ ភាសាបារាំងរបស់ខ្ញុំកាន់តែអាចប្រើការបានល្អ ហើយនៅថ្ងៃអនាគតខាងមុខខ្ញុំអាចទៅរស់នៅប្រទេសបារាំង ជាមួយគ្រួសាររបស់ខ្ញុំ»។
ចំណែកអ្នកស្រី Cindy Coupon ជាភរិយារបស់ ចាន់ រតនា បានប្រាប់ថា៖ «ខ្ញុំនឹងចេញទៅរស់នៅប្រទេសបារាំងវិញ បន្ទាប់ពីមករស់នៅស្រុកខ្មែរ អស់រយៈពេលជាង ១៨ ឆ្នាំ។ ខ្ញុំ និង ចាន់ រតនា បានគិតរួចហើយថា បើសិនជាគាត់ទៅរស់នៅប្រទេសបារាំង ក៏គាត់នៅតែអាចត្រឡប់មកប្រកួតនៅសង្វៀន ONE ជាធម្មតា ដូចមាននៅកុងត្រាអ៊ីចឹង ហើយពេលទៅដល់ទីនោះ គាត់អាចនឹងស្វែងរកទីតាំងសមស្របមួយ ដើម្បីបើកក្លិបប្រដាល់គុនខ្មែរ ឬគុនចម្រុះ តែត្រូវចំណាយពេលខ្លះ ដើម្បីសិក្សា និងពិចារណាក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរនៅបារាំងផងឱ្យបានទូលំទូលាយ»។
ភរិយារបស់ ចាន់ រតនា ដែលមានជំនាញផ្នែកទីផ្សាររូបនេះ បានប្រាប់បន្ថែមថា៖ «អាជីពរបស់ ចាន់ រតនា គឺនៅពេលគាត់ប្រកួតលែងកើត គាត់នឹងធ្វើគ្រូបង្វឹក ហើយសម្រាប់គុនខ្មែរ ឬគុនចម្រុះ អាចនឹងចាប់ផ្តើមបានទាំង ២។ បំណងនេះ ខ្ញុំ និង ចាន់ រតនា ជឿថា នឹងទទួលបានជោគជ័យ ដោយសារតែយើងជាប្តីប្រពន្ធ ស្គាល់ពីជីវភាពរបស់កីឡាករ ហើយ ចាន់ រតនា នឹងក្លាយជាគ្រូបង្វឹក ដែលអាចមានចំណូលពីការបើកក្លិបប្រដាល់កម្រិតអាជីព»៕