ក្រុងឡុងដ៍ៈ កីឡាករ Aaron Wan Bissaka បាន​ក្លាយ​ជា​ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Man Utd ក្រោយពី​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​ឥន្ទ្រី​ខៀវ Crystal Palace ក្នុង​តម្លៃ​ខ្លួន​ ៥០ ​លាន​ផោន​ស្មើ​នឹង​ជាយ​ ៦៣ ​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​។

ទោះបី​ជា​មាន​តម្លៃ​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​កីឡាករ​វ័យ​ ២១ ​ឆ្នាំ​រូប​នេះ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​ ៤៦ ​លើក​សម្រាប់​ក្លិប​ឥន្ទ្រី​ខៀវ​នេះ និង​មិន​ទាន់​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្ដង​ឡើយ​ដោយសារ​គាត់​មិន​គ្រប់​អាយុ​។

តើ​ហេតុអ្វី​បាន​ជា​ក្លិប Man Utd ហ៊ាន​ចំណាយ​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​ទិញ​កីឡាករ​រូបនេះ​មក​ចូលរួម​ជាមួយ​ពួកគេ​ក្រោយ​ពី​បាត់បង់​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League កាលពី​រដូវកាល​ទើប​តែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ ហើយ​ថា​តើ​ខ្សែការពារ​វ័យក្មេង​នេះ​មាន​ប្រវត្តិ​យ៉ាងណា​ខ្លះ​?

កីឡាករ Wan Bissaka បាន​ធំ​ដឹងក្ដី​នៅក្នុង​តំបន់​ស្ថិត​នៅ​ជុំវិញ​កីឡដ្ឋាន Selhurst Park របស់​ក្លិប Crystal មុនពេល​គាត់​បាន​ចូល​សិក្សា​នៅ​សាលា​របស់​ក្លិប​នេះ​នៅ​អាយុ​ ១១ ​ឆ្នាំ ប៉ុន្តែ​ដោយ​ចាប់ផ្ដើម​ជា​ខ្សែបម្រើ​ស្លាប​នោះ គាត់​មិន​បាន​បង្ហាញ​ថ្វីដៃ​បាន​ល្អ​ទេ​។

ជា​ការពិត​ទេពកោសល្យ​របស់​គាត់​ប្រហែល​ជា​មិន​ត្រូវ​បាន​គេ​មើលឃើញ​ល្អ​ទេ​បើសិន​គេ​មិន​បាន​ធ្វើការ​ប្រៀបធៀប​ជាមួយ​កីឡាករ​ឆ្នើម Wilfried Zaha នៅ​ក្លិប Crystal នៅក្នុង​ការហ្វឹកហាត់​នៅ​ថ្ងៃ​មួយ​នោះ​នៅពេល​គ្រូបង្វឹក​មួយចំនួន​ចាប់​អារម្មណ៍​ពី​សមត្ថភាព​របស់​គាត់​ដែល​អាច​លេង​ល្អ​ជាង​កីឡាករ​សញ្ជាតិ​កូតឌីវ័រ​រូប​នេះ​។

អតីត​គ្រូបង្វឹក​ក្លិប Crystal លោក Kevin Keen បាន​និយាយ​ថា​៖ «​ខ្ញុំ​អាច​នឹកឃើញ​អតីតកាល​នៅពេល​ឃើញ​រដូវកាល​នេះ ហើយ​គិត​ថា​គាត់​ធ្វើ​បាន​ល្អ​នៅពេល​ធ្វើ​ជា​ខ្សែ​ការពារ​ស្លាប​ស្ដាំ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​រយៈពេល​ ១ ​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​សាកល្បង​កីឡាករ Aaron ម្ដង​ទៀត​ដែល​តម្រូវ​ឲ្យ​គាត់​ប្រកួត​តទល់​នឹង​កីឡាករ Wilfried​។ នៅ​ពេល​នោះ​គឺ​កីឡាករ Wilfried មិន​អាច​រត់​កាត់មុខ​គាត់​ម្ដង​ណា​ឡើយ​»​។

ក្នុង​ការប្រកួត​ចំនួន​ ៣ ​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ Premier League កីឡាករ Aaron បាន​ប្រឈម​មុខ​នឹង​កីឡាករ Christian Eriksen, Marcus Rashford, Alexis Sanchez និង Eden Hazard ហើយ​បាន​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ខណៈ​ក្លិប Crystal បាន​ធ្វើឲ្យ​ក្រុម Tottenham, Man Utd និង Chelsea យក​ឈ្នះ​ពួកគេ​ទាំង​លំបាក​។

កាលពី​រដូវកាល​មុន​កីឡាករ​រូបនេះ​បាន​បង្កើត​ស្នាដៃ​អស្ចារ្យ​ក្នុង​នាម​ជា​ខ្សែការពារ​ដ៏ល្អ​បំផុត​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ដោយសារ​គាត់​រត់លឿន កម្លាំង​ខ្លាំង និង​រហ័ស​ដែល​ធ្វើឲ្យ​ក្លិប​សំខាន់ៗ​មួយ​ចំនួន​ចាប់អារម្មណ៍​ចំពោះ​គាត់​។

កីឡាករ Aaron ទទួល​បាន​ងារ​ជា​ «​សត្វ​ពីងពាង​» ដោយសារ​តែ​គាត់​មិន​ងាយ​នឹង​ឲ្យ​បាល់​របេះ​ចេញ​ពី​ជើង​របស់​គាត់​បាន​ឡើយ​។

កីឡាករ Aaron Wan Bissaka បាន​បង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ជា​អន្តរជាតិ​សម្រាប់​ក្រុម​ជម្រើសជាតិ​យុវជន​កុងហ្គោ​ក្រោម​អាយុ​ ១៧ ​ឆ្នាំ​ដោយ​បាន​ឈ្នះ​ជម្រើសជាតិ​អង់គ្លេស​ ៨-០ ហើយ​គាត់​នៅ​តែ​អាច​មាន​សិទ្ធិ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ​ដដែរ​៕ SN