ភ្នំពេញ៖ សហ​ព័ន្ធកីឡា​បាល់​ទាត់​អាស៊ាន​ (AFF) បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​រយៈ​ពេល​៥​ឆ្នាំ​ជា​មួយ​សមា​គម​បាល់​ទាត់​ប្រទេស​កាតា​ (QFA) មូល​និធិ​ Aspire Zone Foundation ​(AZF) និង​មជ្ឈ​មណ្ឌល​សន្តិសុខ​កីឡាអន្តរជាតិ​ (ICSS) នៅ​ថ្ងៃ​នេះ​។​

កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​នឹង​បើក​ផ្លូវ​សម្រាប់ក្រុម​​ហត្ថ​លេខី ​ធ្វើ​កិច្ច​សហ​ការ​ជា​យុទ្ធ​សាស្ត្រ​ ក្នុង​វិស័យ​មួយ​ចំនួន ​រួម​ទាំង​វិស័យ​គ្រប់​គ្រង​ ការ​ប្រកួត​ប្រជែង​ បច្ចេក​ទេស​ វិទ្យា​សាស្ត្រ​កីឡា និង​វេជ្ជ​សាស្ត្រ​កីឡា​ផង​ដែរ​។​​

មូល​និធិ AZF រួម​មាន​សាលា​ Aspire Academy និង​មន្ទីរ​ពេទ្យកីឡា​ Aspetar Orthopaedic and Sports Medicine Hospital ចំណែក​មជ្ឈ​មណ្ឌល​ ICSS ជា​អ្នក​ផ្ដល់​ដំបូន្មាន​ជា​យុទ្ធ​សាស្ត្រ​គ្រប់​វិស័យ​នៃ​កីឡា​ និង​សុវត្ថិ​ភាព ​និង​សន្តិ​សុខ​ទី​លាន​​ ហើយ​ទាំង​មូល​និធិ AZF និង​មជ្ឈ​មណ្ឌល​ ICSS គឺ​ជា​អង្គការ​ស្ថិត​នៅ​ប្រទេស​កាតា​។​​

ពិធី​ចុះ​ហត្ថ​លេខា​នៅថ្ងៃ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្ត​មានលោក​ឧត្តម​សេនីយ៍​ទោ​ ខៀវ សាម៉េត​ ប្រធាន​សហ​ព័ន្ធ AFF លោក Saoud Abdul Aziz Al-Mohannadi ជា​សមាជិក​ក្រុម​ប្រឹក្សា​ FIFA និង​ជា​អនុ​ប្រធាន​ជាន់​ខ្ពស់​សមា​គម​ AFC លោក ​ Mariano V. Araneta Jr. ជា​សមាជិក​ក្រុម​ប្រឹក្សា​ FIFA លោក Dato’ Sri Francisco Kalbuadi Lay ជា​អនុ​ប្រធាន​សហ​ព័ន្ធ AFF លោក Viphet Sihachakr ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ AFF លោក Winston Lee ជា​អគ្គ​លេខាធិការ​សហ​ព័ន្ធ AFF និង​លោក Mansoor Mohammed Al-Ansari ជា​អគ្គ​លេខាធិការ​សមា​គម​ Qatar FA។

កិច្ច​ព្រម​ព្រៀង​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហ​ព័ន្ធ​កីឡាបាល់​ទាត់​អាស៊ាន ក្រោយ​ពី​មាន​ការជាប់​ឆ្នោត​របស់​លោកឧត្ដម​សេនីយ៍​ទោ​ ខៀវ ​សាម៉េត ​ជា​ប្រធាន​សហ​ព័ន្ធ​ កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៩នេះ ​ដើម្បី​​បន្ត​អភិវឌ្ឍ​ និង​លើក​ស្ទួយ​វិស័យ​កីឡា​អាស៊ាន​ថែម​ទៀត​។​

លោក ខៀវ​ សាម៉េត ​បាន​ថ្លែហ​នៅថ្ងៃ​នេះ​ថា៖ «​វិស័យ​​បាល់​ទាត់​កំពុង​មាន​ការ​វិវឌ្ឍ​យ៉ាង​លឿន​ ហើយ​វា​សំខាន់​ណាស់ ​ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ផ្លាស់​ប្តូរ ​ដើម្បី​រក្សា​ទំនាក់​ទំនង​ ​និង​ទទួលបានជោគជ័យ។ ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​នេះ​ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ AFF និង សមាគមជា​សមាជិកទាំងអស់ ដើម្បីបង្កើនការប្រកួតរបស់ខ្លួន​ឲ្យ​​កាន់​តែ​ខ្ពស់ជាងមុន»​។

លោកឧត្ដម​សេនីយ៍​ បាន​មាន​ប្រសាសន៍​ថា​ AFF​ បាន​ប្តេជ្ញា​ចិត្ត​ជួយ​សមា​គម​ជា​សមា​ជិក​របស់​ខ្លួន ​ក្នុង​ការ​ពន្លឿន​វឌ្ឍន​ភាព ​និង​ការ​អភិ​វឌ្ឍ​របស់​ខ្លួន​ ហើយ​ភាព​ជា​ដៃ​គូបែប​នេះ​ នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​រីក​ចម្រើន​នេះ​ ហើយកិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ផ្តល់​ឲ្យ​សមា​ជិក​របស់​យើង ​ទទួល​បាន​ជំនាញ​ និងចំណេះដឹងពី​ដៃគូថ្មី​របស់​យើង​។

លោក​បាន​បន្ថែម​ថា៖ «​យើង​នឹង​រៀប​ចំផែ​ន​ការ​ការ​ងារ​ប្រចាំ​ឆ្នាំ ជា​មួយ​សមា​គម​ QFA មូល​និធិ​ AZF និង​មជ្ឈ​មណ្ឌល​ ICSS ដើម្បីធ្វើ​ប្រតិ​បត្តិ​ការ ​និង​បង្កើន​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​នេះ។ យើង​កំពុង​ទន្ទឹង​រង់​​ចាំ​កិច្ច​​សហ​ការ​នេះ​ និង​​ជឿ​ជាក់​ថា ​សមា​ជិក​របស់​យើង​នឹង​ទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះ»៕​ SN