ក្រុងឡុងដ៍៖ លោក Pep Guardiola បាននិយាយថា វីរភាពរបស់ខ្សែប្រយុទ្ធ Sergio Aguero បានកើនឡើងម្ដងទៀតបន្ទាប់ពីក្លាយជាកីឡាករបរទេសរកបានគ្រាប់បាល់ច្រើនជាងគេនៅក្របខ័ណ្ឌ Premier League ជាមួយការរកបាន ៣ គ្រាប់ ខណៈក្រុម Man City បានផ្ដួលក្រុម Aston Villa ចាស់ដៃ ៦-១ ពីថ្ងៃអាទិត្យ។
វាប្រហែលជាយឺតបន្តិចក្នុងការសង្គ្រោះការការពារតំណែងជើងឯក Premier League របស់ក្រុម Man City ដោយសារពួកគេនៅបន្តតាមពីក្រោយ ១៤ ពិន្ទុ នៃក្រុម Liverpool ដែលឈរកំពូលតារាង និងនៅសល់ ១ ប្រកួតក្នុងដៃទៀត ប៉ុន្តែតាមរយៈកីឡាករ Aguero ក្លិបម្ចាស់ជើងឯកមួយនេះបានវ៉ាក្រុម Leicester ឡើងទៅឈរនៅលេខ ២ ដើម្បីបង្ហាញថា ពួកគេនឹងមិនបោះបង់ការដេញតាមពីក្រោយនេះទេ។
កីឡាករ Aguero បានបំបែកកំណត់ត្រារបស់កីឡាករ Thierry Henry ជាកីឡាករអន្តរជាតិដែលរកបានគ្រាប់ច្រើនជាងគេនៅក្របខ័ណ្ឌ Premier League រហូតដល់ចំនួន ១៧៧ គ្រាប់ និងបានឈ្នះកំណត់ត្រាប្រកួតលីករបស់កីឡាករ Alan Shearer ចំពោះការរកបាន ៣ គ្រាប់ ជាលើកទី ១២ របស់ខ្លួនតាំងពីចូលរួមនៅក្នុងក្រុម Man City ក្រោយពីចេញពីក្រុម Atletico Madrid នៅឆ្នាំ ២០១១។
លោក Guardiola គ្រូបង្វឹកក្លិប Man City បាននិយាយថា៖ «គាត់ជាវីរបុរសម្នាក់ដែលបានរះឡើងនៅយប់នេះព្រោះគាត់ជាកីឡាករម្នាក់ដ៏អស្ចារ្យបំផុតដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងលីកនេះទាល់តែសោះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ការរកបានគ្រាប់បាល់ជាច្រើន និងរកបាន ៣ គ្រាប់នេះ មានន័យថា អ្នកបានសម្រេចជាច្រើនឆ្នាំនូវរឿងល្អជាច្រើន»។
គ្រូបង្វឹកដដែលនេះបានបន្តថា៖ «អ្នកត្រូវតែធ្វើបែបនេះជាច្រើនឆ្នាំទៀត ដើម្បីឲ្យសមនឹងវីរភាពដ៏អស្ចារ្យរបស់អ្នក»។
ក្រុម Villa អាចជាគូប្រជែងរបស់ក្រុម Man City នៅក្នុងកីឡដ្ឋាន Wembley នៅថ្ងៃទី ១ ខែមីនា ខណៈដែលពួកគេប្រកួតស្មើក្រុម Leicester ១-១ នៅជើងដំបូងនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃពុធ ប៉ុន្តែតាមរយៈភ័ស្តុតាងនេះ ពួកគេនឹងអាចគ្មានអំណាចនឹងបញ្ឈប់ក្រុម Man City មិនឲ្យលើកពានរង្វាន់នេះជាលើកទី ៣ ជាប់ៗគ្នាបាននោះឡើយ។
ក្រុមម្ចាស់ផ្ទះ Villa គ្មានវត្តមានខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ និងអ្នកចាំទីជម្រើសទី ១ នោះទេ ក្រោយពីកីឡាករ Wesley និងកីឡាករ Tom Heaton មានបញ្ហាសម្រាប់រយៈពេលចុងក្រោយនៃរដូវកាលនេះ។
លោក Dean Smith គ្រូបង្វឹកក្លិប Aston Villa បាននិយាយថា៖ «វាជាបទពិសោធមិនល្អមួយសម្រាប់យើង ហើយយើងរងភាពអាម៉ាស់ដោយសារតែការធ្វើឲ្យរបូតគ្រាប់បាល់ជាច្រើននៅថ្ងៃនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងបានប្រឈមមុខនឹងក្រុមកម្រិតកំពូលមួយនៅក្នុងលីកនេះ ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្នាក់កំពូលមួយរូបផងដែរជាហេតុធ្វើឲ្យយើងឃើញលទ្ធផលជាក់ស្ដែងនៅថ្ងៃនេះ»៕ AFP/SN