អូស្ត្រាលីៈ ក្រុម​ប្រធាន​កីឡា​ប្រដាល់​របស់ AIBA បាន​រិះគន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​នៅ​ដើម​សប្ដាហ៍​នេះ ចំពោះ​ការ​គំរាម​មិន​ឲ្យ​ប្រភេទ​កីឡា​នេះ​ចូលរួម​ប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ដោយ​អះអាង​ថា​ពួកគេ​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រសិន​បើ​គេ​មិន​អនុញ្ញាត​ឲ្យ​កីឡា​នេះ​ចូល​លេង​ក្នុង​ការប្រកួត​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​មែន​នោះ​។

គណៈកម្មាធិការ IOC បាន​បង្អាក់​ដំណើរការ​ប្រកួត​កីឡា​នេះ​ក្នុង​ការប្រកួត​អូឡាំពិក​នៅ​ឆ្នាំ​ក្រោយ​ ខណៈ​គណៈកម្មាធិការ​នេះ​កំពុង​ស្វែងរក​ភ័ស្តុតាង ដែល​ថា​សហព័ន្ធ​ប្រដាល់​អន្តរជាតិ (AIBA) បាន​ធ្វើអ្វីៗ​ដើម្បី​ដោះស្រាយ​ការចោទប្រកាន់​ថា បាន​រៀបចំ​លទ្ធផល​ប្រកួត​ទុក​ជា​មុន​នៅក្នុង​ការប្រកួត​អូឡាំពិក​ក្រុង​រីយោ​ឆ្នាំ​ ២០១៦ ​ប្រទេស​ប្រេស៊ីល​។

គណៈកម្មាធិការ IOC បាន​ទុក​ពេល​ឲ្យ​សហព័ន្ធ​ប្រដាល់​ដោះស្រាយ​បញ្ហា​នេះ​រហូត​ដល់​ថ្ងៃទី​ ២២ ខែ​ឧសភា​មុន​ពេល​ពួកគេ​នឹង​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រភេទ​កីឡា​នេះ​ចូលរួម​នៅក្នុង​ការប្រកួត​អូឡាំពិក​នៅ​ឆ្នាំ​ក្រោយ​នេះ​។

សហព័ន្ធ AIBA បាន​ប្រាប់ AFP ថា ពួកគេ​នឹង​ «​ការពារ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​» ក្នុង​ការរៀបចំ​ប្រដាល់​នេះ​នៅ​ទីក្រុង​តូក្យូ ហើយ​ពួកគេ​នឹង «​ពិនិត្យ​មើល​ឡើងវិញ​នូវ​គ្រប់​ជម្រើស​របស់ខ្លួន​ទាំងអស់​ឲ្យ​តែ​គណៈកម្មាធិការ IOC បាន​បំពាន​ធម្មនុញ្ញ​អូឡាំពិក​»​។

គណៈកម្មាធិការ​ប្រតិបត្តិ AIBA នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃទី​​ ១៨ ខែ​ឧសភា​ក្នុង​ទីក្រុង Lausanne ប្រទេស​ស្វ៊ីស​ដើម្បី​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន ខណៈ​លោក Tom Virgets ប្រធាន​ប្រតិបត្តិ AIBA បាន​ទទូច​ឲ្យ​ពួកគេ​បំពេញ​តាម​សេចក្ដី​ត្រូវការ​របស់​គណៈកម្មាធិការ IOC​។

លោក​បាន​ប្រាប់ AFP ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហព័ន្ធ​កីឡា​នៅ​ប្រទេស​អូស្ត្រាលី​ថា​៖ «​យើង​ជឿ​ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ថា យើង​បាន​ធ្វើអ្វី​គ្រប់យ៉ាង​តាម​ការស្នើសុំ​របស់​គណៈកម្មាធិការ IOC»​។

ជាមួយ​គ្នា​នេះ​ជប៉ុន​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ចាប់ផ្តើម​លក់​សំបុត្រ សម្រាប់​អ្នក​ចង់​ចូលរួម​ទស្សនា​ការប្រកួត​អូឡាំពិក​ឆ្នាំ​ ២០២០ នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប្រជាពលរដ្ឋ​អាច​ចូល​ទស្សនា​កីឡា​ ៣៣ ​ប្រភេទ​តាម​ជម្រើស​របស់​ខ្លួន​នៅក្នុង​តម្លៃ​ចាប់ពី​ ២៥០០ ​យ៉េន (២៣ ​ដុល្លារ​អាមេរិក​) រហូត​ដល់​តម្លៃ​ថ្លៃ​បំផុត​ ៣០ ​ម៉ឺន​យ៉េន​ស្មើ​ ២ ៧៣០ ​ដុល្លារ​អាមេរិក​។

ប៉ុន្តែ​សំបុត្រ​ពាក់កណ្ដាល​នឹង​មាន​តម្លៃ​ ៨ ​ពាន់​យ៉េន​ ឬ​ថោក​ជាង​នេះ ហើយ​សំបុត្រ​ពិសេស​តម្លៃ​ ២០២០ ​យ៉េន​គឺ​សម្រាប់តែ​ប្រជាពលរដ្ឋ​រស់នៅ​ជប៉ុន​ដែល​មាន​កូន ប្រជាពលរដ្ឋ​ជាន់ខ្ពស់ និង​ប្រជាពលរដ្ឋ​ពិការភាព​។

លោក Yuko Hayakawa មន្ត្រី​ទីផ្សារ​ជាន់​ខ្ពស់​បាន​ប្រាប់ AFP ថា​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គឺ​ថ្លៃ​ដូច​កាល​ប្រកួត​នៅ​ទីក្រុង​ឡុងដ៍​ឆ្នាំ​ ២០១២ ប៉ុន្តែ​ថ្លៃ​ជាង​កាល​ប្រកួត​នៅ​ទីក្រុង រីយោ ឆ្នាំ​ ២០១៦​។

ការប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា ដល់​ថ្ងៃទី​ ៩ ខែ​សីហា​ឆ្នាំ​ ២០២០៕ SN