ប្រព័ន្ធផ្សព្វផ្សាយ PORTbile បានបង្ហោះការស្ទង់មតិអ្នកអានដែលសុំឲ្យពួកគេជួយបោះឆ្នោតអ្នកចាំទីចំនួន ៤ នាក់គឺ Alisson Becker, David de Gea, Jan Oblak និង Ederson។
ក្នុងការបោះឆ្នោតស្ទង់មតិនេះអ្នកចាំទីប្រេស៊ីល Alisson អាយុ ២៦ ឆ្នាំលេងនៅក្លិបហង្សក្រហម Liverpool ទទួលបានសំឡេងគាំទ្រច្រើនជាងគេរហូតដល់ចំនួន ៥០ ភាគរយ។
បន្ទាប់មកគឺអ្នកចាំសញ្ជាតិអេស្ប៉ាញ De Gea លេងនៅក្លិបបិសាចក្រហម Man Untd ទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយសំឡេងគាំទ្រចំនួន ២០ ភាគរយ។
ចំណែកអ្នកចាំទីសញ្ជាតិស្លូវេនី Jan Oblak លេងនៅក្លិប Atletico Madrid ទទួលបានសំឡេងគាំទ្រ ១៧ ភាគរយ និងបានចំណាត់ថ្នាក់លេខ ៣។
រីឯអ្នកចាំទីជាប់លេខ ៤ ក្នុងពិភពលោកនោះគឺបានទៅលើកីឡាករប្រេស៊ីល Ederson អាយុ ២៤ ឆ្នាំជាមួយសំឡេងគាំទ្រចំនួន ១២ ភាគរយ។
តារាបាល់ទាត់នៅក្លិបហង្សក្រហម Alisson នេះមានរដូវកាលគួរឲ្យអស្ចារ្យដែលបានឃើញគាត់ទទួលបានពានរង្វាន់ស្រោមដៃមាសនៅក្របខ័ណ្ឌ Premier League និងនៅក្នុងក្របខ័ណ្ឌ Champions League ផងដែរ។
អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានរក្សាទម្រង់លេងល្អជាងអ្នកចាំទីផ្សេងៗទៀតនៅក្នុងក្របខ័ណ្ឌ Premier League ពោលគឺល្អជាងកីឡាករសញ្ជាតិអេស្ប៉ាញ Pepe Reina ជាអតីតអ្នកចាំទីនៅក្លិប Liverpool នៅឆ្នាំ ២០០៦។
កីឡាករ Alisson ដែលបានចាកចេញពីក្លិប Roma កាលពីរដូវក្ដៅឆ្នាំមុនសម្រាប់តម្លៃខ្លួនដំបូង ៥៦ លានផោននោះក៏បានជាម្ចាស់ជើងឯកជាមួយក្លិប Liverpool ផងដែរ ខណៈពួកគេបានឈ្នះក្លិប Spurs នៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងក្របខ័ណ្ឌ Champions League។
ហើយកីឡាករប្រេស៊ីលរូបនេះបានបន្តទម្រង់លេងល្អរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍ Copa America នៅរដូវក្ដៅនេះថែមទៀត។
សូមរំលឹកថាក្រុមជម្រើសជាតិប្រេស៊ីលបានឈ្នះក្រុមជម្រើសជាតិប៉េរូ ៣-១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ Copa America ដែលទើបបញ្ចប់ទៅថ្មីៗនេះ ហើយកីឡាករ Alisson បានទទួលពានរង្វាន់ស្រោមដៃមាសនៅក្នុងព្រឹត្តិការណ៍នេះ។
អ្វីដែលសំខាន់បំផុតនោះគឺថា កីឡាករ Alisson បានក្លាយជាអ្នកចាំទីដំបូងគេ ជាប្រវត្តិសាស្ត្រដែលទទួលបានពានរង្វាន់ស្រោមដៃមាសចំនួន ៣ ក្នុងរដូវកាលតែ ១ ប៉ុណ្ណោះ។
ជោគជ័យ និងទម្រង់លេងដ៏អស្ចារ្យរបស់ Alisson ពិតជាធ្វើឲ្យគាត់លំបាកក្នុងការមិនអាចទទួលបានពាន Ballon d''Or (ស្បែកជើងមាស) និងក្លាយជាអ្នកចាំទី ២ ជាប្រវត្តិសាស្ត្រដែលទទួលបានពានរង្វាន់នេះបន្ទាប់ពីអ្នកចាំ Lev Yashin ដែលជាវីរបុរសរបស់ជម្រើសជាតិរុស្ស៊ីនៅឆ្នាំ ១៩៦៣។
ប៉ុន្តែអ្នកចាំទីក្លិប Liverpool រូបនេះបាននិយាយសម្រាលពីឱកាសរបស់គាត់ប្រៀបធៀបនឹងកីឡាករល្បីៗដូចជា Virgil van Dijk និង Lionel Messi ជាដើម។
Alisson បញ្ជាក់ថា៖ «ខ្ញុំគ្រាន់តែដាក់កម្រិតខ្លួនឯងឲ្យបំពេញការងារតាមតួនាទីរបស់ខ្លួនប៉ុណ្ណោះ។ មានកីឡាករល្អជាច្រើនដែលប្រាថ្នាចង់បានពានរង្វាន់នោះ ហើយខ្ញុំគ្រាន់តែជាអ្នកចាំទីម្នាក់ប៉ុណ្ណោះ»៕ SN