ក្រុង​លី​វើ​ភូល: អ្នក​ចាំ​ទី Alisson Becker ត្រូវ​បាន​ចាត់​ទុក​ថា «ជា​អ្នក​សង្គ្រោះ​ជីវិត» ដោយ​​អ្នក​ចាត់​ការ​ទូទៅ​នៃក្រុម Liverpool លោក Jurgen Klopp សម្រាប់​ការ​សង្គ្រោះ​បាល់​នៅ​​នាទី​ចុងក្រោយ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​យកឈ្នះ​លើ Napoli ១-០ នា​កីឡដ្ឋាន Anfield និង​ឈាន​ទៅ​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាល​ពីថ្ងៃ​អង្គារ​។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah បាន​ជួយ​ឲ្យ​ក្រុម​​ម្ចាស់​ផ្ទះ​​មាន​គ្រាប់​បាល់​នាំមុខ​មុន​នៅ​​រយៈពេល​១១​នាទី​ចុងក្រោយ​នៅ​មុន​ពេល​បញ្ចប់​តង់​ទី​១ ប៉ុន្តែ Liverpool ស្ទើរ​តែ​បាន​​ជួប​ការ​ខក​ចិត្ត​ទៅ​ហើយ សម្រាប់​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ជា​​ច្រើន​ក្នុង​តង់​ទី​២​។

Alisson កម្រ​មាន​ភាព​មមា​ញឹក​ណាស់​នៅ​ពី​មុខ​​ទី រហូត​​ទាល់​តែ​អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ ត្រូវ​តែ​លោត​សង្គ្រោះ​បាល់​​យ៉ាងល្អ​ពី​ការ​ស៊ុត​របស់​កីឡាករ Arkadiusz Milik នៅ​​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​តប​ស្នង​ទៅលើ​តម្លៃខ្លួន​៧៦​លាន​ផោន (ស្មើ​នឹង​៨៥​លាន​ដុល្លារ​អាមេរិក) ដែល​ Liverpool បាន​ចំណាយ​ទិញ​រូប​គេ​ពីក្លិប Roma កាលពី​ខែ​កក្កដា​។

លោក Klopp បាន​និយាយ​បែប​កំ​ប្លែង​ថា៖ «ប្រសិន​បើ​ខ្ញុំ​បាន​ដឹង​ថា Alisson មាន​កម្រិត​ល្អ​បែប​នេះ ខ្ញុំ​នឹង​ចំណាយ​លើ​តម្លៃខ្លួន​គុណ​នឹង​២​ដង​។ គ្រាប់​បាល់​ដែល Mo បាន​ស៊ុត​បញ្ចូល​ទី គឺ​ជា​គ្រាប់​បាល់​ដ៏ល្អ​មួយ​ ហើយ​ការ​សង្គ្រោះ​បាល់​ដែល Ali បាន​ធ្វើ ក៏​អស្ចារ្យ​ផងដែរ​។ វា​ជា​ការ​សង្គ្រោះ​ជីវិត​មួយ​នៅ​រាត្រីនេះ​»​៕ IS

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​​អេ​​ហ្ស៊ីប Mohamed Salah (ស្តាំ) របស់ Liverpool ដណ្តើម​បាល់​ជា​មួយនឹង​ខ្សែ​ការ​ពារ Mario Rui របស់ Napoli​។ AFP