ភ្នំពេញៈ ការរត់​ប្រណាំង​កម្រិត​អាជីព​ដោយ​ចំណាយពេល​រត់​មិន​ឈប់​រយៈពេល​ជាង​ ២០ ​ម៉ោង​ក្នុង​ចម្ងាយ​ផ្លូវ​ ១២៨ ​គីឡូម៉ែត្រ​ដែល​ជា​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះ​គឺ​ព្រឹត្តិការណ៍ Angkor Ultra Trail លើក​ទី​ ៤ ឆ្នាំ​ ២០១៩ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅលើ​ទឹកដី​ខេត្ត​សៀមរាប​នា​ថ្ងៃទី​ ១៩ និង​ថ្ងៃទី​ ២០ ខែ​មករា គឺ​គិត​ត្រឹម​សប្តាហ៍​នេះ​មាន​អត្តពលិក​បាន​ចុះ​ឈ្មោះ​ចំនួន​ ១៥០០ ​នាក់​ហើយ​ដោយ​មកពី​ ៤៨ ​ប្រទេស​។

លោក វ៉ាត់ ចំរើន គណៈកម្មការ​រៀបចំ​ការប្រកួត និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា​៖ «​គិត​ត្រឹម​ពេល​នេះ​មាន​អត្តពលិក​មក​ចុះ​ឈ្មោះ​ចូលរួម​បាន​ជាង​ ១៥០០ ​នាក់​ហើយ​មកពី​ ៤៨ ​ប្រទេស​នៅ​លើ​ពិភពលោក​ ខណៈ​ការប្រកួត​លើក​ដំបូង​មាន​អ្នកចូលរួម​ត្រឹម​ ១៥០ នាក់​និង​ឆ្នាំ​បន្ទាប់​មាន​ចំនួន​ ៧០០ ​ប៉ុណ្ណោះ​»​​។

លោក វ៉ាត់ ចំរើន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ផង​នោះ​បាន​បន្ថែម​ថា​ Angkor Ultra Trail ជា​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​មួយ​ដ៏ធំ​ប្រចាំ​ឆ្នាំ​ដែល​នៅ​ឆ្នាំ​ ២០១៩ ​នេះ​ទទួល​បាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ទេសចរណ៍​ឈ្មោះ Phoenix Voyages និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ទេសចរណ៍ ហើយ​ការប្រកួត​សម្រាប់​ឆ្នាំ​ទី​ ៤ ​នេះ​បើ​តាម​មន្ត្រី​គណៈកម្មការ​រៀបចំ​បាន​សង្កេត​ឃើញ​ថា​អ្នករត់​អាជីព​នៅ​លើ​ពិភពលោក​បាន​មក​ចុះឈ្មោះ​ច្រើន ពិសេស​វិញ្ញាសា​ ១២៨ ​គីឡូម៉ែត្រ​។

គួរ​បញ្ជាក់​ថា​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail នេះ​នឹង​មាន​ការប្រកួត​ទាំងអស់​ចំនួន​ ៤ ​វិញ្ញាសា​គឺ​រត់​ចម្ងាយ​ ១២៨ ​គីឡូម៉ែត្រ​, ៦៤ ​គីឡូម៉ែត្រ​, ៣២ គីឡូម៉ែត្រ និង​ចម្ងាយ​ ១៦ ​គីឡូម៉ែត្រ​គឺ​អ្នករត់​សឹង​តែ​ ១០០ ​ភាគរយ​ជា​អ្នក​រត់​មាន​បទពិសោធ និង​អាជីព​តែ​ម្តង​ហើយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ព្រលឹម​ម៉ោង​ ៥ ថ្ងៃទី​ ១៩ និង​បញ្ចាប់​នៅ​ល្ងាច​ថ្ងៃទី​ ២០ ខែ​មករា នៅ​មុខ​ប្រាសាទ​ទី​លាន​ជល់​ដំរី​ទឹកដី​ខេត្ត​សៀមរាប ព្រោះ​ការរត់​ចម្ងាយ​ឆ្ងាយ​ ១២៨ ​គីឡូម៉ែត្រ​នេះ​កាលពី​ឆ្នាំ​​ ២០១៨ បាន​ចំណាយពេល​ជាង​ ២៣ ​ម៉ោង​។

លោក សែម ផល្លា នាយក​រៀបចំ​ការចុះឈ្មោះ និង​សម្របសម្រួល​ក្នុង​ព្រឹតិ្តការណ៍​ម៉ារ៉ាតុង Angkor Ultra Trail ប្រចាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អ្នក​ជំនាញ​ផង​បាន​រៀបរាប់​ប្រាប់​ថា​៖ «​ក្នុង​ចំណោម​ប្រទេស​ជាង ២០០ ក្នុង​ពិភពលោក​គឺ​មាន​តែ​ប្រទេស​ជាង​ ២០ ប៉ុណ្ណោះ​ដែល​មាន​សក្តានុពល​ទេសចរណ៍ និង​ភូមិសាស្ត្រ​ល្អ​ខ្លាំង​មាន​ឱកាស​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ធំ​បែប​នេះ​បាន​ក្នុង​នោះ​ក៏​មាន​កម្ពុជា​មួយ​ដែល​បាន​រៀបចំ​ត្រឹម​រយៈពេល​ ៤ ​ឆ្នាំ​ប៉ុណ្ណោះ ទទួល​បាន​អ្នករត់​លក្ខណៈ​អាជីព​ចំនួន​ជាង​ ១​​៥០០ ​នាក់​មក​ចូលរួម​»​។

លោក វ៉ាត់ ចំរើន បន្ថែម​ថា​កីឡា និង​ទេសចរណ៍​មួយ​នេះ​បាន​ផ្តល់​ផលចំណេញ​ដល់​ប្រទេស​យើង​ច្រើន ដោយសារ​អ្នករត់​ភាគច្រើន​បាន​នាំ​ទាំង​គ្រួសារ​មក​ជាមួយ និង​ការកម្សាន្ត​ផង​ដោយ​ចំណាយ​ហូបចុក​ស្នាក់​នៅលើ​មាតុភូមិ​យើង​រយៈពេល​យូរថ្ងៃ ដែល​ជា​ការរក​ចំណូល​របស់​ពលរដ្ឋ​ក្នុង​ស្រុក​យើង​។

លោក​បន្ត​ថា​លោក Edouard George ប្រធាន​ក្រុមហ៊ុន Phoenix Voyages ដែល​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​ជា​ដៃគូ​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​ផង​ដែរ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​កន្លងមក​។ យ៉ាងណា​ក៏ដោយ​សម្រាប់​ការរត់​ចម្ងាយ​ឆ្ងាយ​នេះ​អាច​នឹង​មាន​កីឡាករ​ម្ចាស់​ផ្ទះ​កម្ពុជា​តិច​បំផុត​គឺ​អត្តពលិក​កម្ពុជា​អាច​ចូលរួម​រត់​ត្រឹម​ចម្ងាយ​​ ១៦ ​គីឡូម៉ែត្រ​៕