ក្រុង​ប័រដូរ: លោក Jocelyn Gourvennec គ្រូ​បង្វឹក​របស់​ក្រុម Bordeaux បាន​ទទួល​ស្គាល់​​កាល​ពី​ថ្ងៃ​ចន្ទ​ថា តា​រា​ឆ្នើម Malcom របស់​​ក្លិប​បារាំង​មួយ​នេះ កំពុង​តែ​គិត​ទៅលើ​ការ​ផ្ទេរ​មួយ​ទៅ​កាន់​ក្លិប Arsenal ស្រប​ពេល​​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លិប​របស់​ក្រប​ខ័ណ្ឌ Premier League មួយនេះ​។

បើ​យោង​ទៅ​តាម​បណ្តាញ​សារ​ព័ត៌​មាន​របស់​ប្រេស៊ីល ឱកាស​របស់​ខ្សែ​ប្រយុទ្ធ​ វ័យ​ ២០ ​ឆ្នាំ​រូប​នេះ ក្នុង​ការ​​ផ្ទេរ​ទៅកាន់ Arsenal គឺ​ជា​ឱកាស​ដ៏ល្អ ហើយនិង​ធ្វើ​ឲ្យ​ក្លិប Bordeaux ទទួល​បាន​តម្លៃខ្លួន​ ៥០ ​លាន​អឺ​រ៉ូ (ស្មើ​នឹង​ ៦១,៣ ​លាន​ដុល្លារ​អាមេរិក)​។

នៅមុន​ពេល ​​ធ្វើ​ការប្រកួត​ជា​មួយ​នឹង​​ក្រុម Caen ក្នុង​ការប្រកួតក្រប​ខ័ណ្ឌ Ligue 1 លោក Gourvennec បានឲ្យ​ដឹង​ថា៖ «រូប​គេ​មិនទាន់​សម្រេច​ចិត្ត​ទេ ប៉ុន្តែ កំពុង​តែ​គិត​លើ​ការ​ផ្ទេរ​នេះ​»​​​។

ស្រប​ពេល​ជា​​មួយ​គ្នា Arsenal ក៏​កំពុង​តែ​ពោរ​ពេញ​ដោយ​​ការ​ជឿ​ជាក់​ទៅលើការ​​នាំ​យក​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លិប Borussia Dortmund ក្រោយពី​​បាន​រៀប​ចំ​ការ​ពិភាក្សា​ផ្សេង​ៗ​ជាមួយ​នឹងក្លិបស្ថិតក្នុងក្រប​ខ័ណ្ឌ Bundesliga មួយនេះ​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​គេហ​ទំព័រ​​ចក្រ​ភព​អង់គ្លេស The Guardian​។

Dortmund កំពុង​តែ​ត្រៀមលក់ Aubameyang វ័យ​ ២៨ ​ឆ្នាំ ​តម្លៃខ្លួន​ដល់​ទៅ ​៦០​ លាន​​អឺ​រ៉ូ​ (ស្មើ​នឹង​ ៧៣,៥ ​លាន​ដុល្លារអាមេរិក)​៕ IS

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang កំពុង​តែ​ស្ថិ​តក្នុង​ដា​រ៉ា​របស់​ក្លិប Arsenal​។ AFP