ក្រុងម៉ាឌ្រីដ៖ ក្រុម Atletico Madrid ចាប់ផ្ដើមប្រសើរឡើងវិញ បន្ទាប់ពីធ្លាក់ចុះមួយរយៈ ជាមួយនឹងការមានជ័យជម្នះ ២-០ នៅផ្ទះរបស់់ Villarreal កាលពីថ្ងៃអាទិត្យ ដែលជាលទ្ធផលបង្កើតបាននូវគម្លាតនៃការនាំមុខ នៅកំពូលតារាង La Liga ចំនួន ៥ ពិន្ទុ។
ការធ្វើឱ្យចូលទីខ្លួនឯងរបស់ Alfonso Pedraza ១ គ្រាប់ និង ១ គ្រាប់ ដែលបានពីការស៊ុតយ៉ាងពេញកម្លាំងរបស់ Joao Felix ផ្ដល់ឱ្យ Atletico នូវជ័យជម្នះដ៏មានតម្លៃបន្ទាប់ពីមានភាពមិនប្រាកដប្រជាជាច្រើនប្រកួតមុនហ្នឹង រហូតបណ្ដោយឱ្យក្រុម Barcelona និង Real Madrid ទទួលបានភាពចំណេញក្នុងការតាមប្រជែងពានលីគកំពូល។
ក្រុមរបស់លោក Diego Simeone ធ្វើដំណើរឆ្ពោះមកកាន់ការប្រកួតនេះ ដោយស្ពាយភាពបរាជ័យពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ជើងទី ១ ក្រោមថ្វីជើងរបស់ក្រុមយក្សអង់គ្លេស Chelsea ព្រមទាំងអមមកជាមួយនឹងលទ្ធផលបន្តបន្ទាប់ក្នុងលីគ ដែលឃើញថា ពួកគេដណ្ដើមបានតែ ៥ ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួត ៤ លើក នៅមុនហ្នឹង។
តែទោះបីជាក្នុងប្រកួតនេះ Villarreal មកកៀកៗ ដោយសារមានឱកាសល្អជាច្រើនដងក៏ដោយ ក៏ Atletico បានព្យាយាមទប់ដើម្បីមានជ័យជម្នះ ដែលធានាឱ្យពួកគេរក្សាគម្លាតរាងឆ្ងាយបន្តិចពីក្រុមលេខ ២ Barca ហើយច្បាស់ណាស់ រឹតតែធ្វើឱ្យពួកគេនាំមុខក្រុមគូប្រជែង Real ដល់ទៅ ៦ ពិន្ទុ មុននឹងមានជំនួបរវាងក្រុមនៅក្រុងតែ ១ នាចុងសប្ដាហ៍ក្រោយ។
«យើងទទួលការខកចិត្តជាច្រើនដងរដូវកាលនេះ។ ក្រោយគ្រាប់ទី២ ពួកគេមានឱកាសល្អជាច្រើនលើកច្រើនសា តែយើងត្រឡប់មកផ្ទះវិញជាមួយនឹងជោគជ័យដ៏សំខាន់ណាស់ នាពេលនេះ ក្នុងរដូវកាលនេះ»។ នេះជាប្រសាសន៍របស់លោក Simeone។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Felix ហាក់ដូចជាបង្ហាញនូវទឹកមុខបែបខឹងសម្បាដាក់លោក Simeone បន្ទាប់ពីស៊ុតបញ្ចូលទីហើយ ដោយមានសេចក្ដីរាយការណ៍ថា នោះអាចបណ្ដាលមកពីមិនសូវចូលលេងញឹកញាប់។
លោក Simeone បានថ្លែងថា៖ «ខ្ញុំពេញចិត្តនឹងកីឡាករប្រឆាំងជំទាស់។ អ្នកទាំងនោះ មានទំនុកចិត្តខ្ពស់។ គ្រាប់បាល់នេះ ទាញនូវអ្វីដ៏ពិសេសពីក្នុងខ្លួនរបស់គេ។ គេត្រូវការលេង ហើយក្រុមត្រូវការគ្រាប់បាល់នោះ»៕ AFP/VN