ភ្នំពេញ: ក្រុម​ម្ចាស់​ជើងឯក Avatar FC បាន​ជួប​ការបរាជ័យ​ជា​លើកដំបូង និង​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​នៃ​ពាន​ពាក់កណ្តាល​អាជីព Keller Williams Cambodia League 2019 ផង​ដែរ ប៉ុន្តែ Khmer United A បាន​លត់​ក្រុម Home Sport រហូត​ដល់ ២១-១ ដើម្បី​ដណ្តើម​យក​ទីតាំង​លេខ​ ១ ​នេះ​ត្រឹម​សប្តាហ៍​ទី​ ៤​។

សម្រាប់​ការប្រកួត​វិលជុំ​លើក​ទី​ ៤ នៅ​កីឡដ្ឋាន​វេស្ទើន​កាលពី​ថ្ងៃ​អាទិត្យ​ក្រុម Avatar បាន​ចាញ់​ក្រុម​ខ្លាំង​ចំណូល​ថ្មី ISI Group United ត្រឹម ១-០ ដ៏គួរ​ឲ្យ​សោកស្តាយ​បំផុត ព្រោះ​គ្រាប់​បាល់​បរាជ័យ​នេះ ដោយសារ​តែ​ប្រធាន​ក្រុម​របស់​ពួកគេ​ធ្វើឲ្យ​ខ្សែប្រយុទ្ធ​ជា​ជនជាតិ​បរទេស​របស់​ក្រុម ISI ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់​នៅ​ពាក់កណ្តាល​តង់​ទី ២ នាំ​ឲ្យ​លោក​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ទៅ​ឲ្យ​ក្រុម ISI​។

ការចាញ់​ក្រុម ISI ដោយ​បាល់​ពិន័យ​នេះ វា​ជា​ការបរាជ័យ​លើក​ដំបូង​របស់​ក្រុម Avatar ខណៈ​ ៣ ​ប្រកួត​កន្លង​មក​នេះ​ពួកគេ​បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​របស់​គូប្រកួត​រហូត​ដល់​ ២៥ ​គ្រាប់ និង​មិន​របូត​វិញ​សូម្បីតែ​ ១ ​គ្រាប់​។ ការចាញ់​លើក​នេះ​បាន​ធ្វើឲ្យ Avatar ធ្លាក់​ពី​តំបន់​កំពូល​តារាង​ទៅ​ឈរ​លេខ​ ៤ ​វិញ​មាន​ ៩ ​ពិន្ទុ​ដដែល​។

ផ្ទុយ​ពីនេះ​ក្រុម​ម្ចាស់​ជើងឯករង​ ២ ​សម័យកាល Khmer United A បាន​ប្រើ​ទម្រង់​លេង​ដ៏រីកចម្រើន​របស់​ពួកគេ លត់ Home Sport ២១-១ ដើម្បី​ហក់​ពី​លេខ​ ៣ ទៅ​ឈរ​នៅ​លេខ​រៀង​ទី​ ១ ជា​ទីតាំង​ចាស់​របស់​ក្រុម Avatar ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​។

ការឈ្នះ​ក្រុម Home Sport ២១-១ វា​បាន​ក្លាយ​ជា​កំណត់ត្រា​នៃ​ការរក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​មិន​ធ្លាប់​កើតមាន​ក្នុង​ពាន​មួយ​នេះ ហើយ​ជ័យជម្នះ​ដ៏ធំ​នេះ​វា​ស្រប​ទៅ​តាម​ការចង់​បាន​ពី​សំណាក់​អតីត​គ្រូបង្វឹក​លីក​កំពូល​កម្ពុជា​គឺ​លោក កែវ សារិន ដែល​កំពុង​ដឹកនាំ​ក្រុម Khmer United នេះ ព្រោះ​លោក​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​នឹង​ដឹកនាំ Khmer United A ឲ្យ​លើក​ពាន​ជា​លើកដំបូង​នៅ​ឆ្នាំនេះ​។

ចំណែក​ក្រុម Reil Phnom Penh នៅតែ​រក្សា​ភាព​មិន​ដែល​ចាញ់ ខណៈ​ពួកគេ​បាន​បន្ត​យក​ឈ្នះ​ក្រុម Mambo PP ២-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ទី​ ២ ដោយ​មាន​ ១២ ​ពិន្ទុ​ពេញ​គឺ​ក្រុម​មួយ​នេះ​នៅ​តែ​មាន​ប្រៀប​លើ​ក្រុម​ឈរ​នៅ​លេខ​ ៣ ISI Group United ទៅលើ​គ្រាប់​បាល់​ចំណេញ​ដដែល​។

ជាមួយ​គ្នា​នេះ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៧ Bayon Wanderers បាន​លត់​ក្រុម Khmer United B រហូត​ដល់ ៩-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​ ៥ មាន​ ៩ ​ពិន្ទុ ឯ​ក្រុម​បាសាក់​បាន​យក​ឈ្នះ​ក្រុម Sniper ៤-០ ដើម្បី​បន្ត​ឈរ​នៅ​លេខ​ ៦ មាន​ ៩ ​ពិន្ទុ​ជាមួយ​ការឈ្នះ​ ៣ និង​ចាញ់​ ១ ​ដូច​គ្នា​។

ដោយឡែក​ក្រុម Khmer United U22 បាន​ឈ្នះ​ក្រុម Sen Sok Empire ៤-១ ឈរ​នៅ​លេខ​ ៧ មាន​ ៧ ​ពិន្ទុ ខណៈ​ក្រុម ATK ឈ្នះ​ក្រុម​គ្រួសារ​កីឡា​តាំងគោក ៤-២ ហើយ​ក្រុម​ទន្សោង​បាន​លត់​ក្រុម Anvaya ៨-២៕