ក្រុងឡុងដ៍៖ ក្រុម West Ham United បានធ្វើឱ្យថ្ងៃត្រឡប់ចូលទីលានដំបូងរបស់ Gareth Bale ជាមួយក្រុម Tottenham Hotspur (Spurs) ជួបនូវខកចិត្តមួយ ដោយការតាមពីការនាំមុខ ៣-០ រហូតស្មើ ៣-៣ ខណៈក្រុម Aston Villa (Villa) នៅបន្តរក្សានូវការចាប់ផ្ដើមដ៏ឥតខ្ចោះរបស់ខ្លួន ជាមួយនឹងជ័យជម្នះ ១-០ លើក្រុមម្ចាស់ផ្ទះ Leicester City អំឡុងការប្រកួតកាលពីថ្ងៃអាទិត្យ។
នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ Bale សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League អង់គ្លេស ក្រោយក្លាយជាសមាជិកថ្មីជាមួយក្លិបចាស់ម្ដងទៀត ក្នុងនាមជាកីឡាករខ្ចីជើង ១ រដូវកាលពីក្រុមនៅអេស្ប៉ាញ Real Madrid ខណៈពេលរូបគេដូរចូលនៅនាទីទី៧២ ក្រុម Spurs បានធ្វើការនាំមុខក្រុមភ្ញៀវរួចហើយ ៣-០។
តែខ្សែបម្រើសញ្ជាតិវេលស៍ ជួបនូវបទពិសោធដែលមិនអាចបំភ្លេចបាន ខណៈក្រុមរបស់លោក Jose Mourinho ស្រឡាំងកាំងនឹងទិចនិកវាយបក ហើយអ្វីដែលសំខាន់ Bale ក៏ជាម្នាក់ ក្នុងចំណោមកីឡាករដទៃទៀត ដែលខ្ជះខ្ជាយឱកាសស៊ុតបញ្ចូលទី មុនពេល West Ham យកស្មើវិញបាន។
សម្រាប់ការប្រកួតសប្ដាហ៍ទី ៥ របស់ Spurs នេះ នៅវគ្គទី ១ ការប្រកួតដំណើរការតែ ៤៥ វិនាទីប៉ុណ្ណោះ កីឡាករ Son Heung-min ទម្លុះសំណាញ់ទីឱ្យក្រុមម្ចាស់ផ្ទះនាំមុខ ១-០ បាត់ហើយ មុននឹង Harry Kane ថែម ២ គ្រាប់ទៀត នៅនាទីទី៨ និង១៦ តែតង់ទី២ ក្រុមភ្ញៀវ តាមស្មើបានវិញ ត្រឹមតែ ៨ នាទីចុងក្រោយនៃការប្រកួត ដោយ ៣ គ្រាប់នោះ បំប៉ោងសំណាញ់ទីដោយ Fabian Balbuena, Davinson Sanchez (ចូលទីខ្លួនឯង) និង Manuel Lanzini។
West Ham ក្លាយជាក្រុមទី ១ ក្នុងប្រវត្តិសាស្ត្ររបស់ Premier League ដែលគេចផុតពីបរាជ័យ ក្រោយត្រូវនាំមុខដល់ទៅ ៣ គ្រាប់ ឬលើសពីនេះ ក្រោយការប្រកួតដំណើរការរហូតដល់នាទីទី៨១។
គ្រូបង្វឹករបស់ក្រុម Spurs លោក Mourinho សម្ដែងការសោកស្ដាយថា៖ «យើងធ្វើការគ្រប់គ្រងការប្រកួតនេះ។ យើងឃើញ Kane ប៊ិះនឹងស៊ុតបានគ្រាប់ទី៤ តែបុកបង្គោលទី ហើយបន្ទាប់មក Bale សឹងតែបញ្ចប់គ្រប់យ៉ាង តែមិនអាច។ នេះជាការប្រកួត ដែលយើងមាន ៣ ពិន្ទុ ក្នុងដៃទៅហើយ តែយើងបាត់អស់ ២ ពិន្ទុ»។
បុរសព័រទុយហ្គាល់ បានបន្តថា៖ «យើងគួររឹងមាំជាងនេះ។ ពួកគេសំណាងល្អ តែប្រហែលជាពួកគេ ស័ក្ដិសមនឹងទទួលបានសំណាងល្អហ្នឹង។ ពួកយើងស៊យ តែទំនងជា ពួកយើងសមតែជួបសំណាងមិនល្អហ្នឹង»។
ការប្រកួតនៅកីឡដ្ឋាន King Power ឯណោះវិញ ក្រុម Villa រង់ចាំរហូតដល់នាទីទី៩០+១ ទើបអាចរកឃើញជ័យជម្នះលើកទី៤ នៅរដូវកាលនេះ ដោយខ្សែបម្រើ Ross Barkley ដែលជាកីឡាករខ្ចីជើងពីក្រុម Chelsea ជាអ្នកមានគុណសម្បត្តិយ៉ាងធំធេង ក្រោយស៊ុតក្រៅតំបន់គ្រោះថ្នាក់បញ្ចូលទីយ៉ាងល្អអស្ចារ្យ។
ជារឿងនឹកស្មានមិនដល់ ដែលក្រុមមួយប្រើពេលតែប៉ុន្មានខែ ក្រោយការប្រកួតចុងក្រោយនៃរដូវកាលមុន គឺជាថ្ងៃដែលប្រជែង ដើម្បីរស់តែពេលនេះ ឡើងទៅលេខ ២ ក្នុងតារាងពិន្ទុ នៅដើមរដូវកាលនេះ ដោយតាមពីក្រោយ Everton ១ ពិន្ទុ ហើយរឹតតែអស្ចារ្យទៀតនោះ គឺមុនប្រកួតនេះ ក្រុមរបស់លោក Dean Smith បំបាក់ក្រុមជើងឯកចាស់ Liverpool ៧-២។
លោក Smith បាននិយាយថា៖ «វាពិតជាការចាប់ផ្ដើមដ៏ល្អណាស់។ ការមកទីនេះ ហើយឈ្នះ គឺពិតជាក្រុមល្អមែន។ កីឡាករជាច្រើន ហត់នឿយ ហើយពួកគេ ចាប់ផ្ដើមជាមួយរដូវកាលថ្មីយឺតៗ តែច្បាស់។ យើងរីករាយនឹងអ្វីដែលធ្វើបាននាពេលនេះ»៕ AFP/VN