អេស្ប៉ាញៈ ក្លិប Barcelona បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​បញ្ចប់​ការចុះ​កុងត្រា​ទិញ​យក​ខ្សែបម្រើ​វ័យក្មេង​ជប៉ុន Hiroki Abe មកពី​ក្លិប Kashima Antlers ដែល​លេង​នៅ​លីក J-League របស់​ជប៉ុន​។

ក្លិប Barcelona និយាយ​ថា​ពួកគេ​បាន​ចំណាយ​ប្រាក់​ចំនួន ១,១ ​លាន​អឺរ៉ូ​ស្មើនឹង​ ១,២៥ លាន​ដុល្លារ​សម្រាប់​កីឡាករ​វ័យ ២០ ​ឆ្នាំ​រូប​នេះ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​លេង​នៅក្នុង​ក្រុម​បម្រុង​សម្រាប់​លេង​នៅ​ក្របខ័ណ្ឌ​កម្រិត​ ៣ Segunda B នៅ​ប្រទេស​អេស្ប៉ាញ​។

ក្លិប Barcelona បាន​និយាយ​ថា​កីឡាករ Abe បាន​ចុះ​កុងត្រា​រយៈពេល ៤ ​ឆ្នាំ​ដោយ​បូក​បញ្ចូល​ទាំង​តម្លៃ​នៃ​លក្ខខណ្ឌ​រំលាយ​កុងត្រា​ចំនួន ៤០ លាន​អឺរូ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១០០ ​លាន​អឺរ៉ូ​ប្រសិន​បើ​កីឡាករ​រូបនេះ​ត្រូវ​បាន​ដំឡើង​តួនាទី​ឲ្យ​ចូល​លេង​នៅ​ក្រុម​ទី​​ ១ ​វិញ​។

ក្លិប Barcelona បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​៖ «​ការចុះ​កុងត្រា​របស់​រូបគាត់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការសន្យា​ដ៏សំខាន់​បំផុត​មួយ​សម្រាប់​កីឡា​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន​នៅ​មុន​ពេល​មាន​ការប្រកួត​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០»​។

កីឡាករ Abe ដែល​បាន​បង្ហាញ​ខ្លួន​អន្តរជាតិ​កាលពី​ខែ​មុន​នៅ​ព្រឹត្តិការណ៍ Copa America នោះ​អាច​លេង​ចល័ត​គ្រប់​កន្លែង​នៅ​ទូទាំង​តំបន់​ប្រយុទ្ធ​ ប៉ុន្តែ​ចំណុច​ខ្លាំង​របស់​រូបគេ​គឺ​លេង​នៅ​ខ្សែប្រយុទ្ធ​ខាង​ឆ្វេង​»​។

Abe គឺជា​កីឡាករ​វ័យក្មេង​ជាង​គេ​ដែល​លេង​នៅ​លីក J-League ប្រចាំ​ឆ្នាំ​ ២០១៨ និង​បាន​ចាប់ផ្ដើម​ហាត់​ប្រើ​ជើង​ទាំង​ ២ ​របស់​ខ្លួន ខណៈ​ក្លិប Kashima បាន​ឈ្នះ​ពាន Asian Champions League នៅក្នុង​រដូវកាល​ឆ្នាំ​ ២០១៨ ហើយ​អំឡុង​ពេល​លេង​នៅ​ក្លិប Kashima រយៈពេល​ ៣ ​រដូវកាល​នោះ​រូបគេ​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ចំនួន ៧៩ លើក និង​រក​បាន​គ្រាប់​បាល់​ចំនួន​ ១០ គ្រាប់​ផង​ដែរ​។

ក្លិប Barcelona បាន​ប្រកួតប្រជែង​ជាមួយ​ក្លិប Real Madrid ដែល​ទើប​តែ​បាន​ចុះ​កុងត្រា​ទិញ​កីឡាករ​វ័យក្មេង​ជប៉ុន Takefusa Kubo រហស្សនាម «Messi ជប៉ុន​» មកពី​ក្លិប FC Tokyo កាលពី​ខែ​មុន​៕ SN