ក្រុងប៉ារីស៖ Robert Lewandowski បានជួយឱ្យក្រុម Bayern Munich ធ្វើដំណើរលើផ្លូវនៃជ័យជម្នះលើក្រុម Salzburg ៣-១ អំឡុងការប្រកួត នៅក្របខ័ណ្ឌ UEFA Champions League (UCL) កាលពីថ្ងៃពុធ ដែលជាលទ្ធផលជួយឲ្យក្រុមជើងឯកចាស់ចូលរួមជាមួយក្រុម Manchester City កក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយ ទាំងការប្រកួតក្នុងពូលនៅសល់ ២ លើកទៀត។
នៅយប់ ដែលក្លិបនានា ដឹងពីព័ត៌មាននៃការស្លាប់របស់ Diego Maradona ហើយបាននាំគ្នាធ្វើការស្មឹងស្មាធិ៍ ១ នាទី ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអតីតវីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីន មុនការប្រកួតទាំងអស់នៅ UCL ចាប់ផ្ដើមនោះ ក្រុម Bayern បានបន្លាយជ័យជម្នះរហូតដល់ ១៥ ប្រកួតយ៉ាងងាយៗ។
ខ្សែប្រយុទ្ធ Lewandowski ជួយឱ្យក្រុមម្ចាស់ផ្ទះបើកការនាំមុខ នៅ ២ នាទី មុនចប់វគ្គទី១ នៃការប្រកួតនៅឯកីឡដ្ឋានទទេស្អាត (អត់មានអ្នកគាំទ្រ) Allianz Arena ដែលវាជាគ្រាប់ទី១៤ របស់កីឡាករអន្តរជាតិប៉ូឡូញរដូវកាលនេះ ហើយក៏ជាគ្រាប់សរុបទី៧១ របស់គេផងដែរ ក្នុងក្របខ័ណ្ឌ UCL នេះ ពោលគឺនាំឱ្យគេមានចំនួនគ្រាប់បាល់ស្មើនឹងអតីតកីឡាករឆ្នើម Raul របស់ក្រុម Real Madrid ក្នុងបញ្ជីកំណត់ត្រា ដោយតាមពីក្រោយកីឡាករ Cristiano Ronaldo (១៣១ គ្រាប់) និង Lionel Messi (១១៨ គ្រាប់)។
ខ្សែបម្រើ Kingsley Coman ស៊ុតគ្រាប់ទី២ ឱ្យក្រុម Bayern ជាមុនសិន បន្ទាប់មកក៏លើកបាល់ចូលតំបន់គ្រោះថ្នាក់ឱ្យ Leroy Sane តែតបញ្ចូលទី បន្ថែមការនាំមុខ ៣-០ មុននឹង Mergim Berisha បំបែកពងមាន់ឱ្យក្រុមទៅពីអូទ្រីស។
ទោះនៅសល់គ្នា ១០ នាក់ ដោយសារកីឡាករ Marc Roca ត្រូវបណ្ដេញចេញក៏ដោយ ក៏ក្រុម Bayern នៅតែអាចដណ្ដើមបាន ១២ ពិន្ទុ ពីការប្រកួត ៤ ដងរបស់ខ្លួន ហើយបានជួយធានាឱ្យពួកគេឆ្លងទៅជុំបន្ត ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល A ខណៈក្រុមលេខ ២ Atletico Madrid បន្តធ្វើការធ្ងន់ទៀត ក្រោយបានត្រឹមស្មើជាមួយក្រុម Lokomotiv Moscow ០-០ នៅផ្ទះខ្លួនឯង។
ចំណែកក្រុម Man City របស់លោក Pep Guardiola (Pep) ក៏កក់សំបុត្រនៅវគ្គបន្ត ដោយសារ ១ គ្រាប់របស់ Phil Foden ដែលជួយឱ្យឈ្នះក្រុមម្ចាស់ផ្ទះ Olympiakos របស់ក្រិក ពោលគឺជាជ័យជម្នះ ៤ លើក ក្នុងចំណោមការប្រកួត ៤ ដង ក្នុងពូល C។
«វានឹងកា្លយជាកាពិត។ យើងត្រូវប្រឹងប្រែងបន្ថែមទៀត តែថ្ងៃណាមួយវានឹងក្លាយជាពិត ហើយវានឹងបំបែកឧបសគ្គគ្រប់យ៉ាង»។ នេះជាសម្ដីរបស់លោក Pep ដែលក្រុមរបស់លោកត្រូវការតែ ១ ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួត ២ លើកចុងក្រោយរបស់ខ្លួន ដើម្បីធានានូវចំណាត់ថ្នាក់លេខ ១ ក្នុងពូល។
ដូច្នេះ ទាំង Bayern និង Man City នឹងចូលរួមជាមួយ ៤ ក្រុមផ្សេងទៀត ដូចជា Barcelona, Juventus, Chelsea និង Sevilla ដែលកក់កៅអីបានមុន កាលពីថ្ងៃអង្គារ នៅវគ្គ ១៦ ក្រុមនេះ៕ AFP/VN