ក្រុង​ប៊ែរ​ឡាំង​: ក្រុម​ Bayern Munich ទិញ​បាន​កីឡាករ​ដល់​ទៅ ៣​ រូប នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទី​ផ្សារ​ដោះ​ដូរកីឡាករកាល​ពី​ថ្ងៃ​ចន្ទ ដែល​នាំ​មុខ​ដោយ​ខ្សែ​បម្រើ​ស្លាប Douglas Costa របស់​ក្រុម​ Juventus និង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរូន Eric Maxim Choupo-Moting ពី​ក្រុម Paris Saint-Germain​។

កីឡាករ​ទាំង ២​ រូប​ខាងលើ ព្រម​ព្រៀង​ចុះ​ហត្ថលេខា ១ ​ឆ្នាំ ខណៈ​ក្រុម​ជើង​ឯក​អឺរ៉ុប​មួយ​នេះ ក៏​ពង្រឹង​ផងដែរ​នូវ​តំបន់​ការ​ពារ​របស់​ខ្លួន ដោយ​ការ​នាំ​យក​ខ្សែ​ការពារ​ស្ដាំ​សញ្ជាតិ​បារាំង Bouna Sarr ជាមួយ​នឹង​កិច្ចសន្យា ៤​ ឆ្នាំ។ ក្រុម Bayern បាន​ទិញ​ខ្សែ​បម្រើ​​ Marc Roca ពី​ក្រុម​ Espanyol រួ​ចហើយ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​បាន​ផ្ដល់​កិច្ច​សន្យា​រយៈ​ពេល ៥​ ឆ្នាំ​។

កីឡាករ Saar បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម Marseille ចំនួន ១៨១​ប្រកួត ក្នុងនោះ​មាន​ទាំង​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រក្រប​ខ័ណ្ឌ Europa League 2018 ដែល​ពេល​នោះ​ក្រុម​របស់​បារាំង​មួយ​នេះ ចាញ់​ក្រុម​ Atletico Madrid របស់​អេស្ប៉ាញ ហើយ​ការ​បាន​ចូលរួម​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ កីឡាករ​វ័យ ២៨​ ឆ្នាំ ប្រាប់​ថា​៖ «​សុបិនកា្លយ​ជា​ពិត​»​។

ជាមួយ​គ្នានេះ នាយក​កីឡា​របស់​ក្រុម Bayern លោក Hasan Salihamidzic បាន​និយាយ​ពី​គុណ​សម្បត្តិ​របស់ Sarr ថា​៖ « Bouna Sarr ជា​ខ្សែ​ការ​ពារ​ស្ដាំ​ដ៏​ស្វា​ហាប់មួយ​រូប ដែល​សម​ជាមួយ​ប្រព័ន្ធ​លេង​របស់​ក្រុម​យើង​។ គេ​នាំ​ឱ្យ​មាន​ស្ថិរ​ភាព និង​បទ​ពិសោធន៍ល្អ​ៗ​សម្រាប់​ក្រុម​យើង ហើយ​យើង​ក៏​ជឿ​ដែរ​ថា គេ​នឹងធ្វើ​ឱ្យ​ក្រុម​ FC Bayern រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជាមិន​ខាន​​»​។​

ចំណែក​កីឡាករ Choupo-Moting វ័យ ៣១​ ឆ្នាំ ដែល​ផុត​កុង​ត្រា​ជាមួយ​ក្រុម PSG ក្រោយជួយ​ឱ្យ​ក្លិប​នៅ​បារាំង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League កាល​ពី​ខែ​សីហា ត្រូវ​បាន​ក្រុម Bayern នាំ​មក​សម្រាប់​ត្រៀម​ជំនួស​ខ្សែ​ប្រយុទ្ធ​ឆ្នើម Robert Lewandowski​។

Choupo-Moting (ស្ដាំ) កំពុង​កាន់​អាវ​របស់ក្រុម Bayern បង្ហាញ​ជាមួយនឹងនាយក​កីឡា លោក Salihamidzic​។

នេះ​ជា​ការ​ត្រឡប់​មក​កាន់​ក្រប​ខ័ណ្ឌ Bundesliga ជាថ្មី​ម្ដង​ទៀត​របស់ Choupo-Moting ដែល​ធ្លាប់​លេង​ផង​ដែរ​ឱ្យ​ក្រុម​នៅ​អង់គ្លេស Stoke City បន្ទាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរូន​រូប​នេះ ធ្លាប់​បាន​ចំណាយ​ពេល​រួម​រស់​ជាមួយ​ក្រុម​ជា​​ច្រើន ដូច​ជា​ Hamburg, Nuremberg, Mainz និង Schalke​។

Choupo-Moting ប្រាប់​ថា​៖ «​វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ ដែល​បាន​ត្រឡប់​មក​កាន់ Bundesliga វិញ ជា​ពិសេស​បាន​លេង​ឱ្យ​ក្លិប​ធំ​បំផុត​នៅ​អាល្លឺម៉ង់​។ តើ​នរណា​មិន​ចង់​លេង​ឱ្យ​ក្រុម FC Bayern​»​។

ឯ​ខ្សែ​បម្រើស្លាប​ Costa ដែល​ចំណាយ​ពេល ២ ឆ្នាំ នៅ Bayern មុន​ចាក​ចេញ​ក្នុង​ឆ្នាំ​២០១៧ កំពុង​ត្រឡប់​មក​​ប្រជែង​ជាមួយ​ Serge Gnabry, Kingsley Coman និង Leroy Sane ដើម្បី​ឱ្យ​បាន​តំណែង​ណា​មួយ នៅ​ខ្សែ​ខាងឆ្វេង ឬ​​ស្ដាំ។ ការ​មក​លេង​លើក​នេះ គឺ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ១ ​ឆ្នាំ​។

កីឡាករ​វ័យ​ ៣០​ ឆ្នាំ ដែល​​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន ៣១​ ប្រកួត បាន​និយាយ​ថា​៖ «ខ្ញុំ​រីក​រាយ ដែល​បាន​ត្រឡប់​មក​លេង​ឱ្យ​ក្រុម​ Bayern។ ខ្ញុំ​ធ្លាប់​មាន​ពេល​វេលា​ដ៏​អស្ចារ្យ នៅ​ក្រុង​មុយនិចនេះ ដោយ​មាន​ជោគ​ជ័យ​យ៉ាង​ច្រើន ហើយ​ខ្ញុំ​ប្រាកដ​ថា យើង​នឹង​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​ម្ដង​ទៀត​»​។

គ្រូបង្វឹក​របស់​ក្រុម Bayern លោក​ Hansi Flick និយាយ​ដោយ​ឥតលាក់​បាំង​ថា គាត់​ត្រូវ​ការ​កីឡាករ​ថ្មី​បន្ថែម បន្ទាប់​ពី​បាត់​បង់​ Philippe Coutinho, Ivan Perisic និង Thiago Alcantara ដែល​សុទ្ធ​តែ​បាន​រួម​ចំណែក​ជួយ​ឱក្រុម​លោក​ឈ្នះ​ពាន Champions League​៕ AFP/VN

Sarr (អាវស) របស់​ក្រុម Marseille កំពុង​ប្រជែង​ដណ្ដើម​បាល់ អំឡុង​ការ​ប្រកួត នា​ពេល​កន្លង​មក​​។