មុយនិច៖ ក្រុម Bayern Munich បាន​រក​ឃើញ​ពាន​ទី​៥ នៅ​ឆ្នាំ​នេះ​​ កាល​ពី​ថ្ងៃ​ពុធ ដោយសារ​គ្រាប់​បាល់​នៅ​ចុង​ម៉ោង​របស់​ខ្សែ​បម្រើ​ការពារ Joshua Kimmich ដែល​ជួយ​ឱ្យ​ក្រុម​មាន​​ជ័យ​ជម្នះ ៣-២ លើ​ក្រុម​គូ​ប្រជែង Borussia Dortmund ដើម្បី​ក្លាយ​ជា​ជើងឯក​ពាន​កម្មវិធី German Super Cup​។

ក្រុម​ម្ចាស់​ផ្ទះ​ Bayern បើក​ការ​នាំ​មុខ ២-០ មុន ដោយសារ​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Corentin Tolisso នាទីទី​១៨ និង​ខ្សែ​ប្រយុទ្ធ Thomas Mueller នាទីទី​៣២ តែ​ខ្សែ​បម្រើ Julian Brandt របស់ Dortmund ​កាត់​បន្ថយ​ការ​នាំ​មុខ​នៅ​ត្រឹម ១ គ្រាប់ មុន​ចប់​វគ្គ​ទី១ ប្រមាណ ៤ នាទី​។​

ក្រោយ​​​សម្រាក ១៥ ​នាទី ខ្សែ​ប្រយុទ្ធ Erling Braut Haaland នៅ​នាទីទី​៥៥ បន្ទាប់​ពី​ទទួល​បាល់​ពី​ការ​បោះ​ទម្លុះ​របស់​​​ខ្សែ​បម្រើ Thomas Delaney រួច​ក៏​បាន​​បណ្ដើរ​ទៅ​ស៊ុត​​​បំប៉ោង​សំណាញ់​ទី​យ៉ាង​ស្អាត​ឱ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ ២-២ វិញ ខណៈ​នៅ​ ៤ ​នាទី​បន្ទាប់​ពី​ហ្នឹង​ កីឡាករ​សញ្ជាតិ​ស៊ុយអែត​មាន​ឱកាស​ម្ដង​ទៀត តែ​ការ​ប៉ុនប៉ង​លើក​នេះ អត់​ផុត​ពី​ដៃ​របស់​អ្នក​ចាំ​ទី Manuel Neuer​។

មុន ៨ ​នាទី​ ចប់​ការ​ប្រកួត​ម៉ោង​ធម្មតា កីឡាករ Kimmich បាន​ដោះ​ស្រាយ​ភាព​ទាល់​ច្រក​សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ទទេ​ស្អាត Allianz Arena តាម​រយៈ​គ្រាប់​បាល់​សំណាង ព្រោះ​ថា ​ការ​ស៊ុត​លើក​ទី១ របស់​ខ្លួន​ត្រូវ​រារាំង​ដោយ​អ្នក​ចាំទី​​ Marwin Hitz តែ​ពេល​បាល់​ឡង​មក​វិញ បាន​ប៉ះ​នឹង​ប្រអប់​ជើង​របស់​គេ ហើយ​ហោះ​រំលង​ចូលទី ដែល​ក្លាយ​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ក្រុម​តែ​ម្ដង​។

កីឡាករ Neuer ប្រធាន​ក្រុម Bayern សរសើរ​Kimmich ថា​៖ «Kimmich គឺ​ជា​កីឡាករ​មាន​គុណភាព។ វិធី​ឆ្កឹះ​បាល់​នោះ គឺ​ឆ្លាត​ណាស់​»​។

ដោយ​ជ័យជម្នះ​ជាប់ៗ​គ្នា​ចំនួន ២៣ ​លើក​ ត្រូវ​បាន​ដល់​ទី​បញ្ចប់​ ក្រោយ​ពី​​​បរាជ័យ​ទាំង​មិន​គួរ​ឱ្យ​ជឿ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Hoffenheim កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម Bayern បាន​​ប្រសើរ​ឡើង​វិញ ដោយ​មាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ពី​​ការ​ប្រឹងប្រែង​របស់​​​​ Kimmich​។

គ្រូ​បង្វឹក​របស់​ក្រុម Bayern លោក Hansi Flick បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ZDF ថា​៖ «​ខ្ញុំ​បាន​ដឹង​ពី​​គេ (Kimmich) យូរ​ហើយ​។ លក្ខណ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​គេ គឺ​ពិសេស​ណាស់​។ គេ​ធ្វើ​បាន​ល្អ​តាម​វិធី ដើម្បី​ឱ្យ​បាន​ក្លាយ​ជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ឡាយ ដែល​មាន​ឥទ្ធិពល​ចំពោះ​ក្លិប​នេះ​»​។​

Bayern ឈ្នះ​ពាន​ Bundesliga ៨ ​រដូវកាល​ជាប់ៗ​​គ្នា​រួច​ហើយ អម​ដោយ​ពាន German Cup, Champions League និង UEFA Super Cup នា​ឆ្នាំ​នេះ​ ហើយ​នេះ​ជា​លើក​ទី៤ ក្នុង​រយៈពេល ៥ ​ឆ្នាំ ​ដែល​បាន​លើក​ពាន​មួយ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ កម្មវិធី​​ប្រកួត​ពាន​ Super Cup របស់​ប្រទេស​អាល្លឺម៉ង់ ​នេះ គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​អាជ្ញា​កណ្ដាល​ Bibiana Steinhaus វ័យ ៤១ ​ឆ្នាំ ដែល​ជា​ស្ត្រី​ទី១ បាន​ធ្វើ​តួនាទី​កាត់​ក្ដី​ សម្រាប់​​ប្រកួត​ផ្លូវ​ការ​ឱ្យ​​លីក ១​ ក្នុង​ចំណោម​លីក​ធំៗ​ទាំង ៥ របស់​អឺរ៉ុប មុន​ពេល​សម្រេច​ចិត្ត​ចូល​និវត្តន៍៕ AFP/VN