ក្រុងឡាសវេហ្គាស: កីឡាករ David Benavidez បានផ្តួល Ronald Gavril ដើម្បីខ្សែការពារខ្សែក្រវាត់ពិភពលោក WBC ក្នុងទម្ងន់ ៧៦ គីឡូក្រាមរបស់គេយ៉ាងងាយស្រួល តាមរយៈការដណ្តើមបានជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទ កាលពីថ្ងៃសៅរ៍ (ត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។
ម្ចាស់ខ្សែក្រវាត់វ័យ ២១ ឆ្នាំមកពីទីក្រុង Phoenix រូបនេះ បានធ្វើការគ្រប់គ្រងទាំងស្រុងលើកីឡាកររូម៉ានី Gavril ដើម្បីដណ្តើមបានជ័យជម្នះយ៉ាងស័ក្តិសមនៅលើសង្វៀន Mandalay Bay Events Center ក្នុងទីក្រុង Las Vegas។
Benavidez ធ្លាប់បានផ្តួល Gavril វ័យ ៣១ ឆ្នាំរួចមកហើយកាលពីខែកញ្ញា តាមរយៈការឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ដើម្បីទទួលបានខ្សែក្រវាត់ដែលនៅទំនេរ ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតដ៏ល្អបំផុតប្រចាំឆ្នាំ ២០១៧។
ការត្រៀមលក្ខណៈផ្សេងៗសម្រាប់ការប្រកួតសងសឹកនេះ បានស្ថិតក្នុងភាពតានតឹង ខណៈដែល Gavril នឹងស្តារមុខមាត់របស់ខ្លួនត្រឡប់មកវិញ ក្រោយពីបានអះអាងថា រូបគេត្រូវបានគេប្លន់យកជ័យជម្នះក្នុងការប្រកួតកាលពីលើកទី ១។
ប៉ុន្តែ កាលពីថ្ងៃសៅរ៍ វានៅតែមានអ្នកឈ្នះតែម្នាក់គត់ ខណៈដែល Benavidez បានប្រើប្រាស់កណ្តាប់ដៃដ៏រហ័ស និងចលនាដ៏ល្អរបស់គេដើម្បីផ្តល់ការលំបាកដល់ Gavril ក្នុងការដំណើរឆ្ពោះទៅរកជ័យជម្នះជាលើកទី ២ របស់គេ។
ចៅក្រមម្នាក់បានផ្តល់ពិន្ទុឈ្នះ ១១៩-១០៩ ខណៈដែលចៅក្រម ២ នាក់ផ្សេងទៀតបានផ្តល់ពិន្ទុឈ្នះ ១២០-១០៨ ដល់ Benavidez ដែលបានធ្វើឲ្យកំណត់ត្រាឈ្នះរបស់គេកើនដល់ ២០ លើក មិនដែលចាញ់ ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ១៧ លើក បន្ទាប់ពីជ័យជម្នះនេះ។
Benavidez ដែលជាម្ចាស់គ្រប់គ្រងខ្សែក្រវាត់ពិភពលោកវ័យក្មេងបំផុតនោះ បាននិយាយថា រូបគេបានព្យាយាមដណ្តើមយកប្រៀបទៅលើបច្ចេកទេសវាយសម្រុករបស់ Gavril។
កីឡាកររូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានដឹងថា រូបគេនឹងធ្វើការវាយសម្រុកខ្លាំង ពោលគឺដូចដែលខ្ញុំបាននិយាយកាលពីមុនអ៊ីចឹង គេជាប្រភេទសេះមានស្នៀតតែ ១ ផ្នែក។ គេមិនដឹងអ្វីក្រៅពីការដាក់សម្ពាធលើដៃគូឡើយ»។
Benavidez បានប្រាប់បន្តថា៖ «ហេតុនេះ ខ្ញុំបានប្រើប្រាស់បច្ចេកទេសនោះដើម្បីដណ្តើមយកប្រៀប ខ្ញុំបានព្យាយាមវាយរហ័ស ហើយនៅពេលខ្ញុំបានឃើញប្រឡោះ ខ្ញុំបានវាយតែម្តង។ ខ្ញុំមិនបានផ្តួលឲ្យរូបគេសន្លប់ឡើយ។ រូបគេជាកីឡាករដ៏ខ្លាំងម្នាក់»។
Benavidez បានបញ្ជាក់ថា រូបគេមិនមានការបារម្ភដោយសារតែការប៉ះទង្គិចពាក្យសម្តីគ្នាដែលបានកើតឡើងរវាងកីឡាករទាំង ២ នៅមុនពេលការប្រកួតនេះឡើយ។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជាមិនខ្វល់ខ្វាយឡើយ។ ខ្ញុំធ្វើបានល្អប្រសើរជាងរូបគេ។ សូមមើលទៅផ្ទៃមុខរបស់គេ និងមើលទៅលើទឹកចិត្តរបស់គេ»។
ការវាយចេញបានយ៉ាងល្អបំផុតរបស់ Benavidez បានកើតឡើងក្នុងទឹកទី ៤ នៅពេលដែលរូបគេបានវាយចំផ្ទៃមុខរបស់ Gavril យ៉ាងល្អ មុននឹងបន្ថែមដោយកណ្តាប់ដៃស្តាំ ១ ដៃទៀតដែលធ្វើឲ្យកីឡាកររូម៉ានីរូបនេះ ផ្អែកទៅនឹងខ្សែសង្វៀនតែម្តង។ ទោះបីជាយ៉ាងណា Gavril បានគេចផុតការវាយយ៉ាងសន្ធាប់នោះ តាមរយៈការរក្សាជំហរយ៉ាងជោគជ័យ មុននឹងសង្វៀនដល់ទឹកបន្លឺឡើង។
ក្រោយមក កីឡាករ Benavidez បានបន្តគ្រប់គ្រងលើដៃគូរបស់ខ្លួន តាមរយៈការបញ្ចេញស្នៀតកណ្តាប់ដៃវាយចំគោលដៅយ៉ាងល្អ។
បន្ទាប់ពីបញ្ចប់ការប្រកួត កីឡាកររូបនេះ មិនបានបង្ហើបពីគូប្រកួតដែលត្រូវជួបនៅថ្ងៃអនាគតឡើយ តាមរយៈការបដិសេធក្នុងការនិយាយថា រូបគេចង់ប្រកួតជាមួយនឹងកីឡាករចក្រភពអង់គ្លេស George Groves ដែលបានយកឈ្នះលើកីឡាករ Chris Eubank Jr ដើម្បីការពារខ្សែក្រវាត់ WBA ក្នុងទម្ងន់ដូចគ្នានេះ ក្នុងទីក្រុង Manchester នៅថ្ងៃសៅរ៍ដដែលនោះ៕