ក្រុងម៉ាឌ្រីដ៖ Lionel Messi ត្រូវ​បណ្ដេញ​ចេញ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​កីឡាករ​​អាជីព​ នៅ​ក្រុម Barcelona ខណៈ​ Athletic Bilbao យក​ឈ្នះ​ក្រុម​នៅ​​កាតាឡាន់​លើក​ពាន Spanish Super Cup នៅ​ថ្ងៃ​អាទិត្យ ក្រោយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​តឹងតែង​នេះ បញ្ចប់​ក្នុង​លទ្ធផល ៣-២ ក្នុង​​ម៉ោង​បន្ថែម​ពិសេស ១៥ នាទី ២ ​ដង​។​​

មុន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់ Bilbao ត្រូវ​បាន​អះអាង គឺ​ថា Messi ​គ្រវាស​​ដៃ​ចំ ​Asier Villalibre ​ដែល​ស៊ុត​​គ្រាប់​បាល់​តាម​ស្មើ នាទីទី ​៩០ ​អំឡុង​ការ​ប្រកួត​ក្នុង​ម៉ោង​ធម្មតា ពោល​គឺ​គ្រាប់​បាល់​ដែល​បដិសេធ​ជ័យជម្នះ​របស់​ក្រុម Barca​។

២ គ្រាប់​របស់​ Antoine Griezmann ដែល​ជួយ​ឱ្យ​ក្រុម​នាំ​មុខ​ម្ដង​ហើយ​ម្ដង​ទៀត ទំនង​ជា​អាច​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ជា​ម្ចាស់​ពាន​នេះ​ទៅ​ហើយ តែ​ Villalibre បាន​​មក​រារាំង​មុន​ពេល​មាន​គ្រាប់​បាល់​ដ៏​ស្អាត​របស់ Inaki Williams ​ដែល​កើត​ឡើង​ត្រឹម​តែ ៣ ​នាទី ពេល​ការ​ប្រកួត​ក្នុង​ម៉ោង​ពិសេស​ចាប់​ដំណើរការ​។

Messi ​ជា​ពី​របួស​ភ្លៅ​ទើប​បាន​​លេង​ការ​ប្រកួត​នេះ ហើយ​ចាំបាច់​ត្រូវ​មាន​​វត្តមាន​​ពេញ ១២០ ​នាទី ដោយសារ​​ Barca មាន​បំណង​ពន្យារ​ការ​ប្រកួត​នេះ​ឱ្យ​ដល់​វគ្គ​ប៉េណាល់ទី​។

តែ​ផ្ទុយ​ទៅ​វិញ ខ្សែ​ប្រយុទ្ធ​ វ័យ ៣៣ ​ឆ្នាំ​ មិន​អាច​គ្រប់គ្រង​អារម្មណ៍​បាន​នៅ​វិនាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​​ស្វិតស្វាញ​នេះ​ ដោយ​​ប្រតិកម្ម​តប​នឹង​ការ​ជែង​របស់ Villalibre ជាមួយ​នឹង​ការ​គ្រវាស​ដៃ​ចំ​ពី​ក្រោយ​ខ្នង​​គូ​បដិបក្ខ​ ហើយ​ពេល​អាជ្ញាកណ្ដាល​ពិនិត្យ​មើល​ វី អេ អា (VAR) រួច ក៏​សម្រេច​ផ្ដល់​កាត​ក្រហម​ឱ្យ​ Messi តែ​ម្ដង​។

មាន​ន័យ​ថា ជា​កាត​ក្រហម​លើក​ដំបូង​សម្រាប់​ Messi ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Barca ៧៥៣ ​ប្រកួត ដោយ​បន្ថែម​ពី​លើ​​ការ​ទទួល​បាន​ ២ ដង ក្នុង​ឆ្នាំ ​២០០៥ និង ២០១៩ ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​។

លោក Ronald Koeman ​និយាយ​ខ្លីៗ​ថា​៖ «ក្រោយ​ប្រកប​អាជីព​​ច្រើន​ឆ្នាំ ក្នុង​វិស័យ​បាល់ទាត់​ Messi ដឹង​ច្បាស់​ថា តើ​ពេល​ណា​ គេ​មាន​ភាព​រឹងមាំ​ក្នុង​ការ​ចូល​លេង​។ យើង​បាន​សួរ ហើយ​គេ​បាន​ប្រាប់​ថា ​សុខភាព​រឹងមាំ​ល្អ​អាច​​លេង​បាន​»។

វា​ជា​​ពាន​ទី ១ និង​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ឥត​ខ្ជោះ ​​សម្រាប់​លោក Marcelino Garcia Toral ដែល​ទើប​ចូល​មក​​ធ្វើ​តួនាទី​ជា​គ្រូ​បង្វឹក​មិន​ដល់ ២ ​សប្ដាហ៍​ផង​៕ AFP/VN