ភ្នំពេញៈ ក្រុម​បាល់បោះ Black Hawks បាន​ជម្នះ​ការប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត ដើម្បី​បន្ត​ឈ្នះ​តំណែង​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់​បោះ​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ឆ្នាំ ២០១៨ (CamEd Men''s Basketball Tournament 2018) ដែល​បាន​បញ្ចប់ នៅ​លើ​ទីលាន Premium Sport Club កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ការផ្លាស់ប្តូរ​រូបមន្ត​ប្រកួត​ពី​ការលេង​ម្ខាង ៦ នាក់ មកលេង​ម្ខាង ត្រឹម ៣ នាក់ នៅ​ឆ្នាំនេះ បាន​ធ្វើ​ឲ្យ​ក្រុម Black Hawks ដែល​ធ្លាប់​បាន​គ្រង​តំណែង​ជើង​ឯក​កាល​ពី​ឆ្នាំ ២០១៧ ក្រោយ​ផ្តួល​ក្រុម Zone ៥៨-៤២ នោះ​បាន​ជួប​ការ​លំបាក​ច្រើន មុន​នឹង​ឈ្នះ​តំណែង​ជើង​ឯក​នេះ។

នៅក្នុង​ការប្រកួត​ដែលមាន ១៣ ក្រុម​ចូលរួម​នេះ ក្រុម Black Hawks បាន​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​វិល​ជុំ​តាម​ពូល​ទាំង ២ ដំណាក់​កាល សរុប​មាន ៨ ប្រកួត គឺ​ដំណាក់​កាល​ទី ១ មាន ៥ ប្រកួត និង​វគ្គ​ខ្វែង (ចែក​ជា ២ ពូល​ទៀត) មាន ៣ ប្រកួត ហើយ​ក្នុង​នោះ Black Hawks ទទួល​បាន​ជ័យ​ជម្នះ​ច្រើន​ជាង​ការ​ចាញ់ មុន​ពេល​ពួក​គេ​ទៅ​ទម្លាក់​ក្រុម Viper X នៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ ឯ​ក្រុម Bumble Bee ក៏បាន​ឈ្នះ​ក្រុម Generals ក្នុង​វគ្គ​នោះ​ដែរ។

ជាមួយ​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​ទាំង ២ នេះ​បាន​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាថ្មី​ទៀត បន្ថែម​ទៅ​លើ​ការ​ជួប​គ្នា​ទាំង ២ លើក​ក្នុង​ការ​ប្រកួត​វិល​ជុំ ហើយ​តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នោះ Black Hawks បាន​ប្រើ​ពេល​វេលា​ប្រកួត ២ នាទី​ចុង​ក្រោយ​ក្នុង​ការ​យក​ឈ្នះ Bumble Bee ជាមួយ​ពិន្ទុ ១៤-៨ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ ២០១៨ នេះ។

ចំណែក​ក្រុម Viper X បាន​យកឈ្នះ​ក្រុម Generals ជាមួយ​ពិន្ទុ ១៣-៩ ដើម្បី​ទទួលបាន​ចំណាត់​ថ្នាក់​លេខ ៣ ប្រចាំ​ការ​ប្រកួត​បាល់​បោះ​បុរស​ដណ្តើម​ពាន​រង្វាន់​ខេមអេដ​ឆ្នាំ ២០១៨ នេះ ប៉ុន្តែ​អ្នក​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​នេះ បាន​ទៅ​លើ​កីឡាករ កុយ​វុន ឬ​ទ្ធីយ៉ា របស់​ក្រុម Generals ដោយ​រក​បាន ៣០ ពិន្ទុ​តែ​ម្នាក់​ឯង។

តាមរយៈ​ការប្រកួត​ដោយ​ប្រើ​រូបមន្ត​លេង ៣ នាក់​ទល់នឹង ៣ នាក់​នេះ លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សមត្ថភាព​លេង​របស់​ក្រុម​ចូលរួម​ទាំង​អស់ ពិសេស​ជំនួប​ផ្តាច់​ព្រ័ត្រ​របស់​ក្រុម Black Hawks និង​ក្រុម Bumble Bee ដែល​ជា​ការ​ប្រកួត​មាន​ភាព​ទាក់​ទាញ​ខ្លាំង។

លោក Casey Barnett បាន​ថ្លែង នៅក្នុង​ពិធី​បិទ​ការប្រកួត​នោះ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​មោទនភាព ដែល​បាន​ឃើញ​ពី​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​របស់​ប្អូនៗ ហើយ​តាមរយៈ​ការ​ប្រកួត​នេះ​បាន​បង្ហាញ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹងថា ការ​លេង​កីឡា វា​មិន​ត្រឹម​តែ​ទាមទារ​ឲ្យ​យើង​មាន​បទពិសោធ និង​បច្ចេកទេស​ក្នុង​ការ​លេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ចេះ​សហការ​លេង​ជា​ក្រុម​ឲ្យ​បាន​ល្អ ព្រមទាំង​មាន​ការ​តស៊ូ និង​អំណត់​ព្យាយាម ទើប​យើង​អាច​ទទួល​បាន​ជោគ​ជ័យ»។

អនុបណ្ឌិត​ផ្នែក​គណនេយ្យ​មកពី​អាមេរិក លោក Casey បាន​បន្ថែម​ថា៖ «ចំណែក​ការ​ចេញ​ទៅ​បំពេញ​ការងារ ឬ​ការ​ធ្វើ​អាជីវកម្ម​អ្វី​មួយ​របស់​អ្នក​ទាំង​អស់​គ្នា​ទៅ​ថ្ងៃ​អនាគត ក៏​មិន​ខុស​គ្នា​នេះ​ដែរ គឺ​យើង​មិន​អាច​មាន​ត្រឹម​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​មាន​បទពិសោធ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម ចេះ​គ្រប់គ្រង និង​មាន​ការ​តស៊ូ ទើប​ការងារ​នោះ​ទទួល​បាន​ជោគ​ជ័យ អ៊ីចឹង​ការ​លេង​កីឡា​នេះ វា​បាន​ផ្តល់​បទ​ពិសោធ​ទាំង​នោះ ដល់​អ្នក​ទាំង​អស់​គ្នា»៕