ក្រុង​ប៉ារីស៖ ក្រុម​យក្ស​នៅ​អាល្លឺម៉ង់ Bayern Munich បាន​ពិន័យ​កីឡាករ ​Jerome Boateng ដែល​បាន​ចាក​ចេញ​ពី​ទីក្រុង​ ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​ជា​ទង្វើ​បំពាន​នឹង​ច្បាប់​រឹត​បន្តឹង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩​។​

បើ​យោង​តាម​ទូរទស្សន៍ TVO បាន​ឲ្យ​ដឹង​ថា​ កីឡាករ​វ័យ ​៣១ ​ឆ្នាំ Jerome Boateng បាន​ធ្វើ​ដំណើរ​ចាកចេញ​​ពី​ក្រុង​ ដោយសារ​​ទៅ​មើល​កូន​ប្រុស​​របស់​ខ្លួន ដែល​មាន​របួស​តិចតួច​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​តាម​ដង​មួយ​កាល​ពី​ម្សិលមិញ​​។

ក្រុម​ជើង​ឯក​ក្របខ័ណ្ឌ​ Bundesliga បាន​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​៖ ​«​ខ្សែ​ការពារ​របស់​យើង Jerome Boateng បាន​ចាកចេញ​ពី​ក្រុង Munich កាល​ពី​ម្សិលមិញ ដោយ​អត់​មាន​ការ​អនុញ្ញាត​ពី​ក្លិប​ឡើយ​។ Boateng អត់​គោរព​តាម​គោលការណ៍​របស់​ក្លិប ដោយសារ​ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​»​។​ ​

សេចក្ដី​ប្រកាស​បាន​បន្ត​​ថា៖​ «វិន័យ​ទាំង​ឡាយ​បង្កើត​ឡើង ​ដើម្បី​គ្រប់គ្រង​ការ​ប្រព្រឹត្ត​របស់​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​​ សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ន​នេះ ដោយ​ស្រប​ជាមួយ​នឹង​បញ្ជា​របស់​រដ្ឋាភិបាល ដែល​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​សេចក្ដី​ណែនាំ​របស់​មន្ត្រី​សុខាភិបាល​ផង​​​»​។​​

សម្រាប់​ Boateng ក៏​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដែរ ដោយ​បាន​និយាយ​ទៅ​កាន់​កាសែត Bild ថា​៖​ «​ខ្ញុំ​ដឹង​ថា វា​ជា​កំហុស​ខ្ញុំ​ពិត​មែន ដែល​មិន​បាន​ប្រាប់​ក្លិប​ឲ្យ​ដឹង​ពី​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ តែ​ពេល​នោះ ខ្ញុំ​មិន​បាន​នឹក​ឃើញ​អ្វី​ក្រៅ​តែ​ពី​ការ​បារម្ភ​ចំពោះ​កូន​ប្រុស​ខ្ញុំ​ប៉ុណ្ណោះ​។

ខ្សែ​ការពារ​អាល្លឺម៉ង់​រូប​នេះ បាន​និយាយ​ទាក់ទង​នឹង​កូន​ប្រុស​ខ្លួន​ថា​៖​ «​គេ​មាន​សុខភាព​មិន​សូវ​ល្អ​ទេ។ បើ​សិន​កូន​ទូរស័ព្ទ​មក ប្រាកដ​ខ្ញុំ​ជា​ឪពុក នឹង​ទៅ​មិន​ថា​ពេល​ណា​ក៏​ដោយ​»​៕ AFP/ VN​​