ក្រុងមីឡាន៖ កីឡាករ Gianluigi Buffon បង្កើតនូវកំណត់ត្រាថ្មីមួយ នាមជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេនៅក្របខ័ណ្ឌ Serie A អ៊ីតាលីកាលពីថ្ងៃសៅរ៍ ពេលក្រុមសេះបង្កង់ Juventus បំបាក់ក្រុម Torino ៤-១ ក្នុងជំនួបក្រុមនៃក្រុងតែ ១ ហើយរំកិលកាន់តែឆ្ងាយពីក្រុមគូប្រជែង ៧ ពិន្ទុ។
អ្នកចាំទីសញ្ជាតិអ៊ីតាលីវ័យ ៤២ ឆ្នាំ Buffon បានកន្លងផុតកំណត់ត្រាចាស់ចំនួន ៦៤៧ ដង ដែលកាន់កាប់រួមគ្នាជាមួយអតីតកីឡាករឆ្នើមរបស់ក្រុម AC- Milan គឺមិត្តរួមជាតិ Paolo Maldini ពេលរូបគាត់ មានមុខក្នុងការប្រកួត ដែលធ្វើនៅកីឡដ្ឋាន Allianz Stadium នេះ។
Buffon ដែលចំណាយពេលជាមួយក្រុមនៅបារាំង Paris Saint-Germain រដូវកាលមុន មុនសម្រេចចូលរួមជាមួយអតីតក្រុមខ្លួន Juve នាពេលនេះ ទើបតែបានយល់ព្រមបន្តកុងត្រាថ្មី ១ ឆ្នាំទៀត នៅដើមសប្ដាហ៍មុន ហើយការប្រកួតជាមួយក្រុម Torino នេះ វាជាការលេចមុខនៅលើទីលានលើកទី ៨ នៅ Serie A សម្រាប់រូបគាត់ ខណៈអ្នកចាំទីដៃទី ១ ដែលតែងឈរចាំបង្គោលទីឲ្យក្រុមយ៉ាងទៀងទាត់ គឺកីឡាករប៉ូឡូញ Wojciech Szczesny។
កំណត់ត្រានេះ កើតមានឡើងក្រោយរយៈពេល ២៥ ឆ្នាំ គិតតាំងពីកីឡាករ Buffon ធ្វើការបង្ហាញវត្តមានលើកដំបូង នៅ Serie A ពេលលេងក្នុងក្រុម Parma ហើយក្រោយ ១៩ ឆ្នាំ គិតតាំងពីរូបគាត់ ចុះហត្ថលេខាចូលជាសមាជិកក្រុម Juve។
ការប្រកួតក្នុងសប្ដាហ៍ទី ៣០ នេះ ខ្សែបម្រើប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏នៅក្នុងចំណោមកីឡាករស៊ុតបញ្ចូលទីទាំង ៤ គ្រាប់នេះដែរ ខណៈគ្រាប់បាល់របស់កីឡាករអន្តរជាតិព័រទុយហ្គាល់ ដោយការស៊ុតហ្វ្រ៊ីឃីក នៅនាទីទី ៦១ នេះ បានធ្វើឲ្យរូបគេក្លាយជាកីឡាកររបស់ក្រុម Juve ដំបូងគេ ដែលរកបាន ២៥ គ្រាប់ ១ រដូវកាល ក្នុងរយៈពេល ៥៩ ឆ្នាំ។ ចំណែកឯ ៣ គ្រាប់ផ្សេងទៀត បានមកដោយសារខ្សែប្រយុទ្ធ Paulo Dybala នាទីទី ៣, ខ្សែបម្រើ Juan Cuadrado នាទីទី ២៩ និងការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Koffi Djidji នៅ នាទីទី ៨៧។
ក្រោយដណ្ដើមបាន ៣ ពិន្ទុនេះ ធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Maurizio Sarri មាន ៧៥ ពិន្ទុ ឈរនៅកំពូលតារាង ដោយនាំមុខដាច់ ៧ ពិន្ទុ លើក្រុមលេខ ២ Lazio ដែលប្រកួតចាញ់ក្រុម AC Milan យ៉ាងអាម៉ាស់នៅទឹកដីខ្លួនឯងក្នុងលទ្ធផល ៣-០ ខណៈការប្រកួតនៅសល់ ៨ លើកទៀត នឹងបញ្ចប់រដូវកាលជាស្ថាពរ។
ពាក់ព័ន្ធនឹងការបំបែកកំណត់ត្រារបស់កីឡាករ Buffon នេះលោក Sarri ថ្លែងថា៖ «គ្មានអ្វីត្រូវនិយាយទេ គ្រប់គ្នាគ្រាន់តែអាចសម្ដែងការអបអរជាមួយ Buffon នូវអ្វីដែលគេ ធ្វើបានក្នុងអាជីពរបស់ខ្លួន។ គេគឺជាវីរបុរស។ មិនចាំបាច់និយាយពាក្យអ្វីឡើយ គ្រាន់តែទះដៃអបអរសាទរប៉ុណ្ណោះ។ ពួកយើងស្វាគមន៍រូបគេ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយគ្មានពាក្យពេចន៍អ្វីពិសេសនោះទេ។ គ្រាន់តែក្រឡេកមើលចំនួនលេខរបស់គេ នោះនឹងដឹងហើយថា គេជាវីរបុរស»៕ AFP/VN