ក្រុង​បាសេឡូណា៖ តុលាការ​អាជ្ញា​កណ្តាល​កីឡា (CAS) បាន​ច្រានចោល​បណ្ដឹង​របស់​ក្លិប​នៅ​​ប្រេស៊ីល Santos តវ៉ា​​នឹង​ក្រុម​អ្នក​មាន​បុណ្យ Barcelona (Barca) ទាក់ទង​នឹង​ករណី​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ Neymar កាល​ពី​ឆ្នាំ ២០១៣​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្លិប​អេស្ប៉ាញ ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​១ កាល​ពី​ថ្ងៃ​អង្គារ​។

ក្រុម Santos បាន​បង្ហាញ​ពី​ការ​ទាមទារ​ទៅ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភព​លោក (FIFA) កាល​ពី​ឆ្នាំ ​២០១៥ ដោយ​បាន​ទាមទារ​ទឹក​ប្រាក់​ចំនួន ៦១ ២៩៥ ០០០ ​អឺរ៉ូ (៦៩,២១ លាន​ដុល្លារ) ជា​សំណង​ការ​ខូចខាត បន្ទាប់​​​ពី​ក្រុម Barca បាន​បង់​ប្រាក់​ទៅ​ឲ្យ​ឪពុក​របស់​កីឡាករ Neymar និង​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ N&N មុន​​ទិញ​យក​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ក្នុង​តម្លៃ​ដំបូង ៥៧ ​លាន​អឺរ៉ូ​។

ក្រុម​ Barca បាន​ឲ្យ​ដឹង​ថា​៖ «​CAS បាន​រក​ឃើញ​ថា កិច្ច​សន្យា​រវាង​ក្រុម Santos និង​កីឡាករ Neymar ត្រូវ​បាន​ចប់​សព្វ​គ្រប់​​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​​ ហើយ​ថា ក្រុម Barcelona មិន​បាន​រំលោភ​ច្បាប់​កិច្ច​សន្យា​ផ្ទេរ​កីឡាករ​ឡើយ​ នៅ​ពេល​​ក្លិប​​បាន​ចំណាយ​ថ្លៃ​បន្ថែម​​ដល់​ឪពុក​របស់​កីឡាករ និង​ក្រុមហ៊ុន​ N&N។ ក្រុម Barcelona មិន​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​ណា​មួយ​ឡើយ ទាំង​ពេល​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ទេរ​​ជាមួយ​កីឡាករ Neymar និង​ជាមួយ​ក្រុម​ Santos​»​។

សេចក្តី​ថ្លែងការណ៍​នោះ ក៏​បន្ថែម​ថា Santos ត្រូវ CAS បញ្ជា​ឲ្យ​បង់​ថ្លៃ​ផ្លូវ​​ច្បាប់​ទៅ​ក្រុម Barca ចំនួន ២០ ០០០ ហ្វ្រង់ស្វ៊ីស ($២១ ២៥៣,​៩៦)។ ការ​ផ្ទេរ​របស់​ Neymar វ័យ ២៨ ​ឆ្នាំ ពី​ក្លិប​កុមារភាព​របស់​គេ​ទៅ​ក្រុម Barca ត្រូវ​​​រុំ​ព័ទ្ធ​ដោយ​បញ្ហា​ផ្លូវ​ច្បាប់ ដែល​ធ្វើ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​​ប្រទេស​អេស្ប៉ាញ ​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ករណី​​ក្លែង​បន្លំ និង​អំពើ​ពុក​រលួយ​ចំពោះ​កីឡាករ ​ដែល​​បដិសេធ​មិន​បាន​ធ្វើ​ខុស​ទាក់ទង​​តម្លៃ​នៃ​ការ​ផ្ទេរ​នេះ​​។

ការ​ស៊ើប​អង្កេត​នេះ ក៏​បាន​ធ្វើ​ឲ្យ​លោក Sandro Rosell ប្រធាន​ក្លិប Barca ដែល​ជា​អ្នក​ចាត់ចែង​កិច្ច​ព្រមព្រៀង​នាពេល​នោះ​សម្រេច​លាលែង​ពី​តំណែង​កាល​ពី​ឆ្នាំ ​២០១៤​។

Neymar រួម​ចំណែក​​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ​ពាន​រង្វាន់​យ៉ាង​ច្រើន សម្រាប់​រយៈពេល ៤ ​ឆ្នាំ​របស់​ខ្លួន ហើយ​បង្កើត​បាន​​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​ជាង​គេ​​លើ​លោក​ទាំង ​៣ រួម​ជាមួយ​ Lionel Messi និង Luis Suarez មុន​ពេល​ទៅ​​ចូលរួម​ជាមួយ​ក្រុម​អ្នក​មាន​នៅ​​បារាំង​ Paris St Germain (PSG) ក្នុង​តម្លៃ​កំណត់ត្រា​ពិភព​លោក ២២២ លាន​អឺរ៉ូ​ ($២៥០ ​លាន)​។

ក្រោយ​មក​កីឡាករ Neymar ក៏​បាន​ប្តឹង​ក្រុម Barca ដែរ ជុំវិញ​ការ​បង់​ប្រាក់​រង្វាន់​ភក្ដី​ភាព ដែល​មាន​តម្លៃ ២៦ ​លាន​អឺរ៉ូ ($២៩ លាន) តែ​ចាញ់​ក្តី ហើយ​ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​ប្រាក់​​អតីត​ក្លិប​របស់​ខ្លួន​ចំនួន ៦,៧ ​លាន​អឺរ៉ូ ($៧,៥៥៣ ​លាន)​ ​ពី​បទ​រំលោភ​លើ​កិច្ច​សន្យា​ចុង​ក្រោយ ដែល​គេ​បាន​ធ្វើ​ការ​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ​២០១៦​។

ទោះបី​ជា​មាន​ការ​តស៊ូ​ផ្នែក​ច្បាប់​ជាមួយ​គ្នា​ក្ដី ក៏​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ បាន​ព្យាយាម​ចង់​​វិល​ត្រឡប់​ទៅ​កាន់​ក្រុម Barca វិញ ​​កាល​ពី​ឆ្នាំ​មុន​ដែរ ហើយ​បាន​បដិសេធ​ទៅ​ធ្វើ​ការ​​​ហ្វឹកហាត់​ជាមួយ PSG នា​ពេល​នោះ តែ​ក្លិប​នៅ​តំបន់​កាតាឡាន់ ​ចុង​ក្រោយ​មិន​បាន​បំពេញ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​ក្រុម​បារាំង​ឡើយ​។

ក្រុម Barca បាន​រំពឹង​ថា នឹង​អាច​ផ្ទេរ​យក​អតីត​កីឡាករ​របស់​ខ្លួន​ត្រឡប់​មក​​វិញ​ដែរ​ នៅ​រដូវ​ក្ដៅ​នេះ តែ​ប្រធាន​ក្លិប​លោក Josep Maria Bartomeu បាន​ថ្លែង​ កាល​ពី​ថ្ងៃ​ពុធ​​ថា ក្លិប​ទំនង​ជា​មិន​ធ្វើ​ការ​ស្នើ​ទិញ​កីឡាករ Neymar ទេ ដោយសារ​វិបត្តិ​ហិរញ្ញ​វត្ថុ ដែល​បណ្ដាល​មក​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​៕ AFP/VN