ក្រុង​ឡុងដ៍: លោក Gianfranco Zola កាល​ពី​ថ្ងៃ​ពុធ ត្រូវ​បាន​​តែង​តាំង​ជា​​គ្រូបង្វឹក​ជំនួយម្នាក់​របស់​​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​លោក Maurizio Sarri ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​ក្លិប​ដែល​លោក​ធ្លាប់​បាន​ចំណាយ​ពេល​អស់​៧​ឆ្នាំ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ​។

លោក Zola វ័យ​៥២​ឆ្នាំ​ បាន​លេង​ឲ្យ​ Chelsea ចាប់​ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ​២០០៣ ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​៨០​គ្រាប់ ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​ឈ្នះ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន European Cup Winners Cup វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​ ១៩៩៨ ផងដែរ​។​

លោក​ក៏ធ្លាប់​បាន​ឈ្នះ ពាន​ Super Cup ពាន FA Cup ២លើក និង​ពាន League Cup ផងដែរ​។

លោក Maurizio Sarri គ្រូបង្វឹក​ថ្មី​របស់​ក្លិប Chelsea ដែល​ត្រូវ​បាន​តែង​តាំង​​ជំនួស​កន្លែង​របស់​លោក Antonio Conte​។ AFP

លោក Zola​ បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ វា​គឺ​ជា​រឿង​ដ៏​អស្ចារ្យមួយ​។ ខ្ញុំ​ពិត​ជា​មាន​បំណង​ក្នុង​ការ​​ងារ​​​ដ៏​លំ​បាក ពីព្រោះ​វា​នឹង​ក្លាយ​ជា​ការ​ប្រជែង​ដ៏លំបាក ប៉ុន្តែ ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុង​ការ​ស្ថិតនៅ​ទិនេះ និង​ខិត​ខំ​ធ្វើ​ការ​ជា​មួយ​នឹង​លោក Maurizio ដើម្បី​ទទួល​ជោគ​ជ័យ​»​។

គ្រូបង្វឹក​រូបនេះ​បាន​​បន្ថែម​ទៀត​ថា៖ «វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អស្ចារ្យ​ក្នុង​ការ​ទទួល​ជោគ​ជ័យ​ជា​មួយ​នឹង​លោក Maurizio និង​ស​ម្រាប់​ក្លិបនេះ ហើយ ​ខ្ញុំ​នឹង​​​ប្រឹង​ឲ្យ​អស់​ពី​សមត្ថ​ភាព​របស់​ខ្ញុំ ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​កាលពីមុន ក្នុង​នាម​ជា​កីឡាករ​ម្នាក់ ហេតុនេះ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថ​ភាព​ក្នុង​តួនាទី​ថ្មី​របស់​ខ្ញុំ​»​៕ IS