ក្រុងប៉ារីស: ក្របខ័ណ្ឌ Europa League វគ្គចែកពូល នឹងចាប់ផ្តើមនៅរាត្រីនេះ ខណៈដែល Arsenal, Chelsea, AC Milan និង Sevilla សុទ្ធសឹងជាក្រុមឈានមុខគេ ដែលសង្ឃឹមអាចត្រួសត្រាយផ្លូវទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Baku នៅខែឧសភា។
ទឹកប្រាក់រង្វាន់ដែលផ្តល់ឲ្យក្នុង Europa League ស្ថិតក្នុងកម្រិតតិចតួចជាង បើធៀបទៅនឹងក្របខ័ណ្ឌ Champions League ឬក៏ក្របខ័ណ្ឌលីកកំពូលៗប្រចាំទ្វីបអឺរ៉ុប។
ប្រសិនបើក្រុម Arsenal ឈានទៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាននេះ វានឹងផ្តល់ប្រាក់រង្វាន់ប្រមាណជា ២៥ លានអឺរ៉ូ (ស្មើនឹង ២៩,២ លានដុល្លារអាមេរិក) ដល់ពួកគេ។
ផ្ទុយទៅវិញ ការឈ្នះពាន Champions League អាចនឹងមានតម្លៃដល់ទៅគុណនឹង ៥ ដងនឹងចំនួននោះ ស្របពេលដែលក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ទទួលបានចំណូលដល់ទៅ ៩៥ លានផោន (ស្មើ ១២៤,៨ លានដុល្លារ)។
ប៉ុន្តែ សម្រាប់ក្លិប ១ ដូចជា Arsenal ដែលនឹងចាប់ផ្តើមដោយធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ៊ុយក្រែន Vorskla Poltava ការឈ្នះពាន Europa League នៅតែជាផ្លូវ ១ ក្នុងការឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ស្របពេលដែលពួកគេក៏ស្រេកឃ្លានក្នុងការឈ្នះពានដ៏ធំមួយផងដែរ។
ក្រោមការដឹកនាំរបស់លោក Unai Emery ក្រុមកាំភ្លើងធំ ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន មានគ្រូបង្វឹកម្នាក់ ដែលបានឈ្នះពាននេះ ៣ ឆ្នាំជាប់ៗគ្នាជាមួយនឹងក្រុម Sevilla។
ជាមួយគ្នានេះ វានឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការពិនិត្យមើលពីកម្រិតនៃភាពខ្លាំងរបស់ក្រុម ១ ដែលលោក Maurizio Sarri ផ្តល់ទៅឲ្យ Chelsea នៅពេលប្រកួតជាមួយនឹងក្រុម PAOK ក្នុងប្រទេសក្រិក ខណៈដែលពួកគេនឹងចាប់ផ្តើមយុទ្ធនាការអឺរ៉ុបរបស់ពួកគេ ក្រោយពីបានកត់ត្រាជ័យជម្នះរាល់ការប្រកួតទាំង ៥ លើកនៃក្របខ័ណ្ឌ Premier League មកទល់ពេលនេះ។
ក្នុងនាមជាម្ចាស់ជើងឯក Europa League ឆ្នាំ ២០១៣ ក្រុម Chelsea អាចរំពឹងទុកពីការស្វាគមន៍យ៉ាងកក់ក្តៅមួយក្នុងការប្រកួតបើកឆាកនៃពូល L របស់ពួកគេ។
កាលពីរយៈពេល ៦ ខែមុន លោក Ivan Savvidis ប្រធានក្លិប PAOK បានដើរចូលទៅកាន់ទីលានប្រកួត ដោយប្រដាប់ដោយកាំភ្លើងខ្លីដែលសៀតនៅត្រង់ខ្សែក្រវាត់របស់លោក អំឡុងពេលនៃការប៉ះទង្គិចទាំងខឹងសម្បារវាងក្រុមរបស់លោក និងក្រុម AEK Athens។
សម្រាប់ក្រុម Rangers ការឈានទៅវគ្គចែកពូលក្នុងរដូវកាលទី ១ របស់លោក Steven Gerrard ក្នុងនាមជាគ្រូបង្វឹកគឺជាការសម្រេចនូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយនេះ។
ក្លិបមានមូលដ្ឋាននៅទីក្រុង Glasgow មួយនេះ បានឆ្លងកាត់ការប្រកួតជម្រុះចំនួន ៤ ជុំ ដើម្បីបង្ហាញខ្លួនជាលើកទី ១ របស់ពួកគេក្នុងវគ្គចែកពូលនៃយុទ្ធនាការអឺរ៉ុប បើគិតចាប់តាំងពីឈានទៅប្រកួតក្របខ័ណ្ឌ Champions League ឆ្នាំ ២០១០-២០១១។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមរបស់លោក Gerrard ស្ថិតក្នុងពូលដ៏លំបាកមួយ ខណៈដែលពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីជួបជាមួយនឹង ក្រុម Villarreal។
លោក Gerrard បានប្រាប់កាសែត The Scotsman ថា៖ «ខ្ញុំនឹងមិនត្រឹមតែព្យាយាម និងការពារប៉ុណ្ណោះទេ ប៉ុន្តែ នឹងព្យាយាមដណ្តើមយក ១ ពិន្ទុដែរ។ ការទទួលបាន ១ ពិន្ទុនៅក្រៅដីនៃក្របខ័ណ្ឌអឺរ៉ុប មិនមែនជាលទ្ធផលអន់ឡើយ»៕