ភ្នំពេញៈ ក្រុម Chelsea បានកត់ត្រានូវជ័យជម្នះលើក្រុម Manchester United ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ ដើម្បីលើកពានរបស់អង់គ្លេស FA Cup ប៉ុន្តែក្រុមខ្លាំង Bayern munich មិនអាចបន្ថែមកំណត់ត្រាឈ្នះពានលំដាប់ទី ២ របស់អាល្លឺម៉ង់ DFB-Pokal ឬ German Cup បាននោះទេ ខណៈពួកគេបានចាញ់ក្រោមស្នាដៃក្រុម Eintracht Frankfurt ក្នុងការប្រកួតផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួតនៅពហុកីឡដ្ឋាន Wembley ក្នុងទីក្រុង London កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុម Chelsea បានយកឈ្នះក្រុម Man United ទាំងលំបាកបំផុត គឺតាមរយៈការទទួលបានបាល់ពិន័យ ១១ ម៉ែត្រ បន្ទាប់ពីខ្សែការពារ Phile Jones បានធ្វើឲ្យ Eden Hazard ដួលនៅក្នុងតំបន់គ្រោះថ្នាក់នោះ។
ខ្សែបម្រើ Eden Hazard ជាអ្នកស៊ុតបាល់ពិន័យនេះបានសម្រេច នៅនាទីទី ២២ ដើម្បីជួយឲ្យក្រុម Chelsea លើកពាន FA Cup ជាលើកទី ៨ ក្រោយពីពួកគេ បានខកខានលើកពានលំដាប់ទី ២ របស់អង់គ្លេសមួយនេះអស់រយៈពេល ៥ ឆ្នាំ គឺបន្ទាប់ពីក្រុមនេះ បានចាញ់ក្រុម Liverpool ២-១ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១២ ហើយ Chelsea បានឈ្នះពាន FA Cup ជាលើកដំបូង នៅឆ្នាំ ១៩៧០ រួចបន្តលើកពានមួយនេះនៅឆ្នាំ ១៩៩៧, ២០០០, ២០០៧, ២០០៩, ២០១០, ២០១២ និងនៅឆ្នាំ ២០១៨ នេះ។
យ៉ាងណាមិញក្រុម Man United នៅតែជាក្រុមដែលមានកំណត់ត្រា បានលើកពាន FA Cup ច្រើនជាងក្រុម Chelsea ដដែល បើទោះបីជាពួកគេបានចាញ់លើកនេះក៏ដោយ។
តាមកំណត់ត្រាប្រកួតកន្លងមក Man United ធ្លាប់បានលើកពាន FA Cup ចំនួន ១២ លើកមកហើយ ក្នុងនោះពួកគេបានឈ្នះពាននេះជាលើកដំបូងនៅឆ្នាំ ១៩០៩ រួចបន្តឈ្នះនៅឆ្នាំ ១៩៤៨, ១៩៦៣, ១៩៧៧, ១៩៨៣, ១៩៨៥, ១៩៩០, ១៩៩៤, ១៩៩៦, ១៩៩៩, ២០០៤ និងចុងក្រោយនៅឆ្នាំ ២០១៦ បន្ទាប់ពី Man United បានឈ្នះក្រុម Crytal Palace ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
Bayern បាត់ឱកាសលើកពានក្រោយចាញ់ Frankfurt
ដោយឡែកក្រុម Bayern munich បានបាត់បង់ឱកាសលើកពាន German Cup 2018 ដ៏មិនគួរឲ្យចង់ជឿ ប៉ុន្តែហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង នៅពហុកីឡដ្ឋាន Olympiastadion ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ គឺបន្ទាប់ពី Bayern បានចាញ់ក្រុម Eintracht Frankfurt ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ខ្សែបម្រើក្រូអាត Ante Rebic បានក្លាយជាវីរៈបុរស ដែលបានជួយឲ្យក្រុម Eintracht Frankfurt លើកពាន German Cup លើកនេះ ដោយរូបគេរកបាន ២ គ្រាប់តែម្នាក់ឯង នៅនាទីទី ១១ និងទី ៨២ មុនពេលមិត្តរួមក្រុមរបស់គេ Gacinovic បានបន្ថែម ១ គ្រាប់ទៀត នៅនាទីទីបន្ថែម ៩០+៦។ រីឯ ១ គ្រាប់របស់ Bayern រកបានដោយកីឡាករ Lewandowski នៅនាទីទី ៥៣។
ការផ្តួលក្រុម Bayern ដើម្បីលើក German Cup ជាលើកទី ៥ នេះ បានក្លាយជាកាដូដ៏ពិសេសមួយសម្រាប់ស្អំបេះដូងដល់អ្នកគាំទ្រ និងក្រុម Eintracht Frankurt ទាំងមូល ចំពោះការខកចិត្ត កាលពីឆ្នាំ ២០១៧ ដោយ ពួកគេបានចាញ់ក្រុម Borussia Dortmand ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
តាមលទ្ធផលនោះ បានធ្វើឲ្យ ក្រុម មួយនេះ ទទួលបានលេខ ២ ក្នុងពាន German Cup នេះចំនួន ៣ ដង បន្ថែមទៅលើការលើកពានបាន ៥ ដង គឺនៅឆ្នាំ ១៩៧៤, ១៩៧៥, ១៩៨១, ១៩៨៨ និងនៅឆ្នាំ ២០១៨ នេះ៕