ភ្នំពេញៈ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ហៅ​កាត់​ថា CMMA ត្រូវ​បាន​បង្កើត​ឡើង ដោយ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ចំនួន ៩ រូប ភាគ​ច្រើន​ជា​អ្នក​ជំនាញ​ហាត់​គុន និង​និយម​ចូលចិត្ត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ប្រកួត ដែល​មាន​ច្រើន​ក្នុង​តំបន់​អាស៊ាន។

នៅក្នុង​មហាសន្និបាត ដែល​ត្រូវបាន​ធ្វើឡើង នៅ​ទី​ស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃ​អង្គារ អង្គ​មហា​សន្និបាត បាន​ជ្រើសរើស​លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ NOCC និង​អតីត​កីឡាករ​ប្រយុទ្ធ​ផ្នែក​ចំបាប់​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ឯ​លោក ម៉ក់ សំអុល ទីប្រឹក្សា​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ ជា​អតីត​គ្រូបង្ហាត់​គុន​កីឡា​ប្រយុទ្ធ​ជា​អនុប្រធាន។

ចំណែក​លោក កែ​ប៊ិន សូរ​ស្មី អ្នកជំនាញ​រៀបចំ​ការប្រកួត MMA ត្រូវបាន​ជ្រើសតាំង​ជា​អនុ​ប្រធាន ហើយ​លោក ហ៊ុន ចាន់​រាជ គ្រូបង្វឹក MMA ជា​អគ្គលេខា​ធិការ។ រីឯ​អ្នកស្រី ឈិន រីយ៉ា អគ្គលេខា​ធិការ​រង លោក អន សុវឌ្ឍីយ៉ា អគ្គហេរញ្ញិក កញ្ញា សាំង សុខ​សេរី​អគ្គ​ហេរញ្ញិក​រង ចំណែក​លោក ធន់ សកល និង​លោក គង់ ចាន់ធីណា ជា​សមាជិក។

លោក វ៉ា​ត់ ចំរើន ដែល​ជាប់ជា​ប្រធាន បាន​ថ្លែងថា៖ «កីឡា​ប្រភេទ គុន​ចម្រុះ ឬ​ហៅថា MMA នេះ​បច្ចុប្បន្ន​មាន​ទីផ្សារ​ប្រកួត​ច្រើន នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ាន ហើយ​ជា​កីឡា​ដែល​ប្រើ​ក្បាច់​គុន គ្រប់​ក្បាច់ គ្រប់​ស្នៀត គ្រប់​មធ្យោបាយ និង​ជា​កីឡា​បែប​កម្សាន្ត​ដ៏​ពេញ​និយម​បំផុត កម្ពុជា​ទទួល​បាន​អាជ្ញាប័ណ្ណ និង​ចង​សម្ព័ន្ធ​ជាមួយ ONE FC ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ។

លោក​បាន​បន្ថែមថា៖ «ការបង្កើត​ឡើងវិញ​នៃ​ប្រភេទ​កីឡា​យុទ្ធ​គុន​ចម្រុះ​នេះ គឺ​បំផុស​ឲ្យ​យុវជន​ចូលរួម​ហ្វឹក​ហាត់ ហើយ កីឡាករ​មក​ពី​ប្រភេទ​កីឡា​ប្រយុទ្ធ​ផ្សេងៗ​ដូចជា​ប្រដាល់​ល្បុក្កតោ តេក្វាន់ដូ ហាប់គីដូ យូដូ វ៉ូវីណាម និង​ចំបាប់ ជាដើម សុទ្ធ​តែមាន​មូលដ្ឋាន​គ្រឹះ​ស្រាប់​អាច​ចូល​មក​ហ្វឹកហាត់ MMA បាន។ ជាមួយ​គ្នា​នេះ ក្នុង​រយៈពេល​ត្រឹម​មួយ​ឆ្នាំ​បន្ទាប់ពី​យើង​កសាង​បាន​ក្លិប​ហ្វឹកហាត់ តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ គឺ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​បាន និង​ងាយ​ស្វែងរក​ការ​ឧបត្ថម្ភ»។

ចំណែក​លោក ហ៊ុន ចាន់​រាជ បាន​និយាយថា៖ «កន្លងមក ទោះបីជា​យើង​មិនទាន់បាន​បង្កើត សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា ដោយ​យើង​មាន​ត្រឹម​សមាគម ឬ​ក្លិប ប៉ុន្តែ​យើង​នៅ​តែ​មាន​ទីផ្សារ​ប្រកួត​ជាមួយ​អន្តរជាតិ ច្រើន​ព្រឹត្តិការណ៍។ ចំណែក​សកម្មភាព​ក្នុង​ស្រុក​វិញ យើង​នៅ​តែ​មាន​សកម្មភាព​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ធំៗ របស់​ជាតិ មាន​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ​ជាដើម»។

លោក​បន្តថា៖ «ជាមួយ​ការបង្កើតបាន​នូវ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា នេះ​យើង បាន​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅ​ខេត្ត​កោះកុង នា​ពាក់​កណ្តាល​ខែ​ធ្នូ ហើយ​នៅ​ចុង​ឆ្នាំ ២០១៨ នេះ យើង​នៅ​សល់​កុងត្រា​ប្រកួត នៅ​ក្រៅ​ប្រទេស​ចំនួន ៧ ប្រកួត​ទៀត រួម​មាន​នៅ​មីយ៉ាន់ម៉ា​សិង្ហបុរី ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ាឡេស៊ី។ បន្ថែម​លើ​នេះ យើង​ក៏ នឹង​ចូលរួម​ក្នុង​ពិធី​បុណ្យ​ទន្លេ នៅ​ខេត្ត​កំពង់ឆ្នាំង នា​ដើម​ឆ្នាំ ២០១៩ ផង​ដែរ»៕