ក្រុងឡុងដ៍: ការ​ធ្វើ​ដំណើរ​របស់​ក្រុម Barcelona ទៅ​កាន់​ទឹកដី​ក្រុម Chelsea ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី ១ នៅ​រាត្រី​នេះ នឹង​ផ្តល់​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​លោក Antonio Conte ក្នុងការ​ស្តារ​កេរិ៍្ត​ឈ្មោះ​របស់​លោក​ក្នុង​នាម​ជា​គ្រូបង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប។

ក្រោយពី​បាន​កាត់បន្ថយ​សម្ពាធ​ផ្សេងៗ​ទៅ​លើ​ការងារ​របស់​លោក តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ ២ លើក​ជាប់ៗ​គ្នា លើ​ក្រុម West Brom និង Hull កាល​ពី​សប្តាហ៍​មុន លោក Conte បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​ជាមួយ​នឹង​ក្រុម Barcelona គឺ​ជា​ការ​ប្រជែង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង»។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ប្រាប់​បន្តថា៖ «យើង​ត្រូវ​តែ​រំភើប​ក្នុង​ការ​លេង​ការ​ប្រកួត​បែប​នេះ ជា​ពិសេស​នៅ​ពេល​ជួប​ក្រុម​នេះ។ ខ្ញុំ​គិត​ថា Barcelona ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភពលោក»។

លោក Conte ផ្ទាល់​ក៏​ចាត់ទុក​ខ្លួនឯង​ជា​គ្រូបង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក តាមរយៈ​ការ​គិត​ថា លោក​ជា​អ្នក​ឈ្នះ បើ​ទោះបី​ក្រុម​ខ្លួន​ចាញ់ ៤-១ នៅ​លើ​ទឹកដី​ក្រុម Watford ក៏ដោយ។

ការ​លើក​ឡើង​បែបនេះ ក្រោយពី​លោក​បាន​បង្ហាញ​ពី​ស្នាដៃ​របស់​លោក​រួច​ជា​ស្រេច។ ក្នុង​អាជីព​គ្រូបង្វឹក​ដ៏​ត្រចះ​ត្រចង់ លោក Conte បាន​ដឹកនាំ​ឲ្យ​ក្រុម Juventus លើក​ពាន​ក្របខ័ណ្ឌ Serie A ៣ ឆ្នាំ​ជាប់ៗ​គ្នា ក្រោយ​ពី​ក្រុម​នេះ​មិន​ធ្លាប់​ឈ្នះ​សោះ​ក្នុង​រយៈពេល ៥ ឆ្នាំ។

គ្រូបង្វឹក​រូបនេះ​ក៏បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​ផងដែរ តាមរយៈ​ការ​ដឹកនាំ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី ដែល​មិន​សូវ​មាន​តារា​ឆ្នើមៗ ឈាន​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៦ និង​បាន​ឈ្នះ​ពាន Premier League ក្នុង​រដូវកាល​ទី ១ របស់​លោក​នៅ​ឯ​ក្លិប Chelsea។

ទោះបី​ជា​យ៉ាង​ណា ការ​ធ្លាក់ចុះ​ទម្រង់​លេង​របស់ Chelsea ក្នុង​រដូវកាល​ទី ២ របស់​លោក និង​ការ​ប្រេះ​ស្រាំ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​របស់​ក្លិប ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជឿជាក់​ថា គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ នឹង​មិន​បន្ត​ដឹក​នាំ​នៅ​កីឡដ្ឋាន Stamford Bridge ឲ្យ​ហួស​ពី​ចុង​រដូវ​កាល​នេះ​ឡើយ។

លោក Conte ត្រូវតែ​បង្កើត​រាត្រី​នៃ​ការ​ប្រកួត Champions League ប្រកប​ដោយ​ភាព​ចងចាំ មិន​ថា លទ្ធផល​នេះ អាច​ធ្វើ​ឲ្យ​លោក Roman Abramovich ដែល​ជា​ម្ចាស់​ក្លិប និង​អ្នកស្រី Marina Granovskaia ដែល​ជា​ប្រធាន​ក្លិប បន្ត​នៅ​ដឹកនាំ​នៅ​រដូវកាល​ក្រោយ ឬ​យ៉ាងណា​ក៏ដោយ។

រយៈពេល ២ ឆ្នាំ​របស់​លោក​ក្នុង​យុទ្ធនាការ​នេះ ជាមួយ​នឹង Juventus បាន​បញ្ចប់​ដោយ​ការ​ចាញ់​ក្នុង​លទ្ធផល​ទាំង ២ ជើង ៤-០ នៃ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្រោម​ស្នាដៃ​ក្រុម Bayern Munich និង​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​ទាំង​អាម៉ាស់ ក្រោម​ស្នាដៃ​របស់​ក្រុម Galatasaray។

នៅ​ពេល​នោះ លោក Conte បាន​ត្អូញត្អែរ​ថា វា​មិនអាច​ទៅរួច​ឡើយ​សម្រាប់​ក្រុម​របស់​អ៊ីតាលី ក្នុងការ​ឆ្លង​ឲ្យ​ផុត​វគ្គ​ខ្ពស់​ជាង​នេះ​នៃ​ក្របខ័ណ្ឌ Champions League។ ប៉ុន្តែ ការ​លើក​ឡើង​របស់​លោក​មិន​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ ខណៈ​ដែល​អ្នក​ជំនួស​កន្លែង​របស់​លោក​គឺ​លោក Massimiliano Allegri បាន​ដឹកនាំ​ឲ្យ​ក្រុម Juventus ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Champions League ២ លើក​ក្នុង​រយៈពេល ៣ រដូវកាល។

លោក Heynckes នាំយក​ស្មារតី​នៃ​ការ​ប្រជែង​ពាន៣ទៅកាន់ Bayern

ក្រុម Bayern Munich នឹងត្រូវ​ធ្វើជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Besiktas ក្នុងការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ជើង​ទី ១ នៃ​ក្របខ័ណ្ឌ Champions League ដោយ​នាំយក​កំណត់ត្រា​នៃ​ការ​ទទួល​ជ័យជម្នះ ១៣ លើក​ជាប់ៗ​គ្នា ក្រោម​ការ​ដឹកនាំ​របស់​លោក Jupp Heynckes ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ វិល​ទៅ​រក​ភាព​ខ្លាំង​វិញ។

លោក Jupp Heynckes គ្រូ​បង្វឹក​របស់​ក្រុម Bayern Munich។ AFP

ចាប់តាំង​ពី​លោក Heynckes បាន​ជំនួស​កន្លែង​របស់​លោក Carlo Ancelotti ក្នុង​នាម​ជា​គ្រូ​បង្វឹក កាល​ពី​ដើម​ខែ​តុលា ក្រុម Bayern បាន​ទទួល​ជ័យ​ជម្នះ ២២ លើក​ក្នុង​ចំណោម ២៣ ប្រកួត មុន​ឈាន​ទៅ​កាន់​ការ​ប្រកួត​នៅ​រាត្រី​នេះ នៅ​កីឡដ្ឋាន Allianz Arena ក្នុង​ទីក្រុង Munich។

Bayern បាន​ដេញតាម​ពីក្រោយ​ក្រុម Borussia Dortmund ៥ពិន្ទុ នៅ​លើ​តារាង​ក្របខ័ណ្ឌ Bundesliga នៅ​ពេល​ដែល​លោក Heynckes វ័យ ៧២ ឆ្នាំ បាន​វិល​ទៅ​កាន់​តំណែង​ជា​លើក​ទី ៤ របស់​លោក​ក្នុង​ក្លិប​នេះ។

ការរង​បរាជ័យ ៣-០ នៅលើ​ទឹកដី​ក្រុម Paris Saint-Germain កាល​ពី​ចុង​ខែ​កញ្ញា គឺជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក Ancelotti មុន​ពេល​ក្រុម Bayern បាន​ដាក់​ការ​ជឿ​ជាក់​លើ​លោក Heynckes ក្នុងការ​សង្គ្រោះ​ពួកគេ។

ការដឹកនាំ​ឲ្យ​ក្រុម Bayern មាន​ទម្រង់​លេង​ដ៏​រឹងមាំ គឺជា​ការងារ​ដ៏​ចម្បង​របស់​លោក Heynckes ចាប់តាំង​ពី​ជួយ​ឲ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ ឈ្នះ​ពាន ៣ ក្នុង​រដូវកាល​តែ​មួយ​ដែល​រួម​មាន Champions League, Bundesliga និង German Cup កាល​ពី​រយៈពេល ៥ ឆ្នាំ​មុន។ នៅ​ពេល​ដែល Bayern បាន​កោះ​ហៅ​ឲ្យ​លោក​ទៅ​ដឹកនាំ​ម្តង​ទៀត លោក Heynckes បាន​ឲ្យ​ដឹង​ថា៖ «ភរិយា និង​កូន​ស្រី​របស់​ខ្ញុំ បាន​និយាយ​ថា ខ្ញុំ​គួរ​តែ​ធ្វើ។ សត្វ​ឆ្កែ​របស់​ខ្ញុំ​ក៏បាន​ព្រុស ២ ដង​ផង​ដែរ ហេតុ​នេះ មានន័យ​ថា ខ្ញុំ​គួរ​តែ​ធ្វើការ​ងារ​នេះ»។

ការ​ហ្វឹក​ហាត់​ផ្សេងៗ និង​វិន័យ​ក៏មាន​ភាព​តឹងរ៉ឹង​ក្រោម​ការ​ដឹកនាំ​របស់​លោក Heynckes ផង​ដែរ។ ខ្សែ​ប្រយុទ្ធ Thomas Mueller ដែល​ជា​កីឡាករ​ម្នាក់​ដែល​លោក Ancelotti មិន​ធ្លាប់​បាន​ប្រើប្រាស់​ក្នុង​ទីតាំង​ដ៏​ល្អ​បំផុត​នោះ ត្រូវបាន​ប្តូរ​ពី​តំបន់​ស្លាប និង​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​ទីតាំង​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Robert Lewandowski។ កីឡាករ Javi Martinez ត្រូវ​បាន​ប្តូរ​ពី​តំបន់​ការពារ​កណ្តាល ដើម្បី​លេង​ក្នុង​តំបន់​បម្រើ​ការពារ ដែល​ជា​តួនាទី​រូបគេ​បាន​លេង​កាល​ពី​ឆ្នាំ ២០១៣ និង​បាន​ផ្តល់​នូវ​ប្រសិទ្ធភាព​ភ្លាម។

Bayern ទើប​តែ​បាន​ពង្រឹង​ទីតាំង​របស់​ពួកគេ​ក្នុង​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​ក្របខ័ណ្ឌ​របស់​អាល្លឺម៉ង់ តាមរយៈ​ការ​វាយ​បក​ដើម្បី​ផ្តួល​ក្រុម Wolfsburg ២-១ និង​ដើម្បី​នាំមុខ ១៩ ពិន្ទុ​ដាច់។

ការប្រកួត​ទាំង ២ គូ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៤៥ ទៀប​ភ្លឺ៕