ក្រុង Madrid: កាសែត​អេស្ប៉ាញ​មួយ​បាន​រាយការណ៍​ពី​ថ្ងៃ​អង្គារ​ថា ខ្សែប្រយុទ្ធ Diego Costa នៅ​ក្លិប Atletico Madrid បាន​យល់ព្រម​បង់ប្រាក់​ចំនួន​ ១,៧ ​លាន​អឺរ៉ូ​ ស្មើ​ ១,៩ ​លាន​ដុល្លារ​អាមេរិក​ ទៅ​ឲ្យ​ទីភ្នាក់ងារ​ពន្ធដារ​នៅ​ប្រទេស​ អេស្ប៉ាញ​ ដែល​កំពុង​ស៊ើបអង្កេត​រូបគេ​ពាក់ព័ន្ធ​នឹង​ការ​មិន​បាន​បង់ពន្ធ​ទៅ​លើ​សិទ្ធិ​មុខមាត់ (Image rights)​។

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ប្រាក់ចំណូល​របស់​កីឡាករ​វ័យ​ ៣០ ​ឆ្នាំ​រូបនេះ​ បាន​មកពី​ការចុះ​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Adidas នៅ​ឆ្នាំ​ ២០១៤ ភ្លាមៗ​បន្ទាប់ពី​រូបគេ​បាន​ចេញពី​ក្លិប Atletico ទៅ​ចូលរួម​ក្លិប Chelsea នៅ​ឆ្នាំ​នោះ​។

កីឡាករ Costa ជា​ពលរដ្ឋ​ប្រេស៊ីល​កាត់​អេស្ប៉ាញ​រូបនេះ​បាន​ត្រឡប់​ទៅ​ចូលរួម​នឹង​ក្លិប Atletico វិញ​នៅ​ឆ្នាំ​ ២០១៨​។

កាសែត El Mundo បាន​រាយការណ៍​ថា តាម​កិច្ចសន្យា​ជាមួយ​ការិយាល័យ​ពន្ធដារ នៅ​ប្រទេស​ អេស្ប៉ាញ កីឡាករ Costa នឹងត្រូវ​មានទោស​ចំពោះ​ការ​គេចវេះ​មិនបាន​បង់ពន្ធ​ដែល​ត្រូវ​បង់​សរុប​ចំនួន​ ១,១ ​លាន​អឺរ៉ូ​។

កាសែត​ដដែល​នេះ​បាន​បន្ថែមថា កីឡាករ​រូបនេះ​ក៏​នឹងត្រូវ​ជាប់​ពន្ធនាគារ​ ៦ ​ខែ​ផងដែរ​ ប៉ុន្តែ​អាច​ស្ថិតនៅ​ក្រៅ​ឃុំ​បាន​ប្រសិនបើ​រូបគេ​យល់ព្រម​បង់ប្រាក់​ចំនួន​ ៦០ ​ម៉ឺន​អឺរ៉ូ​ថែម​ទៀត ហើយ​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅឯ​តុលាការក្រុង Madrid នៅ​ថ្ងៃទី​ ៤ ខែ ​តុលា​។

Costa គឺជា​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ក្រោយ​គេ​បំផុត​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​របស់​អាជ្ញាធរ​ពន្ធដារ​នៅ​ប្រទេស​ អេស្ប៉ាញ​។

កាលពី​ខែ​មករា​តុលាការ​ប្រទេស​នេះ​ក៏បាន​កាត់ក្ដី​ឲ្យ​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ឲ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​ ដោយ​ព្យួរទោស​ចំពោះ​ការ​មិនបាន​បង់ពន្ធដារ​ផង​ដែរ​នៅពេល​រូបគាត់​លេង​នៅ​ក្លិប Real Madrid​។

ពេល​នោះ​កីឡាករ Ronaldo បាន​យល់ព្រម​បង់ប្រាក់​ពិន័យ និង​ថ្លៃ​ពន្ធ​សរុប​ចំនួន​ ១៨,៨ ​លាន​អឺរ៉ូ​ដើម្បី​បញ្ចប់​រឿងនេះ​៕ SN