ឡុងដ៍៖ ខ្សែ​បម្រើ Kevin De Bruyne បាន​ទទួល​ស្គាល់​ពី​ឥទ្ធិពល​របស់​លោក Pep Guardiola (Pep) ក្រោយ​ពី​បាន​ក្លាយ​ជា​កីឡាករ​របស់​ក្រុម​​ Manchester City ដំបូង​គេ​ ដែល​​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​ពី​សមាគម​កីឡាករ​បាល់ទាត់​អាជីព (PFA) របស់​​​ប្រទេស​អង់គ្លេស​។

ស្រប​ពេល​ពាន​ឯកត្តជន​ជា​របស់​ De Bruyne តែ​សម្រាប់​​ក្រុម​ល្អ​ប្រចាំ​ឆ្នាំ​របស់ PFA ភាគ​ច្រើន​ គឺ​ជា​កីឡាករ​មក​ពី​ក្រុម​ម្ចាស់​ជើងឯក Premier League គឺ​ Liverpool ដោយ​មាន​ ៥ ​រូប ខណៈ​ខ្សែ​ប្រយុទ្ធ Marcus Rashford របស់​ក្រុម​ Manchester United លើក​ពាន​កិត្តិយស​សប្បុរសធម៌ ដោយសារ​ការ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​​ក្រីក្រ​​កុមារ​។​

Man City ​បញ្ចប់​រដូវកាល ២០១៩-២០២០ នៅ​លីក​កំពូល​​ ដោយ​ការ​តាម​ពី​ក្រោយ Liverpool ១៨ ​ពិន្ទុ តែ​កីឡាករ De Bruyne វ័យ ២៩ ​ឆ្នាំ ដែល​រក​បាន ១៣ ​គ្រាប់ និង​បញ្ចូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត ២០ ​គ្រាប់ ទទួល​បាន​ការ​បោះឆ្នោត​ជា​កីឡាករ​​​​លេង​ល្អ​ជាង​គេ​ពី​សំណាក់​មិត្ត​រួម​អាជីព​។

ក្រោយ​ឈ្នះ​ពាន​រង្វាន់​នេះ De Bruyne ប្រាប់​ថា​៖ «​នេះ​ជា​កិត្តិយស​ដ៏​ធំ​ធេង​ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់ ដែល​ត្រូវ​បោះ​ឆ្នោត​​ដោយ​មិត្ត​រួម​ក្រុម ដោយ​កីឡាករ​ក្រុមគូ​ប្រជែង ដែល​អ្នក​តែងតែ​​តទល់​គ្នា​​លើ​ទីលាន​។ សំឡេង​ឆ្នោត​ទាំង​នោះ ដែល​បោះ​ឲ្យ​អ្នក​ថា ជា​កីឡាករ​ល្អ​ជាង​គេ​វា​ពិត​ជា​រឿង​អស្ចារ្យ​មែន​ទែន​»​។

De Bruyne បន្ត​​ទៀត​ថា​៖ «​វា​ដូច​ជា​ប្លែក​ដែរ ដែល​ខ្ញុំ​ជា​កីឡាករ​ដំបូង​គេ​របស់​ Man City ខណៈ​គ្រប់​គ្នា​ឃើញ​កីឡាករ​ល្អ​ជា​ច្រើន ក្នុង​ក្រុម​នេះ ទាំង​ពី​មុន និង​បច្ចុប្បន្ន។ តែ​ជា​រឿង​រីករាយ ដែល​បាន​ក្លាយ​ជា​តំណាង​របស់​ក្លិប​»​។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​បាន​ទទួល​ស្គាល់​ពី​ឥទ្ធិពល​របស់​លោក Pep ដែល​​ផ្ដល់​រូប​គេ​នូវ​ទំនុក​ចិត្ត ដើម្បី​ឈាន​ទៅ​រក​​ភាព​​លេច​ធ្លោ​បន្តិច​ម្ដង​ៗ ក្រោយ​​ងើប​ពី​របួស ដែល​បាន​ញាំញី​រូប​គេ​នា​រដូវកាល ២០១៨​-២០១៩​៕ AFP/VN