ក្រុងស៊ីដនីៈ កីឡាករ​វាយ​កូន​បាល់ Novak Djokovic បាន​និយាយថា ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍ Australian Open គួរតែ​ពិចារណា​ពន្យារ​ពេល​ការប្រកួត Grand Slam លើកដំបូង​នៅ​ឆ្នាំនេះ​ប្រសិនបើ​ផ្សែងភ្លើង​ឆេះ​ព្រៃ​នៅតែ​បន្ត​រសាត់អណ្ដែត​នៅ​ជុំវិញ​ប្រទេស​នេះ​ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​របស់​កីឡាករ​។

ការប្រកួត​បើកឆាក​ឆ្នាំ​ ២០២០ ​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឧទ្យាន Melourne Park នៅ​ថ្ងៃទី​ ២០ ខែមករា ខណៈ​ទីក្រុង​នេះ​កំពុង​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​អណ្ដែត​ទៅ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍​ដែល​បង្ក​ឲ្យ​ខ្យល់អាកាស​មិនល្អ​។

កីឡាករ Djokovic ប្រធាន​ក្រុមប្រឹក្សា​កីឡាករ​នៃ​សមាគមវិជ្ជាជីវៈ​វាយ​កូនបាល់ (ATP) បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា គេ​គួរតែ​ពិភាក្សាគ្នា​ពី​ការពន្យារពេល​នៃ​ការប្រកួត​នេះ​ដែល​ជា​ជម្រើស​ចុងក្រោយ​។

នៅពេល​សង្កត់ធ្ងន់​ពី​បញ្ហា​នៅ​ទីក្រុង Brisbane ជាទី​ដែល​កីឡាករ Djokovic នឹងចូលរួម​ប្រកួត​តំណាង​ប្រទេស​ស៊ែប៊ី​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​ក្រុម ATP Cup នេះ កីឡាករ​រូបនេះ​បាន​និយាយថា​៖ «​ខ្ញុំ​មានន័យថា វា​មិនចាំបាច់​ឆ្ងល់​ពី​បញ្ហា​ដែល​សុំ​ឲ្យ​ពន្យារ​ពេលនេះ​ទេ​»​។

កីឡាករ​រូបនេះ​បាន​និយាយថា​៖ «​ជាការ​ពិត​អ្នក​ត្រូវតែ​ស្វែងយល់​ខ្លួនឯង​ហើយ​ព្រោះ​អាកាសធាតុ​មិន​សូវ​ល្អ ដូច្នេះ​ហើយ​អ្នក​ត្រូវតែ​គិតគូរ​ពី​បញ្ហា​នេះ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​គិតថា នោះ​ប្រហែល​ជា​ជំរើស​ចុងក្រោយ​បំផុត​សម្រាប់​អ្វីៗ​ទាំងអស់ ហើយ​ខ្ញុំ​គិត​ទៀតថា ពួកគេ​នឹង​ព្យាយាម​ធ្វើ​អ្វីៗ​ដើម្បី​កុំ​ឲ្យ​ពន្យារពេល​ពាក់ព័ន្ធ​នឹង​ថ្ងៃ​ និង​ពេលដែល​នឹងត្រូវ​ចាប់ផ្តើម​ក្នុងពេល​ខាងមុខ​»​។

គួររំឭកថា ភ្លើង​ឆេះ​ព្រៃ​បាននិង​កំពុង​រាលដាល​នៅ​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ​ធ្វើឲ្យ​មនុស្ស​ចំនួន​ ២៤ ​នាក់​ស្លាប់ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ រាប់រយ​កន្លែង​ផងដែរ​។

មន្ត្រី​រៀបចំ​ការប្រកួត​វាយ​កូន​បាល់​កាលពី​សប្ដាហ៍​មុន​បានសម្រេច​ចិត្ត​មិន​ធ្លាប់មាន​ដោយ​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​កីឡដ្ឋាន Canberra International ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ ATP Challenger 125 និង​ព្រឹត្តិការណ៍​កីឡា​វាយ​កូនបាល់ ITF World Tennis Tour របស់​ស្ត្រី​។

មន្ត្រី​រៀបចំ​ការប្រកួត​បាន​និយាយថា ការប្រកួត​នឹង​មិន​អាច​ស្ថិតនៅក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​បាន​ទេ​ព្រោះ​ទីនោះ​បាននិង​កំពុង​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ ហើយ​ព្រឹត្តិការណ៍​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង Bendigo នៅ​រដ្ឋ Victoria​។

កីឡាករ Djokovic បាន​និយាយថា រូបគេ​ធ្លាប់​ឆ្លងកាត់​បញ្ហា​កង្វក់​ខ្យល់អាកាស​នៅក្នុង​ការប្រកួត​នៅ​ប្រទេស​ចិន​ប៉ុន្តែ​ផ្សែងភ្លើង​នេះ​បាន​បង្កើត​ស្ថានភាព​មួយ​មិនធម្មតា​នោះទេ​។

កំពូល​តារា​វាយ​កូនបាល់​ស៊ែប៊ី​រូបនេះ​បាន​និយាយថា រូបគេ​មិនទាន់​បាន​ជជែក​ជាមួយ​ប្រធាន​រៀបចំ​កីឡា​វាយ​កូន​បាល់​អូស្ត្រាលី​គឺ​លោក Craig Tiley នៅឡើយ​ទេ​ «​ប៉ុន្តែ​ក្រុមការងារ​របស់​ក្រុម​ខ្ញុំ​បាន​ជែក​ពិភាក្សា​រួចហើយ​»​។

កីឡាករ Djokovic បាន​បន្ថែមទៀត​ថា​៖ «​ពួកគេ​ពិតជា​កំពុង​តាមដាន​ស្ថានភាព​នេះ​រៀងរាល់​ថ្ងៃ​ព្រោះ​វា​កំពុងមាន​ការវិវត្ត ហើយ​សង្ឃឹមថា វា​នឹង​ស្ងប់​ជាមួយ​ផ្សែង និង​ភ្លើង​ឆេះ​ព្រៃ​នេះ​ទៅ​ចុះ​»៕ SN