ក្រុងឡុងដ៍: ខ្សែសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានប្រការប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ខ្លួនបាននិងកំពុងត្រៀមរៀបចំការប្រកួតជម្រុះថ្នាក់ជាតិ ដើម្បីស្វែងរកក្រុមមានចំណាត់ថ្នាក់ល្អ ចំនួន ១ ក្រុមមានគ្នា ៥ នាក់ទៅចូលរួមការប្រកួតនៅក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asia Cup 2019 (MSC) នៅហ្វីលីពីន។
លោក លន់ សាមឌី មន្ត្រីនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានថ្លែងថា ការប្រកួតនៃកីឡាបែបទំនើប និងប្រើគំនិតបញ្ញាស្មារតីមួយនេះគឺធ្វើតាមអនឡាញ ហើយកម្មវិធី Mobile Legends: Bang Bang គឺជាវិញ្ញាសាប្រកួតមួយដែលគេលេងនៅលើទូរស័ព្ទដៃ ៥ នាក់ទល់ ៥ នាក់ហើយមានសកម្មភាពនៅប្រទេសមួយចំនួនតាំងពីឆ្នាំ ២០១៦ និងទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក ជាពិសេសនោះគឺតំបន់អាស៊ីអាគ្នេយ៍។
លោកបានបន្តថា៖ «បច្ចុប្បន្នបច្ចេកវិជ្ជានេះបានចូលមកដល់កម្ពុជាគឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ដែលមានអ្នកលេងច្រើន ហើយមានក្រុមខ្លាំងៗមានលំដាប់ជួរមុខ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន ហើយយើងបានអនុញ្ញាតឲ្យវិស័យឯកជនគឺក្រុមហ៊ុន GENTEC WORK Co., Ltd ជាអ្នករៀបចំការប្រកួតនេះឡើង ដើម្បីអភិវឌ្ឍ Mobile Legends នេះព្រោះវាជាវិញ្ញាសាដែលត្រូវបានគណៈកម្មការរៀបចំការប្រកួតត្រៀម SEA Games 2019 នៅហ្វីលីពីនបានដាក់បញ្ចូលក្នុងកម្មវិធីរួចហើយ»។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា៖ «ក្រុមដែលទទួលបានលេខ ១ នៅក្នុងការប្រកួតនេះដែលមានគ្នា ៥ នាក់នឹងមានឱកាសទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ ២០១៩ នេះ នៅឯប្រទេសហ្វីលីពីនតំណាងឲ្យកម្ពុជា»។
ក្រុមហ៊ុន Montoon ដែលជាអ្នកផលិត និងអភិវឌ្ឍព្រឹត្តិការណ៍ MobileLegends: Bang Bang បានបង្កើតឲ្យមានការប្រកួតប្រចាំតំបន់ដ៏ធំនេះ មានឈ្មោះថា MLBB South East Asia Cup ហៅកាត់ថា MSC ហើយមានប្រាក់រង្វាន់សរុបរហូតដល់ ៦០០០ ដុល្លារដែលក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងអស់។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជាក់ថា ការប្រកួតនេះបានចាប់បើកទទួលការឲ្យចុះឈ្មោះសម្រាប់ក្រុមចូលរួមតាំងពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៤ ខែមេសាដោយគ្រោងទទួលយកក្រុមចូលរួមរហូតដល់ ១២៨ ក្រុម ហើយនៅក្នុងនោះការប្រកួតជម្រុះលក្ខណៈ Online នឹងធ្វើឡើងចាប់ពីថ្ងៃទី ១ ខែឧសភា រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩។
ចំណែកក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ ពីការប្រកួតនេះនឹងទទួលបានប្រាក់រង្វាន់ចំនួន ៦ ពាន់ដុល្លារ ហើយបានទៅប្រកួតជាមួយនឹងបណ្តាប្រទេសក្នុងអាស៊ានផ្សេងទៀតនៅហ្វីលីពីន ខណៈក្រុមហ៊ុន Montoon ជាអ្នករ៉ាប់រងបន្ទុកចំណាយការធ្វើដំណើរការស្នាក់នៅ និងម្ហូបអាហារទាំងស្រុង៕