ក្រុងឡុងដ៍៖ អតីតកីឡាករប្រណាំងរថយន្ត Formula One (F1) លោក Bernie Ecclestone បាននិយាយថា ការប្រណាំងដណ្ដើមជើងឯករដូវកាលនេះ គួរតែលុបចោលទៅ ព្រោះថាមើលទៅការប្រណាំងទាំងអស់ទំនងដូចជាមិនអាចត្រូវបានធ្វើឡើងចប់ទាំងស្រុងបានឡើយ ដោយសារតែវិបត្តិវីរុសកូរ៉ូណា។
ការប្រណាំង ៨ ជុំដំបូងនៃរដូវកាល ២០២០ នេះ សុទ្ធតែត្រូវបានរំលាយចោល ឬពន្យារពេលទាំងអស់ ហើយចម្ងល់ចំពោះការប្រណាំង ១៤ ជុំចុងក្រោយ ក៏កំពុងតែមានដែរថា តើលទ្ធផលនឹងទៅជាយ៉ាងណា? បើស្ថានភាពជំងឺដ៏សាហាវនេះ មិនថមថយទាល់តែសោះ ដោយមិនត្រឹមតែការប្រណាំងរថយន្ត F1 ទេ ដែលរងផលប៉ះពាល់ តែវិស័យកីឡាផ្សេងៗ ក៏កំពុងឈឺក្បាលដូចគ្នាដែរ។
សម្រាប់ការប្រណាំងកាំជ្រួចលើដីនេះ ឲ្យតែអាចប្រណាំងចប់សព្វគ្រប់យ៉ាងតិចណាស់ ៨ ជុំ នោះគឺចាត់ទុកជាផ្លូវការហើយ តែលោក Ecclestone អតីតប្រធាននាយកប្រតិបត្តិ F1 គ្មានជំនឿឡើយថា វានឹងមានផ្លូវទៅរួច។
បុរសវ័យ ៨៩ ឆ្នាំរូបនេះ បាននិយាយទៅកាន់វិទ្យុ BBC Radio ថា៖ «យើងគួរតែបញ្ឈប់ការប្រកួតប្រជែងជើងឯកឆ្នាំនេះ ហើយចាប់ផ្ដើមអ្វីៗឡើងវិញនៅឆ្នាំក្រោយ ព្រោះខ្ញុំមើលមិនឃើញថា ចំនួនប្រណាំងដែលអាចឲ្យការប្រណាំងឆ្នាំនេះចប់ផ្លូវការបាននឹងអាចត្រូវបានរៀបចំឲ្យកើតជារូបរាងនោះឡើយ។ វាត្រូវមាន ៨ ជុំ តែខ្ញុំមិនអាចស្រមៃទាល់តែសោះថា ត្រូវរៀបចំវាយ៉ាងម៉េច ដោយសារស្ថានភាពមើលទៅពិបាកណាស់»។
កីឡាករសញ្ជាតិអង់គ្លេស Lewis Hamilton ដែលជាជើងឯកចាស់ឆ្នាំនេះ កំពុងព្យាយាមឲ្យអាចឈ្នះជើងឯកមួយរដូវកាលទៀត ដើម្បីតាមទាន់កំណត់ត្រារបស់ Michael Schumacher ដែលធ្លាប់ក្លាយជាជើងឯក ៧ សម័យកាល ប៉ុន្តែប្រសិនបើការលើកឡើងរបស់អតីតមិត្តរួមជាតិខាងលើ វាកើតឡើងមែននោះ មានន័យថាវាបានបំផ្លាញក្ដីសង្ឃឹមរបស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះទាំងស្រុង។
ទោះបីជាយ៉ាងណា លោក Ecclestone ដែលត្រៀមក្លាយជាឪពុកគេ ជាលើកទី ៤ បាននិយាយទាក់ទងនឹង Hamilton ថា៖ «ខ្ញុំមិនគិតថា វាមិនមានការប្រែប្រួល ឬក៏ខុសប្លែកអ្វីឡើយសម្រាប់ Lewis។ គាត់នឹងឈ្នះ មិនថាការប្រណាំងមាន ៨ ជុំ ១៦ ជុំ ឬ ២០ ជុំនោះទេ។ ប្រសិនបើវាជាការប្រណាំងជើងឯកពិភពលោក ហើយគាត់ប្រណាំងឈ្នះ វានឹងក្លាយជាកំណត់ត្រារបស់គាត់ ហើយអាចនិយាយថា គាត់ជាជើងឯកពិភពលោក។ តែរឿងគួរឲ្យស្ដាយនៅត្រង់ការប្រណាំងមានទាំងអស់ ៨ ជុំ ដូច្នេះបើទោះជាគាត់ទទួលជ័យជម្នះ ក៏វាមិនជាកំពូលជើងឯកនោះដែរ»។
ការប្រណាំងរថយន្ត Formula One រដូវកាល ២០២០ នេះ ត្រូវធ្វើការប្រណាំងទាំងអស់ ២២ ជុំ នៅទូទៅពិភពលោក តែដោយសារការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ទើបធ្វើឲ្យគណៈកម្មការរៀបចំការប្រណាំងសម្រេចលុបចោលខ្លះ និងពន្យារពេលខ្លះសម្រាប់ការប្រណាំងទាំង ៨ ជុំដំបូងរបស់ខ្លួន មានដូចជា Australian Grand Prix, Bahrain Grand Prix, Vietnam Vietnamese Grand Prix, China Chinese Grand Prix, Netherlands Dutch Grand Prix, Spain Spanish Grand Prix, Monaco Monaco Grand Prix និង Azerbaijan Grand Prix៕ AFP/VN