ក្រុង​ឡុងដ៍៖ ខ្សែ​បម្រើ​ Mohamed Elneny របស់​ក្រុម​កាំភ្លើង​ធំ Arsenal ធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ភ្នាក់ងារ​ផ្ទាល់​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្របខ័ណ្ឌ​ Premier League បាន​បង្ហាញ​ថា មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ចំ​ពេល​សម្រាក​​ប្រកួត​លក្ខណៈ​អន្តរជាតិ​។

ក្លិប​នៅ​ Premier League សុទ្ធ​តែ​មិន​ចង់​ឃើញ​នោះ​ទេ​នូវ​ដំណឹង​នេះ ដោយសារ​កំពុង​ប្រឈម​ជាមួយ​​នឹង​កីឡាករ​សំខាន់​ៗ​របួស​ផង ដូច្នេះ អារម្មណ៍​របស់​គ្រូបង្វឹក​ដូច​ជា​លោក Mikel Arteta របស់ Arsenal ព្រម​ទាំង​អ្នក​ចាត់ការ​ជា​ច្រើន​ទៀត​ ទំនង​ជា​មិន​សូវ​ស្រួល​ក្នុង​ចិត្ត​ឡើយ​។

តួលេខ​តេស្ត​​ចុង​ក្រោយ ពី​ចន្លោះ​ថ្ងៃ​ទី ៩-១៥ ខែ​វិចិ្ឆកា ​បាន​បង្ហាញ​ថា អ្នក​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​មាន ១៦ ករណី ក្នុង​ចំណោម​ការ​ធ្វើ​តេស្ត​ចំពោះ​​កីឡាករ និង​បុគ្គលិក​ពាក់ព័ន្ធ​ចំនួន ១ ២០៧ ​នាក់​។

លទ្ធផល​នេះ ធៀប​ជាមួយ​ករណី​វិជ្ជមាន​ចំនួន ៤ ពី​ការ​ធ្វើ​តេស្ត​ទាំង ១ ៦៤៦ ​នាក់ ក្នុង​សប្ដាហ៍​​​ទី ២-៨ នៃ​ខែ​វិច្ឆិកា និង​​លទ្ធផល​ប្រចាំ​សប្ដាហ៍​នៅ​មុន​ហ្នឹង ឃើញ​ថា កើន​ឡើង​ជាង​មុន ១០ ករណី​។

តែ​ទោះ​ជា​កីឡាករ ដែល​អត់​បាន​បំពេញ​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ នា​ពេល​នោះ និង​មិន​មាន​បញ្ចូល​ក្នុង​បញ្ជី​តួលេខ​​របស់​ Premier League ក៏​ដោយ ក៏​ឥឡូវ​នេះ​អាច​​នឹង​មាន​ក្ដី​កង្វល់​នៃ​ផល​ប៉ះពាល់​ពី​កីឡាករ ដែល​ត្រឡប់​មក​វិញ ដោយ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

អ្នក​ដែល​​តេស្ត​វិជ្ជមាន​នឹង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ ១០ ​ថ្ងៃ ហើយ​ជា​គោល​នយោបាយ​របស់​ខ្លួន Premier League មិន​បាន​បង្ហាញ​​ឈ្មោះ​ក្លិប ឬ​បុគ្គល ដែល​ពាក់ព័ន្ធ​ឡើយ តែ​លោក​ Alan Nazmy ដែល​ជា​ភ្នាក់ងារ​​​របស់​កីឡាករ Elneny បាន​សរសេរ​តាម​បណ្ដាញ​សង្គម​ Twitter ​ថា​៖ «Elneny ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ សូម​ឱ្យ​ជា​សះស្បើយ​ឆាប់ៗ​»​។

សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប (EFA) អះអាង​តាមរយៈ​​បណ្ដាញ​សង្គម​ Facebook ថា​៖ «​កីឡាករ Elneny កំពុង​នៅ​ដាច់​ពី​អ្នក​ដទៃ​ស្រប​តាម​នីតិវិធី​សុខាភិបាល​។ លទ្ធផល​របស់​គេ​ដឹង ៣ ​ថ្ងៃ ក្រោយ​លទ្ធផល​តេស្ត​របស់ Mohamed Salah ដែល​វិជ្ជមាន​ដែរ នៅ​ថ្ងៃ​បំពេញ​ភារកិច្ច​ឱ្យ​ក្រុម​ជម្រើស​ជាតិ​»​។

EFA បន្ត​ថា​៖ «​លទ្ធផល​តេស្ត​ដែល​ធ្វើ​ឡើង​ចំពោះក្រុម​ជម្រើស​​ជាតិ​នៅ​ថ្ងៃ​មក​ដល់​របស់​ក្រុម​តូហ្គោ ​បង្ហាញ​ថា អវិជ្ជមាន​ទាំង​អស់ លើក​លែង​តែ​កីឡាករ Mohamed Elneny ​របស់ Arsenal ដែល​មាន​លទ្ធផល​វិជ្ជមាន ទាំង​ដែល​គ្មាន​រោគសញ្ញា​អ្វី​»​។

អេហ្ស៊ីប ទោះ​អត់ Salah ក៏​នៅ​អាច​​ឈ្នះ​តូហ្គោ ១-០ ក្នុង​ប្រកួត​វគ្គ​ជម្រុះ Africa Cup of Nations 2021 កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្រុង​គែរ បាន​ដែរ។

អវត្តមាន​របស់ Salah នឹង​ជា​ដំណឹង​អាក្រក់​សម្រាប់​ Liverpool ដែល​បាត់បង់​កីឡាករ​សំខាន់ៗ​ស្រាប់​ហើយ​ ដូច​ជា​ Joe Gomez ដែល​របួស​ជង្គង់​ធ្ងន់​ធ្ងរ ពេល​លេង​ឱ្យ​អង់គ្លេស ​និង Virgil van Dijk ដែល​អាច​នឹង​ខកខាន​លេង​ដល់​បញ្ចប់​រដូវកាល៕ AFP/VN