ក្រុងឡុងដ៍ៈ គ្រូបង្វឹក​ក្រុម Tottenham លោក Mauricio Pochettino បាន​ទទួល​ស្គាល់​ថា កូនក្រុម​របស់​គាត់​ដែល​អស់កម្លាំង​ទៅ​ហើយ​នោះ​បាន​ចាប់ផ្តើម​ជំរុញ​ខ្លួនឯង​ឲ្យ​ស្ទុះស្ទា​ឡើងវិញ បន្ទាប់ពី​ខ្សែប្រយុទ្ធ Christian Eriksen បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ប៉ុន្មាន​នាទី​ចុងក្រោយ​ធ្វើឲ្យ​ឈ្នះ​ក្រុម Brighton ១-០ កាលពី​ថ្ងៃ​អង្គារ​។

ក្រុម​របស់​លោក Pochettino ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៣ នៃ​ក្របខ័ណ្ឌ Premier League នេះ​បាន​ខិតខំ​ប្រឹង​លេង​តាំងពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​នៅ​កីឡដ្ឋាន Tottenham Hotspur ដោយ​ក្រុម​ទាំង​ ២ ​នេះ​បាន​វាយ​សម្រុក​គ្នា​ទៅវិញ​ទៅមក​រហូត​ដល់​នាទី​ទី​ ៨៨ ទើប​ខ្សែប្រយុទ្ធ Eriksen ស៊ុត​បាន​ ១ ​គ្រាប់ ដើម្បី​បញ្ចប់​ភាព​អន្ទះអន្ទែង​របស់​ក្រុម Spurs ។

ជ័យជម្នះ​ដែល​បាន​មកពី​ការ​ស៊ុត​បញ្ចូល​ទី​របស់ Eriksen នេះ​បាន​ធ្វើឲ្យ​ក្រុម Tottenham បន្ត​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៣ និង​មាន​ ៣ ​ពិន្ទុ​នាំមុខ​ក្រុម Chelsea ដែល​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ៤ និង​មាន​ ៤ ​ពិន្ទុ​នាំមុខ​ក្រុម Arsenal ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៥ ​កាលពី​ថ្ងៃ​ពុធ​។

លោក Pochettino បាន​និយាយ​ថា​៖ «​ក្រុម​របស់​យើង​គ្មាន​អារម្មណ៍​ស្រស់ថ្លា ដូច​អ្វី​ដែល​យើង​ចង់​បាន​ទេ ព្រោះ​ជើង​ក៏​រួយ និង​ហត់​ទាំង​ចិត្ត​ថែម​ទៀត ដូច្នេះ​ហើយ​យើង​ត្រូវ​អបអរសាទរ​ចំពោះ​កីឡាករ​របស់​យើង​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ពួកគាត់​ខ្លាំងណាស់​។ ក្រុម Brighton គឺ​ពិតជា​គូប្រជែង​ដ៏ស្វិតស្វាញ​មួយ ប៉ុន្តែ​អ្វី​សំខាន់​បំផុត​នោះ​គឺ​យើង​ត្រូវ​ជឿ​ថា យើង​មិន​ត្រូវ​បោះបង់ចោល​នោះ​ទេ​»​។

បើទោះ​ជា​ក្រុម Arsenal អាច​នឹង​បាន​ ៣ ​ពិន្ទុ​ទៀត​នៅពេល​ក្រុម​មួយ​នេះ​ឈ្នះ​ក្រុម Wolves នៅ​រាត្រី​ថ្ងៃ​ពុធ​ក៏ដោយ ប៉ុន្តែ​វា​នៅ​តែ​ចាញ់​ក្រុម Spurs ១ ​ពិន្ទុ​ដដែល ហើយ​នេះ​ជា​លទ្ធផល​សំខាន់​មួយ​សម្រាប់ Spurs ក្នុង​ការ​បាន​ទៅលេង​នៅ​ក្របខ័ណ្ឌ Champions League រដូវកាល​ក្រោយ​តាមរយៈ​ការ​ស្ថិត​នៅ​តំបន់​កំពូល​តារាង​ទាំង​ ៤ ​នេះ​។ ពេលនេះ Spurs បាន​ឈ្នះ​ទាំង​ ៤ ​ប្រកួត​នៅក្នុង​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដោយ​រក​គ្រាប់​បាន​ ៨ ​គ្រាប់ និង​គ្មាន​របូត​ ១ ​គ្រាប់​សោះ​ឡើយ​។

ក្រុម Spurs បាន​ប្រកួត​ដ៏តានតឹង​បំផុត​នៅ​លើ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដែល​បាន​ចំណាយ​ការសាងសង់​អស់​ទឹកប្រាក់​ចំនួន​ ១ ​ពាន់​លាន​ផោន​ស្មើ​នឹង​ ១.៣ ​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ​បាន​សម្លឹងមើល​ដោយ​អន្ទះសា នៅពេល​គ្មាន​ខ្សែប្រយុទ្ធ Harry Kane ចូល​លេង​ដោយសារ​របួស​រហូត​ទាល់តែ​ខ្សែបម្រើ​ប្រយុទ្ធ Eriksen បាន​ជួយ​សង្គ្រោះ​ដោយ​ការស៊ុត​បញ្ចូល​ទី​លើក​ទី​ ៩ ​របស់​គេ​នៅ​រដូវកាល​នេះ​។

ទោះ​យ៉ាង​ណា​លោក Pochettino បាន​បង្ហាញ​ការសប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កូនក្រុម​លោក​ដែល​បាន​តស៊ូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​នាទី​បញ្ចប់ បើ​ទោះ​ជា​មាន​ការរារាំង​ខ្លាំង​ពី​ក្រុម Brighton ដែល​មាន​ទម្រង់​លេង​បាន​ល្អ​ក៏ដោយ​។

លោក​និយាយ​ថា​៖ «​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ជាង​ ២០ ​លើក ហើយ​ការវាយបក​វិញ​គឺ​មាន​ច្រើន​។ ទោះ​យ៉ាង​ណា​ពេល​នេះ​យើង​បាន​ ៣ ​ពិន្ទុ​ថែម​ទៀត និង​រក្សាបាន​កន្លែង​ល្អ​ដដែល​នៅ​លើ​កំពូល​តារាង​ទាំង​ ៤»​។

ក្រុម Tottenham អាច​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត​ដោយ​ធានា​បាន​នូវ​ការបន្ត​ស្ថិត​នៅ​លើ​កំពូល​ទាំង​​ ៤ នៅក្នុង​ការប្រកួត​នៅ​ទីក្រុង​ឡុងដ៍​ដ៏សំខាន់​នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​ប៉ះ​ជាមួយ​ក្រុម West Ham មុន​ពេល​ផ្ដោតលើ​ការប្រកួត​ជើង​ដំបូង​នៃ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​សម្រាប់​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម Ajax នៅ​សប្ដាហ៍​ក្រោយ​៕ SN