ក្រុង​ឡុងដ៍៖ លោក ​Carlo ​Ancelotti​ អ្នក​ចាត់​ការ​ទូទៅ​នៅ​​ក្លិប Everton បាន​និយាយ​ក្រោយ​ពី​​ការ​ប្រកួត​ដែល​ក្រុម Everton ​បាន​បន្ត​ជ័យជម្នះ​ទៅ​លើ​ក្រុម​ Crystal Palace កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ថា ក្លិប​នេះ​គួរ​តែ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​​ក្របខ័ណ្ឌ Europa ​League​ នៅ​រដូវកាល​ក្រោយ​។

ការ​រក​បាន​គ្រាប់​បាល់​របស់​កីឡាករ​ Bernard, Richarlison និង​ Dominic Calvert-Lewin នៅ​កីឡដ្ឋាន Goodison បាន​ជួយ​ឲ្យ​ក្រុម Everton ឡើង​ទៅ​ឈរ​នៅ​លេខ ​៧​ និង​តាម​ពី​ក្រោយ ​៥ ​ពិន្ទុ ​នៃ​ក្រុម​ឈរ​នៅ​លើ​កំពូល​តារាង​ទាំង ​៤​។​

ក្លិប Everton ឥឡូវ​នេះ​បាន​ឈ្នះ ​៥ ​ប្រកួត​ និង​ស្មើ ​២ ​ប្រកួត​នៅ​ក្នុង​ចំណោម​ ៨ ​ប្រកួត ​តាំង​ពី​លោក Ancelotti បាន​ចូល​ទៅ​ដឹក​នាំ​ក្លិប​នេះ​​នៅ​ខែ​ធ្នូ​។​

លោក Ancelotti បាន​ប្រាប់​ទូរទស្សន៍​ BT Sport ថា៖ «​តាំង​ពី​ខ្ញុំ​មក​ដល់​ទី​នេះ​ ​ក្រុម​នេះ​បាន​ធ្វើ​រឿង​អស្ចារ្យ​មួយ​ ហើយ​ឥឡូវ​នេះ​យើង​មាន​លទ្ធ​ភាព​គិត​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ Europa League»។​​

ផ្ទុយ​ទៅ​​វិញ​ ក្លិប Palace កំពុង​សម្លឹង​ចំណាត់​ថ្នាក់​របស់​​ខ្លួន​ដែល​ខិត​ជិត​ដល់​​តំបន់​បាត​តារាង​នៃ​ក្របខ័ណ Premier League​។​

ក្រុម Everton ​របស់​លោក Roy Hodgson នៅ​តែ​មាន​ការ​នាំ​មុខ ​៦ ​ពិន្ទុ ​ទៅ​លើ​ក្រុម​ដែល​ស្ថិត​នៅ​តំបន់​បាត​តារាង​ទាំង ​៣ ​ប៉ុន្តែ​ពួក​គេ​មិន​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត ​៨ ​លើក ​គឺ​ឈ្នះ​តែ​ម្ដង​គត់​នៅ​ក្នុង​លីក​នេះ​តាំង​ពី​ដើម​ខែ​ធ្នូ​​ ឆ្នាំ ​២០១៩​។​

លោក Hodgson បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​អាច​ដាក់​កំហុស​ទៅ​លើ​ការ​ប្រឹងប្រែង​របស់​កីឡាករ​ទេ ​ប៉ុន្តែ​វា​ជា​បរាជ័យ​ម្ដង​ហើយ​ម្ដង​​ទៀត​នៅ​ក្នុង​ទឹក​ដី​របស់​យើង​ដែល​ធ្វើ​ឲ្យ​យើង​មិន​ទទួល​បាន​ពិន្ទុ​ថែម​ទៀត​សោះ​»៕ AFP/SN