ក្រុង​ប៉ារីស៖ កម្មវិធី​ប្រណាំង​ឡាន​​ Formula One (F1) រដូវកាល​នេះ ដែល​ត្រូវ​បាន​កាត់​បន្ថយ​ជា​ច្រើន​នោះ​ នឹង​ត្រូវ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ប្រណាំង​ដោយ​បិទ​ទ្វារ​ចំនួន ២ ​លើក នៅ​ប្រទេស​អូទ្រីស នា​ថ្ងៃ​ទី ​៥ ខែ​កក្កដា​ និង​ថ្ងៃ​ទី ​១២ ខែ​ដដែល​ មុន​នឹង​មាន​ការ​ប្រណាំង​ ៦ កម្មវិធី​ផ្សេង​ទៀត​នៅ​អឺរ៉ុប​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កាល​ពី​ថ្ងៃ​អង្គារ​។​​

ពាក់ព័ន្ធ​នឹង​ការ​​ប្រណាំង​ឡើង​វិញ​នេះ F1 និយាយ​ថា ខ្លួន​សង្ឃឹម​ថា នឹង​មាន​ការ​ប្រណាំង​ជា​សរុប​ចន្លោះ​ពី ​១៥ ទៅ ​១៨ ​លើក ដោយ​មាន​គម្រោង​ឲ្យ​ចប់​ទាំង​ស្រុង​ក្នុង​ខែ​ធ្នូ។ រដូវកាល​នៃ​ការ​ប្រណាំង​ឡាន F1 បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូក​ច្របល់ ជាមួយ​នឹង​ការ​រំសាយ​ចោល​កម្មវិធី​ Australian Grand Prix នៅ​ប្រទេស​អូស្រ្តាលី កាល​ពី​ខែ​មីនា ពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង មុន​ការ​ប្រណាំង​សាកល្បង​ ប្រុង​នឹង​ចាប់​ផ្ដើម​ដោយសារ​ពេល​នោះ ការ​រាត​ត្បាត​វីរុស​កូរ៉ូ​ណា ​កើត​មាន​ទូទាំង​សកល​លោក​។​​

ជាមួយ​គ្នា​នេះ តេស្ត​សុខភាព​នឹង​ត្រូវ​ធ្វើ​យ៉ាង​ទៀង​ទាត់ ហើយ​ចំនួន​សមាជិក​ក្រុម និង​បុគ្គលិក​ពាក់ព័ន្ធ​នឹង​ការ​ប្រណាំង​ ដែល​ត្រូវ​មាន​វត្តមាន​លើ​ទីលាន ក៏​ត្រូវ​កាត់​បន្ថយ​ផង​ដែរ។ ចំណែក​រឿង​អត់​មាន​​ទស្សនិកជន​ចូលរួម​មើល​ការ​ប្រណាំង នាយក​ប្រតិបត្តិ F1 លោក Chase Carey បាន​និយាយ​ដោយ​សង្ឃឹម​ថា ពេល​ស្ថានការណ៍​ធូរ​ស្រាល​ជាង​នេះ ការ​ប្រណាំង​នឹង​ធ្វើ​ឡើង​ដោយ​មាន​អ្នក​លើក​ទឹក​ចិត្ត​។​​

លោក​ Carey ថ្លែង​ថា​៖ «​ទោះ​ជា​ពេល​នេះ យើង​ចាំបាច់​ត្រូវ​ចាប់​ផ្ដើម​រដូវកាល ដោយ​គ្មាន​ទស្សនិកជន​ក៏​ពិត​មែន តែ​យើង​សង្ឃឹម​ថា នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ស្ថានភាព​នេះ នឹង​ធូរ​ស្រាល ដើម្បី​ឲ្យ​ពួក​យើង​មាន​ឱកាស​ស្វាគមន៍​ការ​ត្រឡប់​មក​ជា​ថ្មី​របស់​ពួក​គេ នៅ​ពេល​ដែល​​យើង​ឃើញ​ថា ​វា​ពិត​ជា​​សុវត្ថិភាព​ ក្នុង​ការ​​ធ្វើ​បែប​​ហ្នឹង​បាន​។ ប៉ុន្តែ​ យើង​ដឹង​ថា ត្រឹម​តែ​មាន​ការ​ប្រណាំង F1 ឡើង​វិញ នឹង​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ពី​​អ្នក​ស្នេហា​​វិស័យ​កីឡា​ទូទាំង​សកល​លោក​បាត់​ទៅ​ហើយ​»​។​

សម្រាប់​កាល​វិភាគ​ចំនួន ​៨ ​ដំណាក់​កាល​​នៃ​​ការ​ប្រណាំង​ឡាន​ F1 ដែល​ត្រូវ​បាន​រៀបចំ​ឡើង​វិញ នៅ​តំបន់​អឺរ៉ុប​ដោយ​នៅ​ប្រទេស​អូទ្រីស ​​មាន ​២ ​លើក ពី​​ថ្ងៃ​ទី ​៣-៥ ខែ​កក្កដា កម្មវិធី Austrian Grand Prix និង​ថ្ងៃ​ទី ​១០​-១២ ខែ​កក្កដា​ កម្មវិធី Styrian Grand Prix ហើយ​ទាំង ​២ ​​កម្មវិធី​នេះ ធ្វើ​​នៅ​ទីក្រុង Spielberg តែ ​១។ បន្ទាប់​មក​​ ថ្ងៃ​ទី ​១៧​-​១៩ ខែ​កក្កដា​ កម្មវិធី Hungarian Grand Prix នឹង​ធ្វើ​នៅ​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

ដំណាក់​កាល​ទី​៣ នឹង​​ប្រណាំង​ចំនួន ​២ លើក នៅ​តំបន់​តូច​មួយ​ឈ្មោះ​​ ​ Silverstone នៅ​ចក្រភព​អង់គ្លេស ដោយ​លើក​ទី ​១ កម្មវិធី British Grand Prix ពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា ដល់​ថ្ងៃ​ទី ​២ ខែ​សីហា និង​លើក​ទី ​២ កម្មវិធី 70th Anniversary Grand Prix ថ្ងៃ​ទី ​៧ ​និងទី ៩ ខែ​សីហា​។ ដំណាក់​កាល​បន្ទាប់ នឹង​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ ក្នុង​ក្រុង​បាសេឡូណា កម្មវិធី Spanish Grand Prix ថ្ងៃ​ទី ​១៤-១៦ ខែ​សីហា។

មុន​នឹង​ដាច់​ខែ​សីហា ពោល​គឺ​ថ្ងៃ​ទី ​២៨-៣០ ​ការ​ប្រណាំង​កម្មវិធី Belgian Grand Prix ធ្វើ​នៅ​ប្រទេស​បែលហ្ស៊ិក នា​ក្រុង Stavelot ហើយ​ចុង​ក្រោយ សម្រាប់​ការ​ប្រណាំង​នៅ​អឺរ៉ុប​នេះ គឺ​ឡាន​របស់​ក្រុម​ប្រណាំង F1 ទាំង​អស់ នឹង​វិល​កង់​​នៅ​​​អ៊ីតាលី នា​ក្រុង Monza ក្នុង​កម្មវិធី​ឈ្មោះ Italian Grand Prix​ ពី​ថ្ងៃទី ​៤​-​៦ ខែ​វិច្ឆិកា៕ AFP/VN