ក្រុងប៊ែន: កីឡាករវាយកូនបាល់ (តិន្នីស) អាជីព Roger Federer កំពុងធ្វើការហ្វឹកហាត់ដោយគ្មានរបួស ក្រោយឆ្លងកាត់ការវះកាត់ជង្គង់ ២ ដង នៅឆ្នាំនេះ និងនិយាយថា រូបគេរំពឹងនឹងវិលត្រឡប់មកកាន់ទីលានប្រកួតវិញក្នុងព្រឹត្តិការណ៍ Australian Open របស់ប្រទេសអូស្ត្រាលី នៅខែមករាខាងមុខ។
កីឡាករសញ្ជាតិស្វីសវ័យ ៣៩ ឆ្នាំ បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ការប្រកួតនៅឯ Melbourne Park កាលពីដើមឆ្នាំនេះ តែបានវត្តមានក្នុងកម្មវិធីធំៗប្រចាំឆ្នាំផ្សេងៗទៀត ក្រោយឆ្លងកាត់ការវះកាត់ជង្គង់ស្ដាំជាលើកទី ២។
«ខ្ញុំកំពុងប្រសើរឡើងវិញហើយ»។ នេះជាសម្ដីរបស់ម្ចាស់ជើងឯកពាន Grand Slam ឯកត្តជន ២០ សម័យកាល ដែលបាននិយាយទៅកាន់ទស្សនាវដ្ដីភាសាអាល្លឺម៉ង់ Schweizer Illustrierte។
Federer ប្រាប់បន្តថា៖ «ខ្ញុំត្រឡប់មកវិញយឺតៗ តែខ្ញុំនឹងត្រូវការពេល ហើយខ្ញុំមិនចង់ដាក់សម្ពាធឱ្យខ្លួនឯងនោះទេ។ ខ្ញុំនឹងចូលរួមការប្រកួតប្រជែង លុះត្រាណាតែខ្ញុំប្រសើរឡើងវិញ ១០០ ភាគរយ។ នាពេលនេះ ទំនងជាខ្ញុំអាចត្រឡប់មកចូលរួមប្រកួតវិញក្នុងកម្មវិធី Australian Open ក្នុងខែមករា»។
ជាមួយគ្នានេះ កីឡាករ Federer តែងតែត្រូវបានសួរញឹកញាប់ពីការចូលនិវត្តន៍របស់គេ តែកីឡាករស្វីស បាននិយាយថា ខ្លួននឹងបន្តលេងរហូត ដរាបណារូបគេ នៅតែរីករាយជាមួយកីឡានេះ។
Federer បន្ថែមថា៖ «ខ្ញុំបានគិតពីគំនិតនេះប្រហែល ៥ ឆ្នាំមកហើយ។ តែដរាបណាខ្ញុំនៅរីករាយ ហើយវាសមរម្យសម្រាប់យើងគ្រប់គ្នា នោះខ្ញុំនឹងបន្តទៅមុខទៀត»៕ AFP/VN