ម៉ា្រឌីដ៖ ពេល​​ក្រុម Atletico Madrid ឈ្នះ​ Cadiz ៤-០ នៅ​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ថ្ងៃ​សៅរ៍ កីឡាករ Joao Felix មាន​​គុណ​សម្បត្តិ​យ៉ាង​ធំ​ធេង ដោយ​ការ​រក​បាន ២ គ្រាប់ និង​បញ្ចូន​ឱ្យ​មិត្ត​រួម​ក្រុម ​១ គ្រាប់ ខណៈ​លទ្ធផល​នេះ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Diego Simeone បន្ត​បន្លាយ​នូវ​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ក្នុង​ស្រុក និង​ឡើង​ទៅ​ឈរ​​ទី​កំពូល​នៃ​ក្រប​ខ័ណ្ឌ​ La Liga​។

កីឡាករ​ចំណូល​ថ្មី Felix ដែល​មាន​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​បាន​ជួយ​ឱ្យ​ក្រុម Atletico បើក​ការ​នាំ​មុខ​នៅ​នាទីទី​៨ ហើយ​ក្រោយ​មក​ក៏​ធ្វើ​ការ​សម្រេច​គ្រាប់​ទី​២ របស់​ខ្លួន​នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី ២ ពោល​គឺ​នាទីទី​៩០+១ ដែល​ជា​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយ​របស់​ក្រុម។ នាទីទី​៥១ កីឡាក​វ័យ​ក្មេង​សញ្ជាតិ​ព័រទុយហ្គាល់ ជា​អ្នក​បញ្ជូន​បាល់​ឱ្យ Luis Suarez ទម្លុះ​សំណាញ់​ទី​គ្រាប់​ទី​ ៣ បន្ថែម​ពី​លើ​គ្រាប់​ទី ២ របស់ Marcos Llorente​។

ការ​ឈ្នះ​ជាប់ៗ​គ្នា ៤ ​ដង សម្រាប់​ប្រកួត​ក្នុង​លីគ​នេះ បាន​រុញ Atletico ទៅ​នៅ​ទី​កំពូល​តារាង ជាមួយ​នឹង​គ្រាប់​បាល់​ចំណេញ​ច្រើន ដោយ​មាន ១៧ ​ពិន្ទុ ស្មើ​ក្រុម​លេខ ២ Real Sociedad ដែល​ប្រកួត​ច្រើន​ជាង ១ ​លើក ​​ហើយ​មាន ១ ពិន្ទុ​នាំ​មុខ​ក្រុម​ជើងឯក​ចាស់ Real Madrid ដែល​ឈរ​នៅ​លេខ​ ៣​។​

ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ទាំង ២ Felix និង Suarez កំពុង​នាំ​មុខ​គេ​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន រួម​ជាមួយ​ខ្សែ​ប្រយុទ្ធ Mikel Oyarzabal របស់​ក្រុម Sociedad ដោយ​រក​បាន​ ៥ គ្រាប់​ដូច​គ្នា​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ អ្នក​ស៊ុត​គ្រាប់​ទី ២ កីឡាករ Llorente និយាយ​ថា​៖ «​យើង​​ធ្វើ​ដំណើរ​ទៅ​មុខ ១ ជំហាន​យ៉ាង​ធំ​ហើយ​។ កីឡាករ​ថ្មី​ៗ​ទាំង​អស់ ដែល​បាន​មក​ចូល​រួម​ជាមួយ​ក្លិប​កាល​ពី​រដូវ​កាល​មុន ​បាន​ចាប់​ផ្ដើម​សម្រប​ខ្លួន​ជាមួយ​ក្លិបប​ណ្ដើរៗ ហើយ​​​រៀន​សូត្រ​ពី​អ្វី​ដែល​គ្រូ​បង្វឹក​ចង់​បាន​ពី​ពួក​យើង​»​។​

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​វ័យ​ ២៥​ ឆ្នាំ Llorente បាន​និយាយប​ន្ថែម​ថា​៖ «យើង​អាច​ឃើញ​នៅ​លើ​ទីលាន​​ហើយ​ថា យើង​ជា​ក្រុម​ល្អ​ប៉ុនណា ហើយ​សាមគ្គី​គ្នា​បាន​ល្អ​យ៉ាង​ណា​។ យើង​ប្រឹងប្រែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លទ្ធផល​កំពុង​តែ​ទៅ​តាម​អ្វី​ដែល​ក្រុម​របស់​យើង​ចង់​បាន»​៕ AFP/VN