ក្រុងអ៊ីស្តង់ប៊ុល: លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថ្មីៗ​នេះ​ថា​លោក​មាន «​សុទិដ្ឋិនិយម​» អំពី​ការរៀបចំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ ២០២២ នៅ​ប្រទេស​កាតា​ដោយ​មាន​ ៤៨ ​ក្រុម​មិនមែន​ ៣២ ​ក្រុម​ឡើយ ប៉ុន្តែ​បាន​រំឭក​ថា ការរៀបចំ​បែប​នោះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង Istanbul ក្រោយពី​កិច្ចប្រជុំ​ជាន់​ខ្ពស់​របស់​មន្ត្រី​ប្រតិបត្តិ​រយៈពេល​ ៣ ​ថ្ងៃ​ប្រធាន​អង្គភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភពលោក​រូប​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម ប៉ុន្តែ តើ​វា​មាន​ភាព​ងាយស្រួល​ឬ​អត់​? ទេ វា​មិនមាន​ភាពងាយស្រួល​ឡើយ​។ ខ្ញុំ​ត្រូវ​តែ​និយាយ​ឲ្យ​ត្រង់​»​។

FIFA បាន​សម្រេច​ចិត្ត​បង្កើន​ចំនួន​ក្រុម​ជម្រើសជាតិ​ដែល​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ ២០២៦ ពី​ ៣២ ​ក្រុម​រហូត​ដល់​ ៤៨ ​ក្រុម ប៉ុន្តែ​ប្រធាន​មាន​សញ្ញាតិ​អ៊ីតាលី​ស្វ៊ីស​របស់​អង្គភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​មួយ​នេះ​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ដើម្បី​អនុវត្ត​ការកែទម្រង់​មួយ​នេះ​ឲ្យ​បាន​ឆាប់ ពោល​គឺ​ត្រឹម​ឆ្នាំ​ ២០២២ ​តែ​ម្តង​។ FIFA នឹង​ត្រូវ​ប្រកាស​ពី​ការសម្រេច​ចិត្ត​របស់​ខ្លួន​នៅ​ពាក់កណ្តាល​ខែ​មីនា​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋ​ម៉ៃអាមី សហរដ្ឋអាមេរិក​។

ប្រទេស​ កាតា ដែល​បាន​បញ្ជាក់​ថា​ខ្លួន​កំពុង​តែ​ត្រៀម​លក្ខណៈ​សម្រាប់​ការរៀបចំ​យុទ្ធនាការ​មាន​ ៣២ ​ក្រុម​នោះ​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ធ្វើការ​វិភាគ​មួយ​នៅ​មុន​ពេល​សម្រេចចិត្ត​ក្នុង​ការរៀបចំ​យុទ្ធនាការ​ដែល​មាន​ចំនួន​ក្រុម​កើនឡើង​មួយ​ព្រោះ​ការបង្កើន​ចំនួន​ក្រុម​បែប​នេះ​នឹង​បង្កើត​ឲ្យ​មាន​ភាពស្មុគស្មាញ​នៃ​នយោបាយ និង​ការដឹកជញ្ជូន​។

ស្របពេល​ដែល​លោក Infantino បាន​លើក​ឡើង​ពី​ប្រធានបទ​នៃ​ការរៀបចំ​ការប្រកួត​ផ្សេងៗ​ក្នុង​ប្រទេស​ជិតខាង​វិបត្តិ​នៃ​ជម្លោះ​ផ្នែក​ការទូត​ដ៏ធ្ងន់ធ្ងរ​របស់​កាតា​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​ផ្ទុះ​ឡើង​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ បាន​បង្កើត​ឲ្យ​មានការ​ធ្វើការ​បង្ឃាំង​ចលនា​សេដ្ឋកិច្ច​ទៅកាន់​រដ្ឋ​ដែល​សម្បូរ​ដោយ​ឧស្ម័ន​មួយ​នេះ​។

លោក Gianni Infantino ថ្លែង​ក្នុង​សន្និសីទ​នៅ​ប្រទេស​តួកគី​។ AFP

មុន​នឹង​បន្ថែម​ថា «​ពេល​ខ្លះ​កីឡា​បាល់ទាត់​អាច​ជួយ​បង្កើត​អភិនីហារ​ក្នុង​ការផ្សះផ្សា​ទំនាក់ទំនង​លោក Infantino បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​មិន​បាត់បង់​ស្មារតី​ដល់​ថ្នាក់​មើលរំលង​ស្ថានភាព​នយោបាយ​ក្នុង​តំបន់​នេះ​ឡើយ​»​។ ក្រោម​ការយក​គំរូ​តាម​យុទ្ធនាការ World Cup ឆ្នាំ​ ២០២៦ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ប្រទេស​ហ្គាណា ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក​លោក Infantino បាន​បញ្ជាក់​ថា «​មាន​ការពិភាក្សា​ជាច្រើន​ទៅ​លើ​ប្រធានបទ​ផ្សេងៗ​អំពី​ជញ្ជាំង​មួយ​ដែល​ត្រូវ​សាងសង់​ឡើង​រវាង​សហរដ្ឋអាមេរិក និង​ម៉ិកស៊ិក ប៉ុន្តែ «​ប្រទេស​ទាំង​ ២ នឹង​រៀបចំ​យុទ្ធនាការ​មួយ​រួម​គ្នា​ហេតុនេះ​ពួកគេ​នឹង​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​»៕ IS