ក្រុងប៉ារីស៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino កាលពីថ្ងៃសៅរ៍បានជំរុញឲ្យមានការពិភាក្សាជុំវិញសំណើ ដែលណែនាំឲ្យមានការដាក់កំហិតប្រាក់ខែ និងការកំណត់ការចំណាយទៅលើការទិញដូរកីឡាករដល់ក្រុមក្លិបបាល់ទាត់ ក្រោយមានផលវិបាកនៃការរីករាលដាលនៃវីរុសកូរ៉ូណា។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក មានបំណងបញ្ចប់ផែនការនានា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីឲ្យមានកញ្ចប់ជំនួយហិរញ្ញវត្ថុមួយ បន្ទាប់ពីមានការខូចខាតសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យកីឡានេះ ដោយសារវិបត្ដិសុខភាពជាសកលនេះ។ កាលពីខែមេសា FIFA បានប្រកាសថា ខ្លួននឹងបញ្ចេញទឹកប្រាក់ចំនួន $១៥០ លាន ផ្ដល់ឲ្យសហព័ន្ធជាសមាជិកទាំង ២១១ ដែលនេះជាជំហានដំបូងនៃផែនការផ្តល់ជំនួយ ហើយភ្លាមៗ ក្រោយពីនោះ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បាននិយាយថា ខ្លួនក៏ត្រៀមបែងចែកថវិកាចំនួន ២៣៦,៥ លានអឺរ៉ូ (ប្រមាណ $២៦៧ លាន) ទៅសហព័ន្ធសមាជិកទាំង ៥៥ ដែរ។
ខែមុន សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (German FA) និងប្រធានក្លិប Bayern Munich លោក Karl-Heinz Rummenigge បានជំរុញឲ្យមានការពិភាក្សាយ៉ាងខ្លាំងក្លាអំពីការកម្រិតប្រាក់ខែ និងធ្វើកំណែទម្រង់ប្រព័ន្ធការទិញដូរកីឡាករ ដើម្បីធ្វើឲ្យវិស័យបាល់ទាត់ នៅតែគួរឲ្យទុកចិត្តបាន។
ក្នុងលិខិតបើកចំហមួយ ដែលសរសេរទៅកាន់សមាជិករបស់ FIFA លោក Infantino រៀបរាប់ថា៖ «ដោយឈរលើផ្នែកអភិបាលកិច្ច និងហិរញ្ញវត្ថុ ខ្ញុំក៏បានចាប់អារម្មណ៍លើសំណើនានាលើប្រធានបទជាច្រើន។ មានចាប់ពីការកម្រិតសម្រាប់ប្រាក់បៀវត្សរ៍ រហូតដល់ការកំណត់នៃការចំណាយក្នុងការទិញដូរកីឡាករ ឬនីតិវិធីបង់ពន្ធផ្សេងៗ និងកាតព្វកិច្ចដែលអាចមានសម្រាប់ឲ្យស្ថាប័នគ្រប់គ្រង អ្នករៀបចំការប្រកួត និងក្លិបទាំងអស់បង្កើតទុនបម្រុង ឬផ្ដល់មូលនិធិបម្រុង ដែលអាចជួយទ្រទ្រង់ក្នុងពេលដែលត្រូវការដូចពេលនេះអ៊ីចឹង»។
ក្នុងសំបុត្រនោះ លោកប្រធានបន្តទៀតថា៖ «ខ្ញុំផ្ទាល់ខ្លួន គាំទ្រឲ្យមានច្បាប់គ្រប់គ្រងហិរញ្ញវត្ថុតឹងរ៉ឹង និងច្បាស់លាស់ជាងនេះ ដោយដាក់ចេញនូវច្បាប់អភិបាលកិច្ចល្អ និងតម្លាភាពពេញលេញ ហើយការកំណត់នេះ មិនត្រឹមតែមានចំពោះតែប្រព័ន្ធទិញ-ដូរកីឡាករប៉ុណ្ណោះទេ ថែមទាំងមានចំពោះបរិកាសបាល់ទាត់ទាំងមូលទៀតផង។ FIFA កំពុងធ្វើកិច្ចការជាច្រើនលើផ្នែកនេះរួចទៅហើយ ទោះបីយើងប្រឈមនឹងការបារម្ភយ៉ាងខ្លាំងមួយចំនួនៗ ជំទាស់នឹងការលើកឡើងដែលចង់ឲ្យមានអភិបាលកិច្ចសកលល្អប្រសើរមួយក្នុងវិស័យកីឡារបស់យើង»។
យោងតាមការសិក្សាថ្មីៗនេះរបស់ក្រុមហ៊ុនគណនេយ្យមួយឈ្មោះ KPMG បានឲ្យដឹងថា តម្លៃនៃការផ្ទេរកីឡាករនៅលីកកំពូលរបស់អឺរ៉ុប អាចនឹងធ្លាក់ចុះរហូតដល់ទៅ ១០ ពាន់លានអឺរ៉ូ (ប្រមាណជា $១១ ពាន់លាន) ដោយសារវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា៕ AFP/VN