ក្រុងមេនឆេស្ទ័រ៖ លោក Pep Guardiola បានពោលថា ក្រុម Manchester City (City) មានសម្ពាធពីការរំពឹងចង់ឈ្នះនៅក្របខ័ណ្ឌ UEFA Champions League (UCL) ពេលពួកគេត្រូវពឹងលើគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩០ របស់ Phil Foden ដើម្បីធ្វើការនាំមុខប្រផុតប្រផើយ ២-១ លើក្រុម Borussia Dortmund ពីការប្រកួតជើងទី១ នៃវគ្គ ៨ ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។
ការឈ្នះលើកទី២៧ ក្នុងចំណោម ២៨ ហ្គេមចុងក្រោយរបស់ពួកគេពីការប្រកួតនៅគ្រប់កម្មវិធីទាំងអស់ ធ្វើក្រុម City នៅតែស្ថិតលើផ្លូវឆ្ពោះទៅរកការឈ្នះពានដល់ទៅ ៤ ជាប្រវត្តិសាស្ត្រ មានដូចជា UCL, Premier League, FA Cup និង League Cup។
តែពួកគេបរាជ័យ ម្ដងហើយម្ដងទៀត ក្នុងការឆ្លងមិនផុតពីវគ្គ ៨ ក្រុមចុងក្រោយ នៅ UCL នេះ ក្រោមការដឹកនាំរបស់លោក Pep ៤ រដូវកាលកន្លងមក។
លោក Pep ថ្លែងថា៖ «យើងទទួលអារម្មណ៍រងសម្ពាធថ្ងៃនេះ ក្នុងការប្រកួតនេះ នៅទឹកដីរបស់យើង ដោយយើងមិនដឹងថា តើត្រូវតបតដូចម្ដេច?។ ការឈ្នះ គឺប្រសើរជាងស្មើ តែទោះលទ្ធផល ១-១ ក៏យើងសល់ ៩០ ទៀត ដើម្បីយកឈ្នះ»។
ក្រុមទាំង ២ នឹងជួបគ្នាម្ដងទៀតនៅអាល្លឺម៉ង់នាថ្ងៃទី ១៤ ខែមេសា ដោយក្រុមដែលបានធ្វើដំណើរទៅវគ្គ ៤ ក្រុមចុងក្រោយ នឹងប្រឈមក្រុមដែលឈ្នះរវាង Bayern Munich និង Paris Saint-Germain។
Dortmund កំពុងស្ថិតក្នុងហានិភ័យក្នុងការបាត់វត្តមាននៅ UCL រដូវកាលក្រោយ ដោយសារពេលនេះ មានគម្លាតដល់ទៅ ៧ ពិន្ទុ ពីក្រុមទាំង ៤ ដែលឈរនៅទីកំពូលក្នុងតារាងក្របខ័ណ្ឌ Bundesliga។
តែយ៉ាងណាក្ដីក្នុងប្រកួតនេះ ក្រុមភ្ញៀវចាប់ផ្ដើមបានយ៉ាងល្អមែនទែនរហូតដល់ការកើតមានកំហុសរបស់ Emre Can ដែលធ្វើឱ្យ Riyad Mahrez អាចបង្កើតឱកាសបញ្ជូនបាល់ឱ្យ Kevin De Bruyne ស៊ុតបញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះ នាំមុខនៅនាទីទី១៩។
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង នៅមុនការប្រកួត ដោយសូម្បី City ក៏ជាក្រុម ១ ក្នុងចំណោមក្រុមលំដាប់កំពូលៗជាច្រើន ដែលចាប់អារម្មណ៍កីឡាករឆ្នើមរបស់ក្រុម Dortmund រូបនេះ ខណៈក្នុងហ្គេមនេះ កីឡាករសញ្ជាតិន័រវែសរកគ្រាប់បាល់មិនបានឡើយ។
តែសមត្ថភាពពិសេសរបស់កីឡាករវ័យ ២០ ឆ្នាំ មិនថា កម្លាំង ល្បឿន និងភាពវៃឆ្លាត បានរួមចំណែកជួយឱ្យប្រធានក្រុម Marco Reus មានឱកាសទម្លុះសំណាញ់ទីឱ្យក្រុមតាមស្មើបាន នៅនាទីទី៨៤ មុននឹង Foden ស៊ុតគ្រាប់ជ័យជម្នះឱ្យក្រុមរបស់លោក Pep នៅនាទីទី៩០៕ AFP/VN