ក្រុង​ Linz៖ យុវ​តារា​វាយ​កូន​បាល់​​ Coco Gauff បាន​ឈ្នះ​ពាន​រង្វាន់​សមាគម​វាយ​កូន​បាល់​ពិភព​លោក (WTA) ​ជា​លើក​ដំបូង​ពី​ថ្ងៃ​អាទិត្យ​ក្រោយ​ពី​បាន​យក​ឈ្នះ​​លើ​កីឡាការិនី Jelena Ostapenko ក្នុង​លទ្ធផល ៦-៣, ១-៦, ៦-២ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ទីក្រុង​ Linz ប្រទេស ​អូទ្រីស​ ធ្វើ​ឲ្យ​រូប​នាង​​បាន​ពាន​រង្វាន់​នេះ​ លើក​ដំបូង​ក្នុង​អាយុ ​១៥ ​ឆ្នាំ​។​​

កីឡាការិនី​ Gauff បាន​បញ្ចប់​សប្ដាហ៍​ដ៏​ល្អ​មួយ​ក្នុង​ទីក្រុង​ Linz ​ដើម្បី​ក្លាយ​ជា​កីឡាការិនី​ក្មេង​ជាង​គេ​បំផុត​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ WTA តាំង​ពី​កីឡាការិនី​ឆែក​ Nicole Vaidisova បាន​ឈ្នះ​ពាន​រង្វាន់​នេះ​ក្នុង​ទីក្រុង​ Vancouver ប្រទេស ​កាណាដា ​​នៅ​ឆ្នាំ ​២០០៤​។​​ ​

បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​​នេះ​​ដោយ​មាន​អ្នក​ទស្សនា​ចំនួន​ ៣ ​០០០ ​នាក់ ហើយ​កីឡាការិនី​ Gauff ​បាន​​និយាយ​ថា៖ «​ខ្ញុំ​នឹង​ចង​ចាំ​ថ្ងៃ​នេះ​ពេញ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​»​។

កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មាន​សប្ដាហ៍​ដ៏​អស្ចារ្យ​មួយ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ជួយ​ដល់​​អនាគត​របស់​ខ្ញុំ​»។​​

កីឡាការិនី Gauff បាន​បន្ថែម​ថា៖ «​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​នឹង​និយាយ​ថា ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់​ WTA ជា​លើក​ដំបូង​របស់​ខ្ញុំ​»។​

កីឡាការិនី​អាមេរិក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ការ​ប្រកួត​នេះ​ គឺ​ពិត​ជា​មិន​ស្ថិត​ក្នុង​កាល​វិភាគ​របស់​ខ្ញុំ​នោះ​ទេ​នៅ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​នេះ​ ​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មាន​ឱកាស​ដើម្បី​ទទួល​បាន​ពាន​រង្វាន់​និង​ធ្វើ​ជា​ម្ចាស់​ជើងឯក​វាយ​កូន​បាល់​ពិភព​លោក​ទៀត​​ផង​​»។​

កីឡាការិនី​ Gauff នឹង​ឡើង​ចំណាត់​ថ្នាក់​ពី​លេខ ​១១០ ​មក​នៅ​​លេខ ​៨០ ​វិញ ​ក្រោយ​ពី​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​វ័យ​ក្មេង​បំផុត​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ WTA តាំង​ពី​កីឡាការិនី​ Jennifer Capriati ធ្លាប់​បាន​បែប​នេះ​នៅ​ទីក្រុង​តូរ៉ុនតូ ​ប្រទេស ​កាណាដា ​នៅ​ឆ្នាំ ​១៩៩១។

ចំណែក​កីឡាការិនី​ Ostapenko បាន​និយាយ​ថា៖ «​អ្នក​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​នេះ​។ ​អ្នក​នឹង​មាន​អនាគត​ភ្លឺ​ស្វាង​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​លេង​ជាមួយ​អ្នក​នៅ​ថ្ងៃ​នេះ​»៕ AFP/SN