ក្រុងប៊ែរឡាំង៖ កីឡាករមានតម្លៃខ្លួនថ្លៃបំផុត ២ នាក់ ក្នុងពិភពលោកមិនអាចប្រកួតឈ្នះកីឡាករ Erling Braut Haaland ខណៈកីឡាករន័រវែសរូបនេះបានបន្តរះគួរឲ្យកត់សម្គាល់តាមរយៈការរកបានគ្រាប់បាល់ ២ គ្រាប់ ដើម្បីជួយឲ្យក្រុម Borussia Dortmund ឈ្នះក្រុម PSG ២-១ កាលពីរាត្រីថ្ងៃពុធ។
នៅពេលកីឡាករ Kylian Mbappeបានបញ្ជូនបាល់ឱ្យកីឡាករ Neymar ដើម្បីលុបចោលគ្រាប់បាល់បើកឆាករបស់កីឡាករ Haaland នៅតង់ទី ២ នៃការប្រកួត Champions Leagueវគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ នៅកីឡដ្ឋាន Signal Iduna Park នោះវាមើលទៅដូចជាក្រុម PSG នឹងចាកចេញពីប្រទេស អាល្លឺម៉ង់ ជាមួយក្ដីសង្ឃឹមក្នុងការលើកពាននេះអ៊ីចឹង។
ប៉ុន្តែក្រោយមកនៅនាទីទី ៧៧ កីឡាករ Haaland បានទទួលបាល់ពីកីឡាករ Giovanni និងបានស៊ុតបាល់ចេញពីគែមតំបន់គ្រោះថ្នាក់ដោយជើងឆ្វេងយ៉ាងលឿនទៅចូលក្នុងសំណាញ់ទីយ៉ាងល្អ ដើម្បីជួយឱ្យក្រុម Dortmund មានប្រៀបលើការត្រឡប់ទៅកាន់ទីក្រុងប៉ារីសវិញនៅថ្ងៃទី ១១ ខែមីនា។
ប្រហែលជាខ្សែប្រយុទ្ធទាំង ២ របស់ក្រុម PSG ដែលមានតម្លៃខ្លួនចំនួន ៤០២ លានអឺរ៉ូ ប្រហែល ៤៣៤ លានដុល្លារ នឹងអាចធ្វើការកែប្រែលទ្ធផលនេះ ដើម្បីផ្តល់ឱ្យក្លិបបារាំងមួយនេះនូវកៅអី ១ នៅវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។
ប៉ុន្តែក្រុម Dortmund សមនឹងទទួលបានជ័យជម្នះរបស់ពួកគេនៅរាត្រីនេះក្នុងការប្រកួតដែលពិតជាបានចាប់ផ្តើមអនុវត្តតាមទម្រង់លេងរបស់ខ្លួននៅក្នុងតង់ទី ២ ជាពេលដែលកីឡាករ Haaland រកបានគ្រាប់បាល់បើកឆាកនៅនាទីទី ៦៩ បន្ទាប់ពីកីឡាករ Thiago Silva បានរារាំងការស៊ុតរបស់កីឡាករ Raphael Guerreiro។
កីឡាករ Haaland បានប្រាប់ UEFA.com ក្រោយពីការប្រកួតនេះថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែអាចធ្វើបានល្អកាន់តែប្រសើរនៅកម្រិតនេះ ហើយខ្ញុំត្រូវតែលេងឲ្យបានប្រសើរជាងនេះថែមទៀត»។
កីឡាកររូបនេះបានបន្ថែមថា៖ «លទ្ធផលនេះពិតជាគ្រោះថ្នាក់ណាស់ព្រោះក្លិបទីក្រុងប៉ារីសនេះមានក្រុមខ្លាំងច្រើន ហើយអាចនឹងមានឱកាសឆ្លងផុតជើងវិលជុំនេះ»។
ទន្ទឹមនឹងនេះ កីឡាករក្រុម Dortmund បានកោតសរសើរយ៉ាងខ្លាំងចំពោះមិត្តរួមក្រុមរបស់ពួកគេដែលបានលេចធ្លោតាមរយៈការស៊ុតបាល់បញ្ចូលទីចំនួន ៩ គ្រាប់ សម្រាប់ក្រុមជម្រើសជាតិន័រវែសនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំកាលពីឆ្នាំមុន។
កីឡាករ Axel Witsel បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំង RMC Sport ថា៖ «គាត់នៅមានឱកាសច្រើនសម្រាប់បង្កើនសមត្ថភាពទៀត ប៉ុន្តែគាត់កំពុងស្ថិតនៅលើផ្លូវ ដើម្បីក្លាយជាកីឡាករឆ្នើមម្នាក់យ៉ាងពិតប្រាកដមួយនៅពេលអនាគត»។
ចំណែកកីឡាករ Emre Can ដែលខ្ចីជើងពីក្រុម Juventus បានប្រាប់ BT Sport ថា៖ «ជាការពិត គាត់ជាកីឡាករឆ្នើមម្នាក់ ហើយគាត់ក៏ជាមនុស្សល្អម្នាក់ផងដែរ។ គាត់ជាមនុស្សរីករាយម្នាក់ ហើយសង្ឃឹមថា គាត់នឹងបន្តបែបនោះទៀត»។
ការរកបានគ្រាប់បាល់ ៨ គ្រាប់ នៅក្នុងវគ្គនេះ គឺមិនគ្រប់គ្រាន់សម្រាប់ក្រុម Salzburg ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនោះទេ ប៉ុន្តែពួកគេបានជួយឲ្យរូបគេបានទៅលេងនៅក្លិប Dortmund ក្នុងតម្លៃខ្លួន ២០ លានអឺរ៉ូ ប្រហែលជាង ២១ លានដុល្លារ នៅរដូវត្រជាក់ឆ្នាំនេះ។
នៅរាត្រីនោះដែរ ក្រុម Liverpoo បានចាញ់ក្រុម Atletico Madrid ១-០ នៅក្រៅទឹកដី ប៉ុន្តែលោក Jurgen Klop បានប្រាប់ឲ្យលោក Diego Simeone ប្រយ័ត្នចំពោះការប្រកួតនៅលើទឹកដីរបស់ខ្លួនសម្រាប់ជើងទី ២ នៃក្របខ័ណ្ឌ Champions league៕ AFP/SN