អាល្លឺម៉ង់: ក្នុង​រយៈពេល​តិចជាង ២ សប្តាហ៍ ក្រោយពី​ជួប​ការ​ខកចិត្ត​ក្នុង​ការ​ប្រណាំង​រថយន្ត British Grand Prix កីឡាករ Lewis Hamilton នឹង​សម្លឹង​រក​ការ​បំបាក់​មុខ​ការ​វិល​ត្រឡប់​របស់ Sebastian Vettel ទៅ​លើ​ទឹកដី​ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ នៅ​ទីក្រុង Hockenheim ខណៈ​ដែល​អាល្លឺម៉ង់​រូប​នេះ បាន​ផ្តល់​ការ​ឈឺ​ចាប់​ដល់​រូប​គេ​នៅ​លើ​ទីលាន Silverstone។

ស្រប​ពេលដែល​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ពិភពលោក Formula One នឹងធ្វើ​ដំណើរ​ទៅ​កាន់​ពាក់​កណ្តាល​ផ្លូវ​នៃ​រដូវកាល​របស់​ខ្លួន ហើយ​ការ​ប្រជែង​នានា កាន់​តែ​ក្តៅ​គគុក Vettel ដែល​កំពុង​នាំមុខ​លើ​តារាង​ពិន្ទុ​រួម មាន​ឱកាស​មួយ​ក្នុង​ការ​ផ្តល់​ការ​រីករាយ​សម្រាប់​ក្រុម Ferrari ខណៈ​ដែល​ក្រុម Mercedes របស់ Hamilton នឹង​សម្លឹង​រក​ការ​ស្តារ​មុខ​មាត់​របស់​ពួកគេ​ត្រឡប់​មក​វិញ។

Vettel កំពុង​នាំមុខ​លើ Ha-milton ចំនួន ៨ ពិន្ទុ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​នៅលើ​ទឹកដី​អង់គ្លេស ហើយ​រូបគេ​នឹង​ស្រេក​ឃ្លាន​ជ័យជម្នះ​នៅ​ពី​មុខ​ក្រុម​គ្រួសារ មិត្តភក្តិ និង​អ្នក​គាំទ្រ​របស់​គេ ដើម្បី​ធានា​ថា រូបគេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​សម្រាក​នា​រដូវ​ក្តៅ​ជាមួយ​នឹង​ការ​មាន​ពិន្ទុ​នាំមុខ​ដាច់។

ជ័យជម្នះ​នោះ ក៏​នឹង​ផ្តល់នូវ​ការពេញចិត្ត​ផងដែរ​ដល់​លោក Maurizio Arrivabene ប្រធាន​ក្រុម Ferrari ដែល​ក្រោយ​ពី​ការ​ប្រណាំង​នៅ​អង់គ្លេស​បាន​ប្រកាស​ថា ក្រុម Mercedes គួរ​តែ​រង​នូវ​ការ​ធ្វើ​ឲ្យ​អាម៉ាស់​ទៅ​លើ​ការ​និយាយ​ទាក់​ទង​នឹង​ក្រុម Ferrari។

លោក James Allison ប្រធាន​បច្ចេកទេស​រប​ស់​ក្រុម Mercedes ត្រូវបាន​គេ​ដក​ស្រង់​សម្តី​ក្នុង​ពេល​និយាយ​ទាក់​ទង​នឹង​ការ​ជួប​ឧប្បត្តិ​ហេតុ​ក្នុង​ប្រទេស​បារាំង និង​អង់គ្លេស​ថា លោក​បាន​ឃើញ​រថយន្ត​របស់​ក្រុម Ferrari ប៉ះ​ទង្គិច​ជាមួយ​នឹង​រថយន្ត Mercedes ខណៈ​ដែល​ការ​លើក​ឡើង​នេះ អាច​ជា​ការ​ធ្វើ​ឡើង​ដោយ «ចេតនា ឬ​មិន​សម​ហេតុផល»។

ការប្រណាំង​រថយន្ត Formula One នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៨:១០ នាទី​យប់៕